ព័ត៌មានជាតិ
ទេសចរថយចុះ ខណៈសត្វស្លាបគ្រប់ប្រភេទនៅតំបន់រ៉ាមសារបឹងទន្លេសាប កើនឡើងខ្ពស់
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយដើមឆ្នាំ២០២៤នេះ នៅតំបន់បឹងទន្លេសាប ដែលជាតំបន់គោលដៅអេកូទេសចរណ៍របស់ខេត្តបាត់ដំបង បានប្រឈមបញ្ហាលំបាកការធ្វើដំណើរ ខណៈភ្ញៀវទេសចរជាតិនិងអន្តរជាតិខកចិត្តមិនបានទស្សនាហ្វូងសត្វស្លាប ដែលមានចំនួនច្រើនជាងឆ្នាំមុនៗ។
បុរសវ័យកណ្តាលម្នាក់ ជាអ្នកបើកបរទូកកាណូតម៉ាស៊ីនជាយូរឆ្នាំម លោក ហួន សុខ បានឲ្យដឹងថា លោកជាអ្នកដឹកភ្ញៀវតាមទូកម៉ាស៊ីនពីក្រុងសៀមរាបមកភូមិព្រែកទាល់រាល់ថ្ងៃ ខណៈនៅរដូវកាលនេះទាំងភ្ញៀវក្នុង និងក្រៅស្រុក ប្រសិនមានបំណងចង់ធ្វើដំណើរទៅទស្សនាហ្វូងសត្វនៅតំបន់រ៉ាមសារនៃបឹងទន្លេសាប ស្ថិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺមិនអាចធ្វើដំណើរតាមខេត្តបាត់ដំបងបានទេ ដោយសារតែទឹករាក់ត្រូវធ្វើដំណើរតាមផ្លូវគោកមកដល់ខេត្តសៀមរាប ទើបបន្តដំណើរតាមផ្លូវទឹកទៅទស្សនាហ្វូងសត្វ និងគោលដៅផ្សេងៗនៅតំបន់ព្រែកទាល់បាន។
លោកបញ្ជាក់ថា «បច្ចុប្បន្នមិនសូវមានភ្ញៀវដឹកនោះទេ ដោយសារតែជួបផលលំបាកក្នុងការធ្វើដំណើរមិន ដោយសារទឹកគោករាក់ ធ្វើឱ្យទូកកាណូត មិនអាចទៅរួចទើបធ្វើឲ្យចំនួនភ្ញៀវបានថយចុះបែបនេះ»។
លោកបន្តថា ភ្ញៀវទេសចរជាច្រើនខកចិត្ត ព្រោះមិនបានទស្សនាហ្វូងសត្វដែលកំពុងតែមានកំណើនច្រើនគ្រប់ប្រភេទ។
លោកថា «កុំថាតែភ្ញៀវ សូម្បីតែខ្ញុំជាអ្នកដឹកភ្ញៀវក៏ចង់ទស្សនាដែរ ព្រោះហ្វូងសត្វគ្រប់ប្រភេទមានច្រើនជាងឆ្នាំមុន វាតែងតែហោះហើរបន្លាស់ទីតាំងញឹកញាប់ពីកន្លែងមួយទៅកន្លែងមួយ ដើម្បីស្វែងរកចំណី មើលទៅវាហាក់ដូចជាហ្វូងសត្វប្រចៀវហោះហើរចេញពីរូងអ៊ីចឹងដែរ»។
តំបន់រ៉ាមសារ ”ព្រែកទាល់” គឺជាតំបន់ដីសើម (ទឹកសាប) ដ៏សំខាន់នៃចំណុចបឹងទន្លេសាប ស្ថិតក្នុងខេត្តបាត់ដំបង។ តំបន់រ៉ាមសារព្រែកទាល់ក៏ជាជម្រកពងកូន សត្វស្លាបធំជាងគេបំផុតនៅក្នុងតំបន់ និងជាទីកន្លែងសុវត្ថិភាព និងជាជម្រកសម្រាប់ពពួកប្រភេទសត្វស្លាបដែលទទួលរងនូវការគំរាមកំហែងនៅលើពិភពលោកចំនួន ៦ ប្រភេទ ក្នុងនោះមានដូចជា សត្វស្មោញ ត្រដក់តូច សត្វពពូលទឹក ត្រយងខ្លួនស រនាលពណ៌ និង អកត្រីក្បាលប្រផេះ ហើយសត្វត្រដក់ធំដែលគេចាត់ទុកថាជាសត្វមួយធំជាងគេទីពីរនៅលើពិភពលោកក៏មកពងកូននៅតំបន់នេះដែរ។
មន្ត្រីអភិរក្សសត្វបានឲ្យដឹងថា ប្រសិនបើភ្ញៀវចង់ធ្វើដំណើរទៅកាន់តំបន់នោះ គឺត្រូវធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក ដោយទូកស្មាច់ ឬកាណូត។ តែនៅក្នុងរដូវប្រាំង ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវគោកទៅកាន់ខេត្តសៀមរាប រួចបន្តដំណើរតាមទូកស្មាច់ ឬកាណូត ពីផែកាណូតទេសចរណ៍ចុងឃ្នាសភ្នំក្រោមរបស់ខេត្តសៀមរាប ដោយចំណាយពេលត្រឹមតែជាងមួយម៉ោងប៉ុណ្ណោះ បើធៀបនឹងការធ្វើដំណើរចេញពីក្រុងបាត់ដំបង ប្រើរយៈពេលពីចន្លោះ ៤ ទៅ ៥ម៉ោងទើបដល់តំបន់នោះ»។
ប្រធានមន្ទីរបរិស្ថាន លោក កត បូរ៉ាន មានប្រសាសន៍ថា ដោយសារបម្រែបម្រួលអាកាសធាតុ បានធ្វើឱ្យសត្វស្លាបទឹកជាច្រើនប្រភេទបានធ្វើបន្លាស់ទីមករស់នៅតំបន់រ៉ាមសារព្រែកទាល់ នៃឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយសារកត្តាខ្វះចំណី។
លោកបានអះអាងថា មកដល់ពេលនេះកំណើនសត្វស្លាបបានកើនច្រើនឡើងជារៀងរាល់ឆ្នាំ ក្នុងរយៈពេលចុងក្រោយនេះ។ ទន្ទឹមនឹងការកើនឡើងនៃសត្វស្លាបទាំងនេះលោកថា មន្ទីរក៏មានវិធានការក្នុងការទប់ស្ទាក់ទឹកក្នុងតំបន់សត្វស្លាបរស់នៅដើម្បីរក្សាត្រី និងកុំឱ្យទឹកក្នុងតំបន់នោះគោករាក់ ឬខះរីង ដែលប៉ះពាល់ដល់ចំណីសត្វ។ ទៀតសោត មន្ទីរ ក៏មានវិធានការត្រៀមបង្ការទុកជាមុន ចំពោះហានីភ័យកើតឡើង តាមរយៈភ្លើងឆេះព្រៃផងដែរ។
លោកបញ្ជាក់ថា «កត្តាទឹកបឹងទន្លេសាបគោករាក់ដោយរលកកម្តៅឆ្នាំនេះ មិនត្រឹមប៉ះពាល់ដល់ការរស់នៅរបស់ហ្វូងសត្វប៉ុណ្ណោះទេ វាអាចប៉ះពាល់ដល់កំណើនភ្ញៀវទេសចរមកទស្សនាសត្វស្លាបផងដែរ»។
បើតាមលោក ជួង សុភា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តបានទទួលស្គាល់ថា ឆ្នាំនេះចំនួនសត្វស្លាបគ្រប់ប្រភេទបានកើនឡើងគួឲ្យកត់សម្គាល់មែន ព្រោះតែខាងមន្ត្រីជំនាញបានទប់ស្កាត់បទល្មើសបានល្អប្រសើរក្នុងរយៈពេលចុងក្រោយនេះ។
លោកបន្តថា «ក្នុងនោះយើងបានទទួលជំនួយពីអង្គការជាដៃគូមួយចំនួន ហើយក៏បានធ្វើទំនប់ច្រើនដែរដូចជាទំនប់នៅចំណុច ព្រៃចាស់ ព្រែកអង្ក្រង ហើយគោលដៅមួយចំនួនទៀតក៏ខាងមន្ទីរបរិស្ថានបានធ្វើដែរដើម្បីទប់ស្ទាក់ទឹក ហើយទំនប់នេះ យើងលើកត្រឹមកម្ពស់ ១ ម៉ែត្រកន្លះ បើខ្ពស់ជាងនេះវាប្រឈមការបាក់ស្រុត ហើយពេលដល់រដូវសម្រកទឹកនៅក្នុងទំនប់សល់ត្រឹម ១ ម៉ែត្រ ក៏ត្រីអាចរស់នៅបានដែរ»។
លោកបន្ថែមថា ការខ្វះខាតទឹកនៅដែនអភិរក្សបឹងទន្លេសាប អាចប្រឈមនឹងកត្តាសំខាន់ ៣ រួមមាន ប៉ះពាល់ជីវិតមច្ឆាជាតិ សត្វស្លាបប្រឈមការខ្វះចំណី និងករណីភ្លើងឆេះព្រៃ មិនអាចទប់ស្កាត់ បើខ្វះប្រភពទឹក។
លោកបន្តថា «ដូចប៉ុន្មានខែមុនធ្លាក់ភ្លៀងនេះ បឹងអភិរក្ស ១កន្លែងប្រឈមនឹងភាពរីកស្ងួត បង្កឲ្យត្រីងាប់រាប់តោនហើយក៏ត្រូវបានរដ្ឋបាលសាលាស្រុកឯកភ្នំ ធ្វើការសង្គ្រោះដោយបូមទឹកទម្លាក់បានទាន់ពេលផងដែរ»៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ