ព័ត៌មានជាតិ
ព្រះពុទ្ធប្បដិមាខ្ពស់បំផុតលើកំពូលភ្នំបូកគោ សាងសង់សម្រេចបានជាង ៣០ ភាគរយ
គម្រោងសាងសង់ព្រះពុទ្ធប្បដិមាដែលមានកម្ពស់រហូតដល់ ១០៨ ម៉ែត្រ នៅលើកំពូលភ្នំបូកគោ វឌ្ឍនភាពគិតមកដល់ពេលនេះសម្រេចបានជាង ៣០ ភាគរយ។

លោក ប្រិញ សាវុធ ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុនសុខាអូតែលតំណាងឲ្យឧកញ៉ា សុខ ចន្ធី បានឲ្យដឹងថា ការសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍នេះ បានចាប់ផ្តើមនៅខែមករា ឆ្នាំ ២០២៣ រហូតដល់ពេលនេះសម្រេចបានជាង ៣០% ខណៈគម្រោងទាំងមូលគ្រោងបញ្ចប់ក្នុងរយៈពេល ៤ ទៅ ៥ ឆ្នាំ។
ក្រុមហ៊ុន សុខា អូតែល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ នៅលើខ្នងភ្នំបូកគោ។ គម្រោងមានការសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ គង់នៅលើខឿនអមដោយព្រះពុទ្ធរូបចំនួន ១២ អង្គគង់ក្នុងបុស្បុក និង ក្រៅពីនេះមានព្រះពុទ្ធរូបតូចៗកម្ពស់ ០.៣១ ម៉ែត្រចំនួន ៨ ម៉ឺន ៤ ពាន់អង្គទៀត ដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿនក្រោមព្រះពុទ្ធប្បដិមាអង្គធំ ដែលគ្រោងចំណាយថវិកាប្រមាណ ៦០ លានដុល្លារអាមេរិក។
លោក ប្រិញ សាវុធ បន្តថា សប្បុរសជនដែលមានសទ្ធាជ្រះថ្លាចង់ភ្ជាប់និស្ស័យក្នុងការកសាងព្រះពុទ្ធប្បដិមាខាងលើនេះ អាចចូលរួមជាបច្ច័យតាមសទ្ធារៀងៗខ្លួន ឬអាចជាវព្រះពុទ្ធរូបអង្គតូចៗ ដើម្បីដាក់តម្កល់នៅតាមជញ្ជាំងខាងក្នុងខឿន ដែលអាចចារឹកឈ្មោះសប្បុរសជនផ្ទាល់ ឬ ឈ្មោះអ្នកមានគុណនៅខាងមុខបល្ល័ង្កព្រះអង្គ។
បើតាមលោក ប្រិញ សាវុធ ការរៀបចំសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់នេះ ក៏ទទួលបានការចូលរួមពីពុទ្ធសាសនិកពីប្រទេសមួយចំនួនដូចជា ជប៉ុន ថៃ វៀតណាម តាមរយៈការជាវព្រះអង្គតូចៗសម្រាប់ដាក់តម្កល់នៅក្រោមខឿនព្រះអង្គធំកម្ពស់ ១០៨ ម៉ែត្រ។


ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រដ៏ស្កឹមស្កៃនៅលើខ្នងភ្នំបូកគោ សាងសង់នៅលើផ្ទៃដីទំហំជិត ១០០ ហិកតា ដែលគ្រោងរៀបចំជាមជ្ឍមណ្ឌលព្រះពុទ្ធសាសនា ដែលរៀបរាប់ពីដំណើរប្រវត្តិរបស់ព្រះពុទ្ធតាំងពីចាប់បដិសន្ធិ ត្រាស់ដឹង រហូតដល់ចូលបរិនិព្វាន។
តាមរយៈគម្រោងសាងសង់ព្រះពុទ្ធបដិមាដ៏ខ្ពស់បំផុតនេះ លោក ប្រិញ សាវុធ អះអាងថា ក៏នឹងជួយលើកស្ទួយវិស័យទេសចរសាសនាក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសជិតខាងមួយចំនួនដូចជាថៃ និងភូមា បានយកទីអារាមនិងទីសក្ការៈបូជាជាផ្នែកជួយទ្រទ្រង់ទាក់ទាញអ្នកទេសចរមកកម្សាន្ត។

ក្នុងចំណោមកម្មករជាង ១០០ នាក់ នៅការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមានលើភ្នំបូកគោ លោក ភក្តី ដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង ក៏បង្ហាញមោទនភាពដែលបានចូលរួមចំណែកក្នុងគម្រោងសាងសង់សំណង់ព្រះពុទ្ធរូបដ៏ធំនេះ។
បុរសវ័យជាង ៤០ ឆ្នាំរូបនេះមើលឃើញថា នៅថ្ងៃខាងមុខព្រះពុទ្ធរូបដ៏ធំស្កឹមស្កៃនេះសាងសង់រួចរាល់ នឹងក្លាយជាទីគោរពបូជាដ៏ធំបំផុតនៅប្រទេសកម្ពុជា និងអាចទាក់ទាញពលរដ្ឋគ្រប់ទិសទីមកទស្សនា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ