Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បិទបញ្ចប់ដោយជោគជ័យ

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រារព្ធពិធីបិទព្រឹត្តិការណ៍ការប្រកួតចម្រៀង «ជាពួកអន្តរជាតិ» លើកទី១ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Jacques Guichandut ដែលជាស្ថាបនិក និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន All Dreams Cambodia បានសម្តែងការចាប់អារម្មណ៍អំពីការរៀបចំកម្មវិធីនៃការប្រកួតចម្រៀងជាពួកអន្តរជាតិលើកទី១ នៅរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយផ្សារភ្ជាប់តន្ត្រី និងការចូលរួមចំណែកក្នុងការបណ្តុះស្មារតីចូលរួមគិតគូរដល់វិស័យបរិស្ថាន និងវិស័យអំណាន ដែលជាចំណែកមួយយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណែក អ្នកស្រី Catherine Germier-Hamel មកពីស្ថាប័ន Destination Mekong បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នា មានកាតព្វកិច្ចចូលរួមចំណែកជាវិជ្ជមាន ដើម្បីរក្សាការពារបរិស្ថាន យើងមិនអាចបញ្ចៀសផលប៉ះពាល់ជាអវិជ្ជមានបានទាំងស្រុង តែយើងគ្រប់គ្នាអាចរួមគ្នា ដើម្បីកាត់បន្ថយផលអវិជ្ជមានលើបរិស្ថាន»។

ក្រុមហ៊ុន All Dreams Cambodia បានគណនាចំនួនឧស្ម័នកាបូនិច ដែលគ្រប់សកម្មភាពនៃកម្មវិធីនេះទាំងមូលបានបញ្ចេញ ដែលមានចំនួនឧស្ម័នកាបូនិចសរុប ១៣៩តោន ដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៣ ២០០ដុល្លារអាមេរិក ហើយក្រុមហ៊ុន All Dreams Cambodia នឹងប្រគល់ជូនទឹកប្រាក់នេះ ដល់គម្រោងកែវសីមានៃក្រសួងបរិស្ថាន។

ក្រៅពីនេះ ស្របតាមចំនួនអ្នកចូលរួមនៃកម្មវិធីប្រកួតចម្រៀងជាពួកនេះដែរ ក្រុមហ៊ុន All Dreams Cambodia ក៏បានជូនកញ្ចប់ថវិកាចំនួន ៤៣៨ដុល្លារអាមេរិក (២ដុល្លារអាមេរិក ក្នុងអ្នកចូលរួមមួយនាក់ x ២១៩នាក់) ដល់អង្គការទឹកស្អាត ១០០១ ក្នុងគម្រោងទឹកស្អាតដល់សិស្សសាលាក្នុងសហគមន៍រយៈពេលមួយឆ្នាំ ព្រមទាំងជូនកញ្ចប់ថវិកាចំនួន ៦៥៧ ដុល្លារអាមេរិក (៣ដុល្លារអាមេរិក ក្នុងអ្នកចូលរួមមួយនាក់ x ២១៩នាក់) ដល់អង្គការស៊ីប៉ា ដើម្បីចូលរួមចំណែកក្នុងគម្រោងបណ្ណាល័យទូក។ 

កម្មវិធីនេះដែរ ក៏មានការប្រកាសផ្តល់វិញ្ញាបនប័ត្រដល់ក្រុមចម្រៀងជាពួកអន្តរជាតិ ដែលមកពីបណ្តាប្រទេសនានា រួមមានព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ។ គ្រប់ក្រុមចម្រៀងជាពួកដែលពោរពេញទៅដោយសមត្ថភាព សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់ ហើយទទួលបានរង្វាន់តាមភាពល្អវិសេសរបស់ខ្លួនរាងៗខ្លួន ហើយក្រុមដែលឈ្នះដាច់គេនៅក្នុងកម្មវិធីនេះ គឺក្រុម Gita Suara Choir ISBI Bandung ដែលមកពីប្រទេសឥណ្ឌូនេស៊ី ដោយទទួលបានវិញ្ញាបនបត្រ ពានរង្វាន់ថវិកាចំនួន ១ពាន់ដុល្លារអាមេរិក និងរង្វាន់អនុស្សាវរីយ៍។

សូមរម្លឹកផងដែរថា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថាប័ន INTERKULTUR និងក្រុមហ៊ុន ALL DREAMS CAMBODIA ដោយមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងសាលារាជធានីភ្នំពេញ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រមទាំងផ្សារទំនើបអ៊ីអន១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម