ព័ត៌មានជាតិ
ពលរដ្ឋឃុំឫស្សីជ្រុំ ទទួលបានផ្លូវកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាល
ក្រុមប្រជាពលរដ្ឋរស់នៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានបង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងពេលពួកគាត់ទទួលបានផ្លូវកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ពីរាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ ២០២៤ នេះ។

ក្តីបំណងប្រាថ្នារបស់ប្រជាពលរដ្ឋអ្នកនៅឃុំឫស្សីជ្រុំ បានសម្រេចហើយ ដោយលែងលំបាកធ្វើដំណើរ ឬដឹកជញ្ជូនផលកសិកម្មទៀតហើយ ក្រោយការសំណូមពរឱ្យមានការស្ថាបនាផ្លូវកៅស៊ូនេះពីរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្ត។
លោក មុត សូនី ជាកសិករ និងអ្នកស្រី កញ្ញា ជាអ្នកលក់ដូរបាយព្រឹក ទល់មុខវិទ្យាល័យ ឫស្សីជ្រុំ ប្រាប់ឱ្យដឹងកាលពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៤ ថា នៅពេលមានផ្លូវកៅស៊ូស្អាតល្អ ងាយស្រួលចរាចរណ៍ទៅមកបែបនេះ គឺបន្ថយអត្រាគ្រោះថ្នាក់ដោយសាររអិលពេលរដូវវស្សា ឬដីហ៊ុយខ្លាំងពេលរដូវប្រាំង។

តំណាងប្រជាពលរដ្ឋដដែល ជឿជាក់ថា អ្នកទេសចរ នឹងមកលេងកម្សាន្តឆ្លងកាត់ច្រើនក្នុងមូលដ្ឋាន រីឯការលក់ដូរក៏បានធូរធារជាងមុន។ ចំណែកទិន្នផលកសិកម្ម អាចដឹកជញ្ជូនទៅឱ្យឈ្មួញកណ្ដាលបានលឿនរហ័សផងដែរ។ ទោះយ៉ាងណា ពលរដ្ឋ យល់ថា ទៅអនាគត នឹងមានការតភ្ជាប់ពីកៅស៊ូប្រវែង ១០ គីឡូម៉ែត្រ ទៅតំបន់អារ៉ែងបន្ថែមទៀត។
គម្រោងកសាងជាផ្លូវកៅស៊ូ ១០ គីឡូម៉ែត្រ ខាងលើនេះ ជាអំណោយរបស់រាជរដ្ឋាភិបាល ហើយក្រសួងអភិវឌ្ឍន៍ជនបទ និងកងវិស្វកម្ម ឆ្នាំ ២០២៤ ជាអ្នកអនុវត្តគម្រោងសាងសង់ឡើងជាង ៥ ខែកន្លងមក ដើម្បីបំពេញតាមតម្រូវការចង់បានរបស់ពលរដ្ឋក្នុងមូលដ្ឋាន។

មិនខុសពីពលរដ្ឋទេ លោក ផង់ សុផាន់ណា មេឃុំឫស្សីជ្រុំ បានថ្លែងអំណរអរគុណយ៉ាងខ្លាំងបំផុតជូនរាជរដ្ឋាភិបាល ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ពីផលលំបាក និងសេចក្ដីចង់បានពលរដ្ឋ តាមរយៈការកសាងផ្លូវកៅស៊ូនេះ។
បើតាមលោកមេឃុំឫស្សីជ្រុំ កន្លងទៅ ប្រជាពលរដ្ឋធ្លាប់ស្នើសុំជាយូរឆ្នាំហើយដែរ ពោលគឺឆ្នាំ ២០២៤ ក្តីបំណងរបស់ពួកគាត់បានសម្រេចហើយ ព្រោះមានផ្លូវកៅស៊ូស្អាតល្អមិនពិបាកដូចមុនៗ។

ក្រៅពីគម្រោងរបស់រដ្ឋាភិបាល ឬក្រសួង រដ្ឋបាលឃុំឫស្សីជ្រុំ ក៏លើកជាគម្រោងអភិវឌ្ឍន៍ជាច្រើន មានផ្លូវបេតុង ផ្លូវលំ និងស្ពានឈើនៅតាមសហគមន៍ដែលជាអាទិភាពជូនពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ