Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់ទូតអង់គ្លេស ថា បញ្ហាសមុទ្រចិនខាងត្បូងបច្ចុប្បន្ន មិនក្ដៅដូចកាលកម្ពុជាធ្វើប្រធានអាស៊ានទេ

បានផុស

នៅ

ប្រាប់ទៅកាន់ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថា បញ្ហានៅតំបន់សមុទ្រចិនខាងត្បូងបច្ចុប្បន្ន មិនក្ដៅដូចឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ពេលនោះកម្ពុជា គ្រោងនឹងធ្វើឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចទៅបានឡើយ។ សម្ដេចតេជោ ប្រាប់លោកឯកអគ្គរាជទូតអង់គ្លេស ថា៖«បញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ។ ដូច្នេះ ប្រទេសដែលពាក់ព័ន្ធក្នុងបញ្ហានេះ ត្រូវតែធ្វើការសម្របសម្រួលគ្នាដោយសន្តិវិធី»

តាមរយៈជំនួបនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ជាមួយលោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា នាវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ភាគីទាំងអស់នៅក្នុងជម្លោះសមុទ្រចិនខាងត្បូងត្រូវគោរព DOC ឱ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា។

បន្ថែមពីលើបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចតេជោ ហ៊ុន សែន និងលោកឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាគ្នាផងដែរអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដំណោះស្រាយ និងវិបត្តិនៅរុស្ស៊ី-អ៊ុយក្រែន សភាពការណ៍នៅមជ្ឈឹមបូព៌ា។ សម្ដេចតេជោ បានបង្ហាញក្ដីកង្វល់អំពីយុទ្ធសាស្ត្រដ៏សំបូរបែបពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលក្នុងនោះ សម្ដេចតេជោ បានលើកឡើងពីយុទ្ធសាស្ត្ររបស់ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។

តែទោះជាយ៉ាងនេះក៏ដោយ សម្ដេចតេជោ បានបញ្ជាក់ប្រាប់លោកទូតអង់គ្លេស ថា កម្ពុជាមានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ ហើយត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ សម្ដេចតេជោ ក៏បានអរគុណចំពោះដៃគូរបស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម