ព័ត៌មានជាតិ
ទើបតែបើកការដ្ឋាន ស្ពានឆ្លងកាត់ទន្លេបាសាក់នៅព្រែកប្រា សាងសង់សម្រេចបានជាង ១០ ភាគរយ
ក្រោយប្រកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) វឌ្ឍនភាពមកដល់ពេលនេះសម្រេចបានប្រមាណ ១០%។

ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានចំណុចចាប់ផ្ដើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្រៅពីសាងសង់ស្ពាន ក្នុងគម្រោងមានការសិក្សាបន្ថែមលើការបង្កើតផ្លូវមួយខ្សែថ្មីតភ្ជាប់ពីគល់ស្ពានទៅផ្លូវជាតិលេខ ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ១។
ខណៈដឹកនាំមន្ត្រីជំនាញ និងតំណាងក្រសួងពាក់ព័ន្ធចុះពិនិត្យទីតាំងគម្រោងផ្លូវនិងស្ពានឆ្លងកាត់ទន្លេបាសាក់ ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នារសៀលនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នៅពេលស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់រួច រួមទាំងការស្ថាបនាបើកផ្លូវថ្មីកាត់តាមបុរី ប៉េង ហួត បឹងស្នោរ នឹងអាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១។
លោកឃួន ស្រេង បានអះអាងថា ខណៈស្ពានកោះនរាដែលស្ថាបនានិងបានសម្ពោធដាក់ឲ្យប្រើប្រាស់ អាចដោះស្រាយការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ បានប្រមាណ ៣០ ភាគរយ ដោយឡែកស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) រួមទាំំងការសិក្សាបើកផ្លូវថ្មីពីផ្លូវជាតិលេខ ១ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) តភ្ជាប់ទៅផ្លូវ ៦០ ម៉ែត្រក្នុងខណ្ឌមានជ័យ និងបន្តឆ្ពោះទៅផ្លូវ ២១៧ (ផ្លូវចំការដូង) នឹងជួយរំដោះការកកស្ទះចរាចរណ៍លើកំណាត់ផ្លូវជាតិមួយ ១ បានកាន់តែល្អមួយកម្រិតថែមទៀត។

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ការសាងសង់ផ្លូវតភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) មានផលប៉ះពាក់ដីប្រជាពលរដ្ឋមួយចំនួន តែក្រុមការងារកំពុងខិតខំដោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឲ្យគម្រោងទទួលបានជោគជ័យ ដើម្បីដោះស្រាយបាននូវការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ១។
ស្ពានចាក់អង្រែ ក្រោម-ព្រែកប្រា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយចាយថវិកាប្រមាណ ៦០ លានដុល្លារអាមេរិក និង ប្រើរយៈពេលសាងសង់ ៤២ ខែ ដោយឥណទានសម្បទានពីប្រទេសចិន។
ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ)។ វឌ្ឍនភាពសាងសង់សម្រេចបានជាង ១០% ដោយបច្ចុប្បន្នបានចាក់បេតុងសសរគ្រឹះចំនួន ២៤ ដើម រួចរាល់ ១០០% និងកំពុងបន្តរៀបចំដំឡើងពុម្ពជើងតាង ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង