ព័ត៌មានជាតិ
លោក ស សុខា ណែនាំក្រុមការងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះក្នុងទន្លេ និងសមុទ្រ បន្តស្រាវជ្រាវទីតាំងថ្មីៗទៀត
ក្រោយបោសសម្អាតដោយជោគជ័យនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំក្រុមការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ បន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត។

លោក ស សុខា ណែនាំបែបនេះកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សា និងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ និងសម្តែងនូវការកោតសរសើរក្រុមការងារ ជាពិសេសកងកម្លាំងប្រតិបត្តិការផ្ទាល់ ដែលមានកងកម្លាំងនៃអង្គភាពអិនភីម៉ិច អង្គភាពស៊ីម៉ាក់ បញ្ជាការដ្ឋានទ័ពពិសេស៩១១ កងកម្លាំងនគរបាលជាតិ ដែលលះបង់កម្លាំងកាយ កម្លាំងចិត្ត ពុះពារគ្រប់ឧបសគ្គ ចុះមុជទឹកក្នុងបាតទន្លេ ដើម្បីរាវរកគ្រាប់ និងបីគ្រាប់ឡើងពីបាតទន្លេ ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

យោងតាមរបាយការណ៍ ក្រុមការងារបានសិក្សាស្រាវជ្រាវនូវទីតាំងនាវាដឹកគ្រាប់ដែលលិចតាមដងទន្លេមេគង្គ តាមដងទន្លេនានា និងក្នុងសមុទ្រជាច្រើនទីតាំង ក្នុងនោះបានបញ្ចប់ដោយជោគជ័យនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទបានចំនួន ១០៩.១០៤គ្រាប់ ស្មើនឹង ១៦តោន នាវាចម្បាំង១គ្រឿង និងវត្ថុតាងមួយចំនួនទៀត។
ក្រុមការងារក៏បាននិងកំពុងបន្តប្រតិបត្តិការនៅទីតាំងឃុំកោះចេក ស្រុមពាមជរ ចាប់ពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន នៅទីតាំងក្នុងឃុំកោះរការ ស្រុកពាមជរ ខេត្តព្រៃវែង និងឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ដោយរុករកឃើញ និងស្រង់គ្រាប់យុទ្ធភណ្ឌចំនួន២៣.៧២២គ្រាប់ ស្មើនឹង២០២,៥៩តោន បំណែកដែកនាវា ព្រមទាំងអំបែងយុទ្ធភណ្ឌសង្គ្រាមទម្ងន់ ២៥,៤៩តោន។

ក្នុងកិច្ចប្រជុំនេះ លោក ស សុខា ក៏បានបញ្ជាក់ពីការត្រៀមដឹកនាំប្រតិភូអន្តក្រសួង ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្ដែងដែលកំពុងប្រតិបត្តិការនាពេលខាងមុខ និងបានណែនាំក្រុមការងារបន្តយកចិត្តទុកដាក់ស្រាវជ្រាវទីតាំងថ្មីៗបន្ថែមទៀត ព្រមទាំងបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំចំពោះសុវត្ថិភាពក្រុមប្រតិបត្តិការ ទាំងការស្រង់ប្រមូលមកលើគោក ការដឹកជញ្ជូន និងការសម្អាត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ