ព័ត៌មានជាតិ
នៅស្រុកឯកភ្នំ មុខរបរអ្នកដុតនំក្រឡានកើនដល់ ៤ ភូមិ
អ្នកស្រុក ឯកភ្នំ នៃខេត្តបាត់ដំបង នៅបន្តមុខរបរដុតនំក្រឡាន ជាមុខរបរបែបប្រពៃណីបន្តវេនពីដូនតា រហូតដល់មានការគាំទ្រពីអតិថិជនក្នុងស្រុកអំពីរសជាតិរហូតដល់សព្ទថ្ងៃ។ បន្ថែមពីនេះទីតាំងសម្រាប់ដុតនិងលក់នំក្រឡាន ក៏ក្លាយជាគោលដៅទេសចររបស់ជនបរទេសមកទស្សនាកម្សាន្ត និងស្វែងយល់ពីនំប្រភេទនេះនិងរសជាតិផងដែរ។
បើតាមអាជ្ញាធរមូលដ្ឋាននៅឃុំសំរោងក្នុង បច្ចុប្បន្នប្រជាពលរដ្ឋដែលប្រកបរបរបដុតក្រឡានលក់ បានកើនឡើងដល់ទៅជាង ១០ គ្រួសារក្នុងភូមិចំនួន៤ នៃឃុំសំរោងក្នង ដែលមានទីតាំងលក់នៅតាមដងផ្លូវជាប់របងវត្តសំរោងក្នុង ដែលជាវត្តវ័យចំណាស់មួយពោរពេញទៅដោយប្រវត្តិជួរចត់ក្នុងរបបពិឃាតដែលបានបន្សល់នូវវត្ថុតាងជាប្រវត្តិសាស្ត្រជាច្រើនសម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅស្រុកមកទស្សនាស្វែងយល់មិនដែលដាច់។

បន្ទាប់ពីភ្ញៀវទេសចរចេញពីវត្តវិញ តែងមកទស្សនាកន្លែងដុតនិងលក់នំក្រឡាន ក្នុងនោះក៏បានទិញបរិភោគនិងមានផ្ញើដល់ក្រុមគ្រួសារផងដែរ។ ការកើនឡើងចំនួនអ្នកប្រកបរបរនេះ រហូតដល់ជាង ១០ គ្រួសារនោះ គឺនៅក្នុងភូមិចំនួន៤ ក្នុងឃុំសំរោងក្នុង ក្នុងនោះមាន ភូមិសំរោងក្នុង ភូមិសំរោងស្នោរ ភូមិសំរោងអូរទ្រា និងភូមិរោងតាកុក។
បើតាមប្រជាពលរដ្ឋ ប្រកបមុខរបរដុតនំក្រឡាននេះ បានលើកឡើងអំពីសកម្មភាពផលិតនំក្រឡានប្រហាក់ប្រហែលគ្នាថា មុននឹងបានលក់ឲ្យអតិថិជន គឺវាមិនងាយស្រួលដូចរបរផ្សេងៗនោះទេ គឺចាប់ផ្តើមងើបពីម៉ោង ២ ទាបភ្លឺ ទើបធ្វើលក់បានទាន់នៅពេលព្រឹកព្រលឹម ហើយក្រឡានក៏នៅក្តៅៗផងដែរ។
បើទោះបីជួបការលំបាកខ្លះ ពលរដ្ឋបានអះអាងថា មុខរបរនេះក៏អាចទ្រទ្រង់លើជីវភាពគ្រួសាររបានប្រសើរដែរ ហើយការដុតក្រឡាននេះក៏ត្រូវយកមកដុតនៅទីតាំងលក់តែម្តង គឺនៅតាមផ្លូវជាប់របង វត្តពោធិ៍ក្នុង មិនដុតនៅជិតផ្ទះអ្នកភូមិទេ កុំឲ្យហុយផ្សែងដល់ផ្ទះអ្នកភូមិ ហើយម្យ៉ាងទៀតបានលក់ឲ្យអតិថិជនទាន់នៅក្តៅៗដែរ។


កំពុងអង្គុយសកសំបកក្រឡាន ដែលបានដុតឆ្អិនហើយនោះ លោកស្រី “ចាន់” បានប្រាប់ថា ជារៀងរាល់ថ្ងៃលោកស្រីបានក្រោកពីដំណេកនៅម៉ោង ២ ទាបភ្លឺ ដែលអ្នកស្រុកគេកំពុងលង់លក់ ដើម្បីលាយរបាយសម្រាប់ដាក់ក្នុងបំពង់ឫស្សីដុត ខណះស្វាមីលោកស្រីក៏ចាប់ផ្តើម កាត់ដើមឫស្សីធ្វើបំពង់នៅម៉ោង ៣ ទាបភ្លឺផងដែរ។
លោកស្រីបន្តថា ការលាយល្បាយ គឺត្រូវប្រើអង្ករដំណើបចន្លោះពី ៦ ទៅ ៧ គីឡូក្រាម លាយជាមួយល្បាយផ្សេងទៀត ប្រហាក់ប្រហែលនិងនំអន្សមចេកដែរ សម្រាប់លក់ក្នុង ១ ថ្ងៃ ដោយចំណាយដើមសរុបប្រហែល ១៤ ម៉ឺនរៀល ហើយលក់អស់អាចចំណេញបាន ៤ ម៉ឺនរៀលក្នុង ១ ថ្ងៃ។ ចំណែកអ្នកលក់ម្នាក់ទៀតគឺអ្នកស្រី សុផា បានឲ្យដឹងដែរថា នំក្រឡានមានតែភ្ញៀវក្នុងស្រុកប៉ុណ្ណោះដែលទិញបរិភោគ បើសម្រាប់ភ្ញៀវបរទេសបានត្រឹមមកមើល ព្រោះជនបរទេសមិនចូលចិត្តបរិភោគដូចខ្មែរទេ។
អ្នកស្រីបន្តថា “ជនបរទេសអត់ដូចខ្មែរយើងទេ ពេលខ្លះពួកគេទិញក្រឡានតែ ១ សម្រាប់ភ្លក់រសជាតិ រហូតគ្នា ១០ នាក់។ ជនបរទេសមិនចូលចិត្តបរិភោគដូចខ្មែរយើងទេ បើខ្មែរយើង អ្នកខ្លះគឺមកទិញបរិភោគរាល់ថ្ងៃ។ សម្រាប់ខ្ញុំ១ថ្ងៃបានចំណេញពី៣ទៅ ៤ មុឺនរៀលដែរក្នុងមួយថ្ងៃ យើងឆ្លៀតធ្វើទៅបើនៅទំនេរ ក៏វាគ្មានប្រយោជន៍ដែរ ខ្ញុំធ្វើយូរឆ្នាំដែរហើយ”។

អតិថិជនដែលជាប់ចិត្តនិងរសជាតិនំក្រឡានស្ទើរមិនលោះថ្ងៃ គឺអ្នកស្រី “ស្រីអូន” និងអ្នកស្រី”និច” បានឲ្យដឹងដូចៗគ្នាថា “ពួកខ្ញុំចូលចិត្តបរិភោគរាល់ថ្ងៃ ព្រោះព្រឹកព្រលឹមវានៅក្តៅៗ ហើយក្រឡាននៅទីនេះឆ្ងាញ់ ព្រោះពួកគាត់ប្រើប្រាស់ខ្ទិះ ដូងច្រើនបង្កើនរសជាតិឆ្ងុយឆ្ងាញ់ជាងអ្នកលក់តាមបេនឡានឆ្ងាយណាស់ ហើយតម្លៃចន្លោះពី ៤ ពាន់រៀល ទៅ១ពាន់រៀល ទៅតាមទំហ៊ំបំពង់ឫស្សី។ ម្យ៉ាងទៀតក៏វាអាចជំនួសការបរិភោគបាយបានខ្លះដែរ ហើយតម្លៃទៅតាមតម្រូវការរបស់យើង”៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?