ព័ត៌មានជាតិ
កម្ពុជាទទួលបានហិរញ្ញប្បទានជាង៧៩លានដុល្លារពីធនាគារពិភពលោកដើម្បីពង្រឹងវិស័យអប់រំ
ជាថ្មីម្តងទៀតធនាគារពិភពលោកបានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្ត ក្នុងគោលដៅលើកកម្ពស់លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពនៅកម្ពុជា ដែលហិរញ្ញប្បទានថ្មីនេះត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីធនាគារមួយនេះបានអនុម័តឥណទានតម្លៃ ៤០លានដុល្លារអាមេរិកជួយដល់គម្រោងអភិវឌ្ឍជំនាញ។
ក្រុមប្រឹក្សានាយកប្រតិបត្តិរបស់ធនាគារពិភពលោកកាលពីថ្ងៃទី៣០ ខែឧសភាបានអនុម័តហិរញ្ញប្បទានបន្ថែមចំនួន ៧៩,៥លានដុល្លារអាមេរិក សម្រាប់ការពង្រីកសកម្មភាពដែលកំពុងត្រូវបានអនុវត្តលើវិស័យអប់រំប្រកបដោយគុណភាពនៅទូទាំងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី៣១ខែឧសភានេះ មូលនិធិថ្មីនេះនឹងត្រូវបានយកទៅប្រើប្រាស់ដើម្បីពង្រីកគម្រោងកែលម្អការអប់រំទូទៅនៅកម្ពុជា ដែលត្រូវបានអនុម័តកាលពីខែមករា ឆ្នាំ២០២២ ជាមួយកញ្ចប់ហិរញ្ញប្បទានលើកដំបូងចំនួន ៦៩,២៥លានដុល្លារអាមេរិក។ កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះមានឥណទានចំនួន ៦០លានដុល្លារអាមេរិកពី សមាគមអភិវឌ្ឍន៍អន្តរជាតិ ដែលជាមូលនិធិរបស់ធនាគារពិភពលោកសម្រាប់ជួយជនខ្វះខាតបំផុត និងជំនួយចំនួន ១៩,៥លានដុល្លារផ្សេងទៀតពីអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ។
លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថាប្រទេសកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាប្រឈមដ៏ធំនោះ គឺលទ្ធផលនៃការសិក្សារបស់សិស្សនៅមានកម្រិតទាប ហើយលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពក៏នៅខ្វះសមធម៌ដែរ។
លោកស្រីនិយាយបន្ថែមទៀតថា៖ “ការផ្តល់ហិរញ្ញប្បទានបន្ថែមនេះគឺដើម្បីពង្រឹងថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពក្រីក្រក្នុងការសិក្សា និងកសាងមូលធនមនុស្សដែលចាំបាច់សម្រាប់ការលូតលាស់នៃសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា»។
លោកស្រី Laura Frigenti នាយកប្រតិបត្តិនៃអង្គការ ភាពជាដៃគូសកលសម្រាប់ការអប់រំ មានប្រសាសន៍ថាអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ នៅតែបន្តការប្តេជ្ញាចិត្តក្នុងការជួយកម្ពុជាក្នុងការពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាពទៅដល់កុមារជាច្រើនទៀត ជាពិសេសកុមារក្រីក្របំផុត។
លោកស្រីបន្តទៀតថា៖ «មូលនិធិបន្ថែមនេះនឹងផ្តល់ជាឱកាសសម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែងពង្រឹងប្រព័ន្ធអប់រំ និងពន្លឿនការងើបឡើងវិញនៃការសិក្សា បន្ទាប់ពីមានការប៉ះពាល់បង្កដោយការរាតត្បាតជំងឺកូវីដ-១៩»។
សម្រាប់កញ្ចប់ហិរញ្ញប្បទានបន្ថែមនេះនឹងពង្រីកសកម្មភាពគម្រោងទៅកាន់គ្រឹះស្ថានអប់រំផ្សេងទៀតនៅទូទាំងប្រទេស ក្នុងនោះមាន អនុវិទ្យាល័យចំនួន ៥០០, សាលាបឋមសិក្សាចំនួន ១០០០ និងសាលាមត្តេយ្យចំនួន ៩០។ សកម្មភាពសំខាន់ៗរួមមាន៖ពង្រីកការគ្រប់គ្រងតាមសាលារៀននៅក្នុងសាលាផ្សេងទៀត, ការផ្តល់ឱកាសបណ្តុះបណ្តាល និងអភិវឌ្ឍវិជ្ជាជីវៈបន្ថែមទៀតសម្រាប់គ្រូបង្រៀន ថ្នាក់ដឹកនាំ និងបុគ្គលិកសាលា,ការសាងសង់ និងជួសជុលថ្នាក់រៀន បន្ទប់ពិសោធន៍ និងអគារសិក្សាបន្ថែមទៀត ក្រោមការរចនាដែលធន់នឹងអាកាសធាតុ,ការសាកល្បងដាក់ឱ្យប្រើបច្ចេកវិទ្យាអប់រំ ដើម្បីបង្កើនម៉ោងសិក្សាប្រកបដោយគុណភាព,ការធ្វើទំនើបកម្មសៀវភៅសិក្សា និងបង្កើតមគ្គុទ្ទេសក៍គ្រូបង្រៀនស្របតាមកម្មវិធីសិក្សាជាតិ, និងការពង្រឹងការធ្វើផែនការ ការត្រួតពិនិត្យ និងការវាយតម្លៃ នៅតាមនីមួយៗ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ១១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក