ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ផ្ដល់អនុសាសន៍ ៦ ចំណុច ដល់សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល នៅសណ្ឋាគារភ្នំពេញ
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា (គ.វ.រ) បានផ្ដល់នូវអនុសាសន៍ចំនួន ៦ ចំណុច ជូនដល់អង្គសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន។

ការផ្ដល់អនុសាសន៍ចំនួន ៦ ចំណុច នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២៤ នាសណ្ឋាគារភ្នំពេញ។
នាឱកាសនោះដែរ ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងអំពីសារៈសំខាន់ នៃការវិភាគមុខងារ និងភាពសំខាន់ នៃក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំការងារវិភាគមុខងារ ពិសេសសម្រេចឲ្យបាននូវចក្ខុវិស័យ សម្ដេចធិបតី ក្នុងរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

ជាមួយនេះ ឯកឧត្ដម ហ៊ុន ម៉ានី បានផ្តល់នូវអនុសាសន៍ចំនួន ៦ ចំណុច ជូនទៅដល់អង្គសិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលរួមមាន ៖ ទី១.ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ត្រូវអនុវត្តដោយឈរលើអភិក្រម ផ្តោតលើការរៀបចំផ្ទះរបស់ខ្លួន ដោយត្រូវពង្រឹងរចនាសម្ព័ន្ធ ជាជាងការពង្រីករចនាសម្ព័ន្ធ ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ទី២.ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ត្រូវឈរលើភាពជាម្ចាស់ ការទទួលខុសត្រូវតាមបន្ទាត់ គណនេយ្យភាព និងការរក្សាផលប្រយោជន៍របស់មន្ត្រី។ ទី៣.ការវិភាគមុខងារ និងរចនាសម្ព័ន្ធឲ្យបានច្បាស់លាស់របស់ក្រសួង ស្ថាប័ន ត្រូវគិតគូរដល់ប្រសិទ្ធភាព និងសមិទ្ធកម្មការងារ តាមរយៈការប្រើប្រាស់ធនធានថវិកា ធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ ចំទីកន្លែង ស្របតាមតួនាទីភារកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ។ ទី៤.ក្រសួង ស្ថាប័ន ត្រូវរៀបចំធ្វើការពិនិត្យឡើងវិញ វិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រី រាជការស៊ីវិល ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាដែលបានកំណត់។ ទី៥.ក្រសួងមុខងារសាធារណៈ បានរៀបចំក្រុមការងារបច្ចេកទេសគាំទ្រតាមវិស័យ ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន ដែលក្រុមការងារនេះ នឹងជួយគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន ប៉ុន្តែដើម្បីសម្រេចកិច្ចការនេះក្រសួង ស្ថាប័ន ត្រូវឈរលើស្មារតីភាពជាម្ចាស់ និងការទទួលខុសត្រូវ ផ្តល់កិច្ចសហការ និងការចូលរួមឲ្យមានប្រសិទ្ធភាពខ្ពស់។ ទី៦.ក្រសួង ស្ថាប័ន ត្រូវរៀបចំផ្តល់នូវរបាយការណ៍វឌ្ឍនភាពជាប្រចាំមកក្រសួងមុខងារសាធារណៈ លើការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ ទិន្នន័យមន្ត្រីរាជការស៊ីវិល ដើម្បីក្រសួងមុខងារសាធារណៈអាចមានលទ្ធភាពជួយផ្តល់ការសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសបន្ថែមឲ្យបានទាន់ពេលវេលា ដើម្បីធ្វើការបូកសរុបរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

គួរជម្រាបថា ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិលក្រសួង ស្ថាប័ន នាព្រឹកមិញនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា នៃក្រុមការងារកំណែទម្រង់រដ្ឋបាលសាធារណៈ តំណាងក្រសួង ស្ថាប័នទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈជាច្រើនរូបផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?