ព័ត៌មានជាតិ
សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបប្រកាសថាផុតពូជពីដែនព្រៃធម្មជាតិ
បើតាមការគូសបញ្ជាក់ពីមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា សត្វព្រៃដែលបាត់វត្តមានចាប់ពី ៣០ ឆ្នាំ ទើបអាចប្រកាសជាផ្លូវការផុតពូជពីដែនជម្រកព្រៃធម្មជាតិ។
លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីគម្រោងស្តារសត្វខ្លាធំឡើងវិញក្នុងប្រទេសកម្ពុជាកាលពីម្សិលមិញនេះថា មានពូជសត្វព្រៃមួយចំនួនបានបាត់វត្តមានជាច្រើនឆ្នាំ តែក៏មិនទាន់អាចប្រកាសថាផុតពូជនោះដែរ។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
«ការប្រកាសទទួលស្គាល់សត្វណាមួយផុតពូជ ត្រូវបាត់វត្តមានជាមធ្យមចាប់ពី ៣០ ឆ្នាំឡើងទៅ»។ លោក ជា សំអាងបញ្ជាក់។
លោកលើកឡើងករណីសត្វរមាស ដែលត្រូវបានប្រកាសទទួលស្គាល់ថាបានផុតពូជពីប្រទេសកម្ពុជា។ ដោយឡែកសត្វគោព្រៃ ដែលក្រោយសង្រ្គាមទោះបីមិនអាចចាប់បានវត្តមាន តែក៏មិនទាន់អាចប្រកាសផុតពូជពីប្រទេសកម្ពុជានោះដែរ ដោយស្ថាប័នពាក់ព័ន្ធនិងមន្រ្តីជំនាញនៅបន្តតាមដាននិងស្រាវជ្រាវតទៅទៀត។
លោកថា សត្វព្រៃមួយចំនួនបានចល័តពីកន្លែងមួយទៅកន្លែងមួយដែលធ្វើឲ្យវត្តមានកាន់តែតិច និងដោយសារការគេចចេញពីមនុស្ស ហើយតាមលក្ខណៈបច្ចេកកទេសត្រូវការស្រាវជ្រាវបន្ថែម។

កាលពីឆ្នាំ ២០១៦ ប្រទេសកម្ពុជាក៏ប្រកាសពីការផុតពូជសត្វខ្លាធំពីដែនជម្រកព្រៃធម្មជាតិ។ យ៉ាងណាមិញ ដោយសារមានការសហការជាមួយរដ្ឋាភិបាលឥណ្ឌា ពូជសត្វកម្រនេះនឹងមានវត្តមានសាជាថ្មី តាមរយៈការអនុវត្តគម្រោងស្តារឡើងវិញសត្វខ្លាធំនៅប្រទេសកម្ពុជា។
តាមរយៈគម្រោងស្តារឡើងវិញសត្វខ្លាធំនៅប្រទេសកម្ពុជា រដ្ឋាភិបាលឥណ្ឌានឹងផ្តល់សត្វខ្លាធំចំនួន ៤ ក្បាល ដែលតាមមន្រ្តីរដ្ឋាភិបាលថានឹងដឹកមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខនេះ។
ការនាំសត្វខ្លាធំមកកាន់ដែនដីព្រៃប្រទេសកម្ពុជា គឺជាដំណើរដ៏វែងឆ្ងាយមួយដែលចំណាយពេលជាច្រើនឆ្នាំ។ នេះបើតាមមន្រ្តីក្រសួងបរិស្ថាន។
រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិអភិរក្សសត្វខ្លាធំនៃប្រទេសឥណ្ឌា វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការធ្វើការរួមគ្នាអនុវត្តគម្រោងស្តារសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជា។
ស្ថាបនិកនិងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កញ្ញា បណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត បានឲ្យដឹងថា ដើម្បីរួមគ្នាការពារខ្លាធំដែលមានវត្តមានសាជាថ្មីនៅក្នុងប្រទេសកម្ពុជា ស្ថាប័នពាក់ព័ន្ធត្រូវមានកិច្ចការងារជាច្រើនដែលត្រូវធ្វើបន្តទៀត។
បើតាមកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត សត្វខ្លាធំដែលនឹងត្រូវដឹកមកនៅជម្រកថ្មីនៅក្នុងដែនព្រៃធម្មជាតិប្រទេសកម្ពុជា នឹងត្រូវបានការពារយ៉ាងពិសេសដើម្បីធានាបានថាពួកវានឹងអាចបន្សាំការរស់នៅប្រកបដោយភាពសុខុដុមរមនា។
តំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជានឹងក្លាយជាផ្ទះថ្មីរបស់សត្វខ្លាធំទាំំង ៤ ក្បាល ដែលរដ្ឋាភិបាលឥណ្ឌាផ្តល់ដល់ប្រទេសកម្ពុជា។ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត បានបញ្ជាក់ថា ជួរភ្នំក្រវាញជាតំបន់មានព្រៃក្រាស់ហើយមានលក្ខណៈដូចជាតំបន់ទេសភាព ជាជម្រកសត្វខ្លាធំដែលមានសក្តានុពលអាចរស់នៅរហូតដល់ ១០០ ក្បាល បើធៀបទៅនឹងដង់ស៊ីតេស្រដៀងគ្នានៅក្នុងតំបន់ទេសភាពក្នុងបណ្តាប្រទេសអាស៊ី៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ