ព័ត៌មានជាតិ
កម្ពុជានិង Alibaba នឹងចាប់ដៃគ្នាជំរុញនាំផលិតផលកម្ពុជាទៅលក់លើទីផ្សារអន្តរជាតិ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុន Alibaba បានប្រកាសនឹងសហការគ្នាក្នុងការបើកពន្លាជាតិកម្ពុជា ដែលជាការចាប់ផ្ដើមដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារចិន និងតភ្ជាប់ទៅទីផ្សារអន្តរជាតិផ្សេងៗទៀត។

ថ្លែងនៅក្នុងសិក្ខាសាលា «លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទីកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com» នៅព្រឹកមិញនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជាបានមើលឃើញ តាមរយៈកិច្ចសហការនេះនឹងជួយជំរុញកិត្តិនាមផលិតផលកម្ពុជាឲ្យកាន់តែមានភាពប្រកួតប្រជែង និងទទួលស្គាល់ពីគុណភាពស្តង់ដារពីអ្នកប្រើប្រាស់អន្តរជាតិ។
លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ដើម្បីដាក់លក់និងជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រុមហ៊ុន Alibaba ក្នុងការបើកពន្លាជាតិកម្ពុជានៅក្នុងផ្សារពាណិជ្ជកម្ម Alibaba.com នៅខែកញ្ញាខាងមុខ នៅក្នុងព្រឹត្តិការណ៍អមពិព័រណ៍ចិន-អាស៊ានលើកទី២១ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន និងក្នុងព្រឹត្តការណ៍ពិព័រណ៍ផ្សេងៗទៀត ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជាបន្ថែមទៀត។
ក្រសួងពាណិជ្ជកម្មបានធ្វើការសហប្រតិបត្តិការជាមួយជាមួយក្រុមហ៊ុន Alibaba ដោយបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលវេទិកា “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅទីក្រុងប៉េកាំង ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាការចាប់ផ្តើមនៃភាពជាដៃគូដ៏យុទ្ធសាស្ត្ររវាងប្រទេសកម្ពុជា និងក្រុមហ៊ុន Alibaba ដោយផ្តោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារចិន និងតភ្ជាប់ទៅទីផ្សារអន្តរជាតិផ្សេងៗទៀត។
បើតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចាប់តាំងពីការចាប់ផ្តើមនៃការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងឆ្នាំ ២០១៧ ដល់ ឆ្នាំ២០២២ ដោយមានការគាំទ្រពីអង្គការ UNCTAD កម្ពុជាក្លាយជាប្រទេសដែលមានការអនុវត្តខ្ពស់ជាងគេ ជាមួយនឹងអត្រានៃការអនុវត្ត ៩២% សម្រាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រសួងពាណិជ្ជកម្ម បានដាក់ចេញគម្រោងយុទ្ធសាស្ត្រថ្នាក់ជាតិមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (Go4eCAM) និងការបង្កើតផ្សារពាណិជ្ជកម្មខេមបូឌាត្រេដ (Cambodiatrade.com) ដើម្បីជំរុញការនាំចេញផលិតផលខ្មែរនិងផ្ដល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
លោកស្រី ចម និម្មល បានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មបានកំពុងធ្វើការយ៉ាងសកម្ម ក្នុងការអភិវឌ្ឍក្របខណ្ឌច្បាប់និងបញ្ញត្តិក្នុងស្រុកដូចជា៖ ច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង និងការចួលរួមក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការបើកច្រកទីផ្សារទៅកាន់ទីផ្សារអន្តរជាតិ។
កញ្ញា Jiali Pan នាយកផ្នែកកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មឌីជីថលតំណាងឲ្យក្រុមហ៊ុន Alibaba បានថ្លែងក្នុងសិក្ខាសាលានោះថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើនសម្រាប់ការនាំចេញ។ តាមរយៈកិច្ចសហការនេះអាចឲ្យកម្ពុជាទាញយកអត្ថប្រយោជន៍ជាអតិបរិមា ដើម្បីពងី្រកវិសាលភាពក្នុងការនាំចេញផលិតផលខ្មែរ ពង្រឹងលទ្ធភាពក្នុងការប្រកួតប្រជែង និងការធ្វើពិពិធកម្មសេដ្ឋកិច្ចទៅក្នុងទីផ្សារអន្តរជាតិ៕

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?