ព័ត៌មានជាតិ
ទូតចិន បញ្ជាក់ជូនសម្ដេចតេជោ ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី
អះអាងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន, លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ថា ស្ថានការណ៍ពិភពលោកប្រែប្រួល តែទំនាក់ទំនងកម្ពុជា និងចិន មិនប្រែប្រួលឡើយ។ លោកឯកអគ្គរដ្ឋទូត ចាត់ទុកថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1528-1024x683.png)
នៅក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ាង វិនធាង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សង្កត់ធ្ងន់ថា ចិន និងកម្ពុជា ជាមិត្តប្រពៃណី និងមិត្តដែកថែប ហើយលោក ពិតជាមានកិត្តិយសបំផុតក្នុងឆាកជីវិតរបស់លោក ដែលបានធ្វើជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា ដោយផ្តល់ឱកាសឱ្យចូលរួមលើកកម្ពស់ទំនាក់ទំនងចិន និងកម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។
លោក វ៉ាង វិនធាង បានសម្ដែងការពេញចិត្តដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំរបស់សម្តេចធិបតី ក្នុងនីតិកាលទី៧នេះ ដែលបាននាំមកនូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា។ ទន្ទឹមនេះ លោក ក៏បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាចដោយរលូន ដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងបានអបអរសាទរសម្តេចតេជោ ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1529-1024x1024.png)
លោកឯកអគ្គរដ្ឋទូតចិន ក៏បានបង្ហាញមោទកភាពដែលនៅឆ្នាំ២០១៩ ចិន និងកម្ពុជា បានចុះហត្ថលេខាមុនគេបង្អស់លើអនុស្សារណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។ លោកទូត ចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី។ បើតាមការគូសបញ្ជាក់របស់លោកទូត ចិន បានចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព និងបានប្តេជ្ញាសហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ និងច្រកឧស្សាហកម្ម និងបច្ចេកវិទ្យា ឱ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក។
លើសពីនេះ លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន និងកម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិនផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/05/image-1530-1024x683.png)
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន ដែលជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង បានរីកចម្រើនរហូតដល់កម្រិតដែលមិនអាចបំបែកបាន។ សម្ដេចតេជោ សង្កត់ធ្ងន់ថា ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងផ្នែកនយោបាយនៃប្រទេសទាំងពីរ។
សម្ដេចតេជោ បញ្ជាក់ថា ជំនួយរបស់ភាគីចិន មិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ សម្ដេចតេជោ បានបញ្ជាក់សាជាថ្មីថា ទោះមានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៅកម្ពុជាក៏ដោយ ក៏ពុំមានការផ្លាស់ប្ដូរគោលជំហរក្នុងទំនាក់ទំនងកម្ពុជាជាមួយចិននោះឡើយ ដោយកម្ពុជា នឹងរក្សាមិត្តភាពកម្ពុជា-ចិន ឱ្យស្ថិតស្ថេរជាអមតៈ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត