ព័ត៌មានជាតិ
មេទ័ពកម្ពុជា-ចិន៖ សមយុទ្ធយោធារួមគ្នាឆ្នាំនេះ ជាសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ
មេបញ្ជាការរងតំបន់ភូមិភាគខាងត្បូងនៃកងទ័ពចិន ចាត់ទុកសមយុទ្ធនាគមាស ឆ្នាំ២០២៤ ជាសមិទ្ធផលថ្មីនៃការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ កម្ពុជា និងចិន ខណៈសមយុទ្ធយោធារួមគ្នាឆ្នាំនេះមានកម្រិតខ្ពស់ជាងបណ្ដាឆ្នាំមុនៗ។

លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង មេបញ្ជាការរង និងជានាយសេនាធិការតំបន់ភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន គូសបញ្ជាក់ថា តំបន់ភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិន នឹងពួតដៃជាមួយអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរឱ្យកាន់តែស៊ីជម្រៅ បម្រើដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរថែមទៀត។
បើតាមការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការរងរូបនេះ តំបន់ភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន គឺជាស្ថាប័នយោធាកំពូលតែមួយគត់ដែលបានទទួលខុសត្រូវក្នុងការដឹកនាំបញ្ជាប្រយុទ្ធ ហើយចាប់តាំងពីថ្ងៃបង្កើតអង្គភាពនេះ បានរៀបចំទំនាក់ទំនងមិត្តភាពជាមួយកងយោធពលខេមរភូមិន្ទក្នុងការផ្លាស់ប្ដូរគណៈប្រតិភូ ការរៀបចំធ្វើសមយុទ្ធ និងការផ្លាស់ប្តូរនាយទាហានវ័យក្មេង ដែលទទួលបានសមិទ្ធផលជាច្រើន។

ការលើកឡើងខាងលើពីសំណាក់មន្ត្រីជាន់ខ្ពស់នៃកងទ័ពចិន គឺក្នុងឱកាសដែលលោកចូលជួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី២៧ ឧសភា ឆ្នាំ ២០២៤។ ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន និងលោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានលើកឡើងថា សមយុទ្ធនាគមាសឆ្នាំ២០២៤ មានកម្រិតខ្ពស់ជាងបណ្តាឆ្នាំមុនៗ។
ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង បានថ្លែងអំណរគុណដល់កម្ពុជា ជាពិសេសលោកអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទដែលបានយកចិត្តទុកដាក់ទទួលស្និទ្ធស្នាលដល់កងទ័ពរំដោះប្រជាជនចិន ប្រៀបបីដូចបងប្អូន ដោយលោកសង្ឃឹមថា ទៅបណ្ដាឆ្នាំខាងមុខ សមយុទ្ធនេះនឹងទទួលបានជោគជ័យផ្លែផ្កាបន្ថែមទៀត។

ជាកិច្ចឆ្លើយតប លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន ថ្លែងការស្វាគមន៍ដល់ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដែលបានមកចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៤ នៅកម្ពុជានាពេលនេះ ដោយចាត់ទុកដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹង និងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងកងទ័ពប្រទេសទាំងពីរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់កងទ័ពរំដោះប្រជាជនចិន និងបានគាំទ្រចំពោះការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ចេរ ជៀនឈឹង ដោយបានបញ្ជាក់ថា ការធ្វើសមយុទ្ធឆ្នាំនេះមានលក្ខណៈស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ដោយសង្ឃឹមជឿជាក់ថា សមយុទ្ធទ្វេភាគីរវាង កម្ពុជា-ចិន និងបន្តលើកកម្ពស់ពង្រឹងពង្រីកបន្ថែមទៀត។

ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ លោកនាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានស្នើដល់ភាគីចិនបន្តការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរព័ត៌មានចារកិច្ចឱ្យកាន់ តែធំទូលាយ និងទាន់ពេលវេលា ក្នុងទិសដៅប្រឆាំងក្រុមជ្រុលនិយម ទប់ស្កាត់បដិវត្តន៍ពណ៌ និងទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗ៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ