ព័ត៌មានជាតិ
ខ្លាធំ ឬខ្លាដំបងផុតពូជពីប្រទេសកម្ពុជា ជាអំបូរសត្វមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា
កម្ពុជានឹងនាំយកសត្វខ្លាធំចំនួន ៤ក្បាល ពីប្រទេសឥណ្ឌានាពេលឆាប់ៗខាងមុខដើម្បីស្តារសត្វខ្លាធំឡើងវិញ ក្រោយសត្វដ៏កម្រនេះបានផុតពូជពីដែនជម្រកព្រៃធម្មជាតិក្នុងប្រទេសកម្ពុជា។

បើយោងតាមឯកសារក្រសួងបរិស្ថាន ខ្លាធំ ឬខ្លាដំបង ជាប្រភេទអំបូរសត្វដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំ ដោយសារវាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី មានឆ្នូតបង្កង់ពណ៌ក្រមៅ កាត់ទទឹងដងខ្លួន។ នៅផ្នែកខាងក្រោមចង្កា និងបំពង់កមានពណ៌ស ខណៈកន្ទុយមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ចំពោះលក្ខណៈជីវសាស្ត្រ គឺវាអាចរស់នៅក្នុងជម្រក គ្រប់ប្រភេទដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្ដៅថ្ងៃ។
នៅពេលថ្ងៃក្តៅខ្លាំង គឺវាចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក។ វាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក ហើយវាមិនឡើងដើមឈើទេ បើសិនមិនចាំបាច់។ ខ្លាធំអាចចាប់ចំណីបានចាប់ពីសត្វតូចរហូតដល់សត្វធំ និងអាចបង្កាត់ពូជបានគ្រប់រដូវ និងអាចបង្កើតកូនបានពី ១-៧ ក្បាល បន្ទាប់ពីពពោះរយៈពេលប្រហែល ១០០ ថ្ងៃ។ វាអាចមានអាយុរហូតដល់ ២៥ ឆ្នាំក្នុងធម្មជាតិ។
ក្រោមកិច្ចសហការរវាងរដ្ឋាភិបាលកម្ពុជា និងឥណ្ឌា សត្វខ្លាធំចំនួន ៤ ក្បាល ដែលមានឈ្មោលចំនួន ១ ក្បាល និងញីចំនួន ៣ ក្បាល គ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នៅអំឡុងចុងឆ្នាំ ២០២៤។ បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន ៤ ក្បាល ដែលនឹងមកដល់ រដ្ឋាភិបាលប្រទេសឥណ្ឌា នឹងបង្កើនការផ្ដល់ជូនដល់ ១១ ក្បាលបន្ថែម។

កញ្ញាបណ្ឌិត សុវណ្ណា ហ្គោឡែត បានបញ្ជាក់ថា សត្វខ្លាធំទាំង ៤ ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។
សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតរបស់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើកសត្វខ្លា ការតាមដានដំណើរសត្វខ្លា ពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបាន គឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិ ចំនួន៤១០គ្រឿង នៅឧទ្យានជាតិជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។
គម្រោងស្តារសត្វខ្លាធំ ឬ ខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈ រវាងប្រទេសទាំងពីរកាលពីខែវិច្ឆិកាឆ្នាំ ២០២២ ដើម្បីជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ សម្រាប់ការអភិរក្សសត្វខ្លាធំនៅកម្ពុជា។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជាបានឱ្យដឹងថា ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើងអំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។
យ៉ាងណាក្តីការប្រគល់ខ្លាមកកម្ពុជានេះ អាចពន្យាពេលយូរជាងនេះបន្ថែមទៀតក៏អាចថាបានអាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។
លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានបញ្ជាក់ថា ការនាំសត្វខ្លាធំមកកម្ពុជាគឺនឹងនាំមកនូវសារៈប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងនេះក្រៅពីស្តារសត្វព្រៃដែលបាត់បង់ហើយ នៅអាចជាផ្នែកមួយសំខាន់សម្រាប់បម្រើលើវិស័យទេសចរណ៍ សម្រាប់បង្កើនជីវភាពសហគមន៍មូលដ្ឋានថែមទៀត។
សម្រាប់គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជាកាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាធ្លាប់បានរកឃើញនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ ៩០ ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ