ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើ IAEA ជួយពង្រឹងសមត្ថភាពព្យាបាលជំងឺមហារីកនៅកម្ពុជា
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាល បានស្នើ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ជួយពង្រឹង និងពង្រីកសមត្ថភាពស្រាវជ្រាវធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺមហារីកជូនប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

នៅក្នុងជួបប្រជុំ និងពិភាក្សាការងារទ្វេភាគី ជាមួយ លោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នាពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ នៅក្រៅមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ នៅប្រទេសស្វីស លោករដ្ឋមន្ត្រី បានស្នើសុំឱ្យ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ពិនិត្យ និងសម្រេចអនុម័តលើគម្រោងនានា ដែលក្រសួងសុខាភិបាលកម្ពុជា គ្រោងនឹងដាក់ស្នើទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ នាពេលឆាប់ៗខាងមុខនេះ និងបានអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ តាមរយៈទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ជួយគាំទ្រក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ និងដំណើរការ មន្ទីរពេទ្យហ្លួងម៉ែ ដែលជាមន្ទីរពេទ្យជាតិឯកទេសផ្នែកជំងឺមហារីក ឱ្យមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចបណ្តាប្រទេសជឿនលឿននានា។

សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ ដែលបានយកចិត្តទុកដាក់ជួយកម្ពុជា ពង្រឹងសមត្ថភាពកាន់តែប្រសើរឡើងក្នុងការព្យាបាលជំងឺមហារីក និងនុយក្លេអ៊ែរផ្នែកវេជ្ជសាស្ត្រ ព្រមទាំងបានចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលជាតិជំងឺមហារីកដែលត្រូវបានសម្ពោធ កាលពីខែមករា ឆ្នាំ២០១៨ កន្លងទៅ នៅមន្ទីរពេទ្យកាល់ម៉ែត។

លោកស្រីវេជ្ជបណ្ឌិត Lisa Stevens នាយិកាកម្មវិធីមហារីក នៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស របស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអញ្ជើញមកធ្វើការសិក្សាឈ្វេងយល់ និងផ្តល់ជូនការវាយតម្លៃអំពីសមត្ថភាពទាំងមធ្យោបាយ និងធនធានមនុស្ស និងសមត្ថភាព នៃការគ្រប់គ្រងជំងឺមហារីកនៅកម្ពុជាលើកទី២ កាលពីអំឡុងខែមីនា ឆ្នាំ២០២៣ ស្របពេលដែលវិស័យសុខាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសេវាសុខាភិបាលផ្នែកបង្ការ និងព្យាបាលជំងឺមហារីក ដែលកំពុងតែមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលចុងក្រោយនេះ៕



-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង