Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារសមាជិកនីតិបុគ្គល ជា អង្គការ សមាគមចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ២៤ ខែ​ឧសភា ឆ្នាំ ២០២៤ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ នៃ​ក្រុម​ការងារ​សមាជិក​នីតិ​បុគ្គល ដែល​ជា អង្គការ សមាគម​ចំណុះ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក នៅ​មជ្ឈមណ្ឌល​ម៉ានី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្ដម ហ៊ុន ម៉ានី បាន​សម្តែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ចំពោះ​សមាជិក សមាជិកា ដែល​បាន​មក​ចូលរួម​កិច្ចប្រជុំ​នា​ឱកាស​នោះ។ ឯកឧត្ដម បាន​មាន​ប្រសាសន៍​ថា របប​ប្រជុំ​បែបនេះ នឹង​បន្ត​នៅ​ថ្ងៃ​អនាគត​បន្ថែម​ទៀត ដើម្បី​តាមដាន​វឌ្ឍនភាព​ការងារ ស្តាប់​របាយការណ៍ បញ្ហា​ប្រឈម ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​រួមគ្នា របស់​ក្រុមការងារ​សមាជិក​នីតិ​បុគ្គល ដែល​ជា​អង្គការ សមាគម។

ឯកឧត្ដម ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបី​សមាជិក សមាជិកា ដែល​ចូលរួម​ទាំងអស់​គ្នា នា​ឱកាស​នោះ មាន​ភារកិច្ច​ផ្សេងគ្នា តួនាទី​ខុសគ្នា​ក្តី ការងារ​មមាញឹក​យ៉ាងណា ក៏​សមាជិក សមាជិកា នៅតែ​បន្ថែម​ពេលវេលា​ពី​ការងារ​ស្នូល ចូលរួម​ចំណែក​ជាមួយ​សង្គមជាតិ ក្រោម​ឆ័ត្រ​តែមួយ​របស់​ស.​ស​.​យ​.​ក ដែរ។

ក្រោយពី​ស្តាប់​របាយការណ៍​របស់ សមាជិក សមាជិកា អង្គប្រជុំ ឯកឧត្ដម បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា ដែល​សមាជិក សមាជិកា និង ថ្នាក់ដឹកនាំ​តាម​បណ្តា​ស្ថាប័ន​-​អង្គការ សមាគម​ទាំងអស់ សម្រេច​បាន​នា​ពេល​កន្លងមក ជាពិសេស ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​ចំណែក​ជា​សកម្មភាព ក៏ដូចជា​បេសកកម្ម​នានា ស្រប​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នា​ពេល​កន្លងមក។ ទន្ទឹម​នឹង​នោះ ឯកឧត្ដម បាន​គូស​បញ្ជាក់​ផង​ដែរ​ថា សមាជិក​នីតិបុគ្គល​នីមួយៗ សុទ្ធតែ​មាន​បទ​ពិសោធ​ ប្រវត្តិ និង​ភាគ​ជោគជ័យ​រៀងៗ ខ្លួន ដែល​នេះ​ជា​ធាតុ​ចូល និង​មេរៀន សម្រាប់​ក្រុមការងារ ក្នុង​ការ​ពិចារណា​យក​ទៅ​ប្រើប្រាស់​ស្របតាម​ទិសដៅ​ក្នុង​ការរៀបចំ​កម្មវិធី ស​.​ស​.​យ​.​ក។

សូម​បញ្ជាក់​ថា យោង​លក្ខន្តិកៈ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សមាជិកភាព​របស់ ស​.​ស​.​យ​.​ក រួម​បញ្ចូល​ផង​ដែរ​នូវ សមាជិក​ជា​នីតិបុគ្គល ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​យុវជន។ គិត​មកដល់​បច្ចុប្បន្ន ស.ស.​យ.ក មាន​សមាជិក​ជា​នីតិបុគ្គល ចំនួន ១៦ ដែល​ជា​អង្គការ សមាគម ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​បេសកកម្ម និង​ទស្សនវិស័យ​ស្រដៀង​នឹង ស.ស.​យ.ក គឺ​ការ​ចូលរួម​សកម្មភាព​ក្នុង​បុព្វហេតុ​សង្គមជាតិ និង​ប្រជាជន​។ ដោយឡែក​ពិធី​សំណេះសំណាល​នា​ឱកាស​នេះ មាន​គោលបំណង​បង្កើន​ភាព​ស្និទ្ធស្នាល និង​ការ​ចែករំលែក​បទ​ពិសោធ​ និង​រៀន​សូត្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម