ព័ត៌មានជាតិ
កម្ពុជាមានកំពង់ផែតាមដងទន្លេសំខាន់ៗចំនួន ១៩ សម្រួលដឹកជញ្ជូនទំនិញតាមផ្លូវទឹក
កម្ពុជាមានអូរ ព្រែក ស្ទឹង ទន្លេហូរកាត់ខ្វាត់ខ្វែងដែលជាប្រភពនៃការដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់។ ផ្លូវទឹកដែលអាចធ្វើនាវាចរបានមានប្រវែង ១ ៧៥០ គីឡូម៉ែត្រ ក្នុងនោះទន្លេមេគង្គមានចំណែក ៣០% ទន្លេសាបនិងបឹងទន្លេសាបប្រហែល ១៥% ទន្លេបាសាក់ ៥% និងផ្លូវទឹកផ្សេងទៀតប្រហែល ៥០%។ ប៉ុន្តែនារដូវប្រាំងផ្លូវនាវាចរណ៍មានប្រវែងសរុបត្រឹមតែ ៥៨០ គីឡូម៉ែត្រ ដែលនេះបង្ហាញនូវភាពប្រែប្រួលដ៏គួរឱ្យកត់សម្គាល់។

រដ្ឋាភិបាលបានកំពុងជំរុញការអភិវឌ្ឍកំពង់ផែតាមដងទន្លេ ខណៈដែលការដឹកជញ្ជូនតាមផ្លូវទឹក មានសារសំខាន់ណាស់ ដោយមានភាពចំណេញច្រើន តាមរយៈការដឹកបានច្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយតម្លៃដឹកទំនិញ និងកាត់បន្ថយការខូចខាតផ្លូវថ្នល់ ចូលរួមជំរុញកំណើនសេដ្ឋកិច្ច។
ឯកសារផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជាបានបង្ហាញថា កម្ពុជាមានកំពង់ផែទន្លេសំខាន់ៗចំនួន ១៩ រួមមាន៖ (១) ផែរណបពហុបំណងទន្លេបិទ (UM2), (២) ផែក្រចេះ, (៣) ផែស្ទឹងត្រែង, (៤) ផែសៀមរាប, (៥) ផែបាត់ដំបង, (៦) ផែពោធិ៍សាត់, (៧) ផែកំពង់ឆ្នាំង, (៨) ផែពហុបំណង (TS3), (៩) ផែអ្នកដំណើរ និងទេសចរណ៍ (TS1), (១០) ផែរណបពហុបំណង (TS11) ស្ថិតនៅរាជធានីភ្នំពេញ, (១១) ផែកុងតឺន័រថ្មី LM17, (១២) ផែព្រែកអញ្ចាញ (UM1) នៅខេត្តកណ្តាល, (១៣) ផៃកោះរកា (LM26) នៅខេត្តព្រៃវែង, (១៤) ផែព្រែកក្ដាម, (១៥) ផែបឹងកេត, (១៦) ផៃអូស្មាច់, (១៧) ផែកំពង់លែង, (១៨) ផែមេគង្គ, និង (១៩) ផែសុវណ្ណភូមិ ព្រមទាំងចំណតផែទេសចរណ៍ និងចំណតផែប្រេងឧស្ម័នរបស់ក្រុមហ៊ុនឯកជនមួយចំនួនទៀត។

យ៉ាងណាមិញ ដោយសារការប្រែប្រួលនៃកម្ពស់ទឹកតាមរដូវ និងគន្លងផ្លូវខ្លះមិនអាចឱ្យនាវាចរាចរណ៍បានដោយរលូន ផ្លូវនាវាចរណ៍មួយភាគធំមិនអាចឱ្យនាវាចំណុះ ១ ០០០តោន ឆ្លងកាត់ពេញមួយឆ្នាំបានឡើយ។
ជាក់ស្ដែង គន្លងផ្លូវខ្លះនៃតំបន់បឹងទន្លេសាប និងទីតាំងភ្ជាប់ជាមួយទន្លេសាប (ចំណុចប្រសព្វរវាងខេត្តក្រចេះ និងស្ទឹងត្រែង) ព្រមទាំងគន្លងនៃទន្លេមេគង្គភ្ជាប់ទៅប្រទេស វៀតណាម ដែលជម្រៅទឹកមិនជ្រៅគ្រប់គ្រាន់ និងបង្កផលលំបាកដល់នាវាចំណុះធ្ងន់ឆ្លងកាត់។ បន្ថែមលើសពីនេះទៀត លក្ខខណ្ឌនាវាចរតាមព្រំដែនកម្ពុជា-ឡាវ មិនអំណោយផលដោយសារកម្ពស់ទឹកមានភាពខុសគ្នាខ្លាំង ដែលរារាំងដល់ការអភិវឌ្ឍការដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំងពីរ។
ប្រឈមនឹងកត្តាធម្មជាតិ បូករួមទាំងថ្លៃដឹកជញ្ជូនខ្ពស់និងសកម្មភាពដឹកជញ្ជូននៅតិច ការទាញយកអត្ថប្រយោជន៍ពីការដឹកជញ្ជូនតាមផ្លូវទឹកទន្លរបស់កម្ពុជាឱ្យអស់សក្តានុពល តម្រូវឱ្យមានការវិយោគបន្ថែមឱ្យបានច្រើន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

រដ្ឋាភិបាលកម្ពុជា ក៏ទើបប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពី «ការដឹកជញ្ជូនតាមផ្លូវទឹក»។ ច្បាប់នេះកំណត់អំពីការគ្រប់គ្រង និងការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងដើម្បីរក្សាសណ្តាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខនៃការដឹកជញ្ជូនតាមផ្លូវទឹកព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និងរួមចំណែកការពារបរិស្ថាន ព្រមទាំងផ្តល់កាលានុវត្តភាពវិនិយោគ និងការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ