ព័ត៌មានជាតិ
លោក ស សុខា៖ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកុមារ
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងផ្តោតការយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ។ លោក បានលើកឡើងបែបនេះ ក្នុងពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។

ពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទការវិនិយោគលើកុមារ សំដៅបង្កើនមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល និងខួបលើកទី២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា ក្រោមប្រធានបទ រួមគ្នាអនុវត្តការប្តេជ្ញាចិត្តដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ។ លោក ស សុខា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចាត់ទុកពិធីនេះ ជាការបង្ហាញថាកម្ពុជា បាននឹងកំពុងចូលរួមជាមួយនឹងបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗ បាននឹងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាពនិងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ។ ក្នុងនោះដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។ លោកថា កុមារ គឺជាទំពាំស្នងឫស្សី កុមារ គឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ បើពិនិត្យតាមលក្ខខណ្ឌធម្មជាតិ ទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬក៏មិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ បើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។
ក្នុងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី លោក ស សុខា ក៏បានផ្ដល់អនុសាសន៍មួយចំនួនទៅកាន់ភាគីពាក់ព័ន្ធ និងអង្គពិធីទាំងមូល ក្នុងនោះសម្រាប់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល លើការអនុវត្តអនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកិច្ចការពារកុមារ ប្រកបដោយប្រសិទ្ធភាព៕





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ