ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ បញ្ជាឱ្យចាប់ដៃជាមួយភាគីថៃ បង្ក្រាបការចរាចរណ៍គ្រឿងញៀនឆ្លងដែន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវចាប់ដៃជាមួយអាជ្ញាធរជាប់ព្រំដែនកម្ពុជាថៃ ទប់ស្កាត់ការចរាចរណ៍គ្រឿងញៀនទៅវិញទៅមក។ លោកឧបនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំស្តីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅបញ្ជាការដ្ឋានវរៈសេនានគរបាលការពារព្រំដែនគោក លេខ៨០៧ ក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៧ ខែឧសភា នេះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាឱ្យរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងស្រុកទាំង៥ រួមទាំងវរៈនគរបាលការពារព្រំដែនគោក ត្រូវបង្កើនការផ្លាស់ប្ដូរព័ត៌មានឱ្យបានលឿនរហ័ស និងជិតស្និទ្ធជាមួយភាគីថៃ ពិសេសលើការងារស្រាវជ្រាវស៊ើបអង្កេតនិងការផ្លាស់ប្ដូរបទពិសោធន៍ ពីព្រោះបញ្ហាគ្រឿងញៀនគឺសុទ្ធតែជាភារកិច្ចស្នូលដែលប្រទេសទាំងពីរមានគោលដៅរួមដូចគ្នា។ លោក ក៏បានផ្ដាំផ្ញើឱ្យបញ្ចូលរបៀបវារៈស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនទៅក្នុងកិច្ចសហប្រតិបត្តិការគ្រប់កម្រិតជាមួយអាជ្ញាធរថៃជាប់ព្រំដែនកម្ពុជា។
ក្រៅពីបញ្ជាឱ្យចាប់ដៃជាមួយភាគីថៃ នៅក្នុងក្របខណ្ឌផ្ទៃក្នុងខេត្តវិញ លោក ស សុខា បានបញ្ជាឱ្យបន្តយកចិត្តទុកដាក់ធានាឱ្យបានជាដាច់ខាតលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងចំណោមមន្រ្តី និងកម្លាំង ស្របតាមទិសស្លោកដឹកនាំ សម្អាតផ្ទះយើង របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា ដូចបានអនុវត្តតាំងពីដើមនីតិកាលទី៧មក មន្ត្រីក្រសួងមហាផ្ទៃ ទាំងរាជការសុីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ គឺត្រូវតែបណ្ដេញចេញពីក្របខ័ណ្ឌរដ្ឋ ដោយគ្មានការយោគយល់អ្វីទាំងអស់ ប្រសិនបើរកឃើញមានសាធាតុញៀន ឬពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

លោក ស សុខា បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ រួមទាំងស្នងការដ្ឋាននគរ បាលខេត្ត ចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះទីតាំងជួលទាំងឡាយណា ដែលមានលក្ខ ណៈអំណោយផលដល់ការប្រព្រឹត្តបទល្មើសលួចលាក់កែច្នៃគ្រឿងញៀន និងរៀបចំបណ្ដាញស៊ើបអង្កេតឈានទៅបង្ក្រាឱ្យអស់នូវខារ៉ាអូខេ ក្លិបកម្សាន្ត ព្រមទាំងបៀហ្គាដិន ដែលនិន្នាការចុងក្រោយនេះ កំពុងក្លាយជាគោលដៅនៃការបង្កប់ លួចលាក់ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ពាក់ព័ន្ធនឹងបញ្ហានេះ ប្រមុខក្រសួងមហាផ្ទៃ បានអះអាងថា មន្ត្រីឬជនទាំងឡាយណាដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿង ញៀន នឹងមានវាសនាមិនខុសពីផ្សែងដែលចេញពីក្រដាសខ្ចប់ភ្លើងនោះឡើយ។ ជាមួយគ្នានេះ លោក បានព្រមានចេញ ពីកិច្ចប្រជុំនេះទៅតែម្ដង ប្រសិនបើមានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែណាមួយត្រូវបានរកឃើញទោះដោយសម្ងាត់ឬជាចំហរក្ដីថាមានករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន ឬមានអ្នកជាប់ឃុំណាមួយអាចទៅពាក់ព័ន្ធដោយផ្ទាល់នឹង បទល្មើសនៅខាងក្រៅ រួមទាំងបទល្មើសគ្រឿងញៀន ដោយប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនោះនឹងទទួលខុសត្រូវមុនគេ ចំពោះបញ្ហាដែលបានកើតឡើង។

គួរឱ្យដឹងថា ផ្អែកតាមរបាយការណ៍របស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានឱ្យដឹងថា គិតចាប់ពីដើមឆ្នាំ ២០២៤មក កម្លាំងនគរបាលក្នុងខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីគ្រឿងញៀន សរុបចំនួន១៧៥លើក និងមានករណីទ្រង់ទ្រាយធំចំនួន៣ ខណៈកម្លាំងកងរាជអាវុធហត្ថខេត្ត បង្ក្រាបបានចំនួន៣៨លើក។ ប្រតិបត្តិការនោះ កម្លាំងចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបជាង២០០នាក់ និងគ្រឿងញៀនចម្រុះមួយចំនួនទៀត។
ដោយឡែកនៅក្នុងឆ្នាំ២០២៣ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន បានប្រមាណ ៣តោន ថយចុះជាង ៨០ ភាគរយ ធៀបនឹងឆ្នាំ២០២២ ដែលមានជាង ១៤តោន។
ក្រៅពីនេះ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច បានបង្ក្រាបបទល្មើសគ្រឿង ញៀន ចំនួន ៣ ៦២០ករណី ឃាត់ខ្លួន ៨ ៩២៥នាក់។ ចាប់តាំងពីដើមនីតិកាលទី៧ មក លោក ស សុខា បានកំណត់យកការងារអាទិភាពចំនួន៦ ក្នុងនោះដំបូងគេ ទី១. គឺការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងចុងក្រោយគេ ទី៦. គឺការពង្រឹងសន្តិសុខតាមបណ្ដាព្រំដែនគោក និងទឹក៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី