ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន MIRARTH Green Tech បើកសម្ពោធរោងចក្រនៅខេត្តកំពង់ធំដែលអាចកែច្នៃគ្រាប់ស្វាយចន្ទី១៥០០តោនក្នុងមួយឆ្នាំ
នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុនជប៉ុន MIRARTH Green Tech សម្ពោធជាផ្លូវការនូវរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទី ទៅជាប្រេងជីវឥន្ទនៈ ដែលអាចកែច្នៃគ្រាប់ស្វាយចន្ទី១៥០០តោនក្នុងមួយឆ្នាំ។ រោងចក្រនេះ មានទីតាំងស្ថិតក្នុងឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងពិធីបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោកអ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
លោក Kentaro Taniguchi អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានមានប្រសាសន៍ថា គ្រាប់ស្វាយចន្ទីមិនត្រឹមតែជាចំណីអាហាប៉ុណ្ណោះទេ សំបករបស់វាអាចយកទៅបំប្លែងជាថាមពលបានដែលជាចំណុចគួរជាទីចាប់អារម្មណ៍។ លោកថា ថ្មីៗនេះ ទូទាំងពិភពលោកកើតមាននូវធាតុអាកាសខុសប្រក្រតីជាញឹកញាប់ ហើយដើម្បីកុំឱ្យបន្សល់ទុកនូវមូលហេតុដែលនាំឱ្យកើតមានរឿងទាំងនេះ នៅលើពិភពលោកទាំងមូលគួរតែយកចិត្តទុកដាក់ទៅលើ អព្យាក្រឹតកាប៉ូន។ គ្រាប់ស្វាយចន្ទីដែលដាំនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាមានសមត្ថភាពដ៏អស្ចារ្យអាចចូលរួមចំណែកដោះស្រាយនូវបញ្ហានេះបាន ហើយការសម្រេចឱ្យបាននូវអព្យាក្រឹតកាប៉ូនក្នុងពិភពលោក ដោយប្រើថាមពលដែលបានពីសំបកគ្រាប់ស្វាយចន្ទីនេះ គឺជាដើមចមដំបូងដែលនាំឱ្យលោកមករកគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
អគ្គនាយកក្រុមហ៊ុន MIRARTH Green Tech បានលើកឡើងថា កម្ពុជាជាប្រទេសដែលផលិតគ្រាប់ស្វាយចន្ទីលំដាប់ពិភពលោក ប៉ុន្តែកម្ពុជាបាននាំគ្រាប់ស្វាយចន្ទីមួយផ្នែកធំចេញជាផលិតផលកសិកម្មទៅបរទេសដោយមិនបានធ្វើការកែច្នៃ។ ដូច្នេះ លោកក៏បានសម្រេចចិត្តបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដើម្បីអាចផ្ដល់ការងារដល់អ្នកដែលធ្វើការនៅក្នុងរោងចក្រ ហើយតាមរយៈការកែច្នៃ អាចបង្កើនតម្លៃបន្ថែមដល់គ្រាប់ស្វាយចន្ទី និងអាចលើកស្ទួយប្រាក់ចំណូលរបស់ពួកគាត់ ដែលជាលទ្ធផលអាចចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទៀតផង។
លោក Kentaro Taniguchi បានឱ្យដឹងថា រោងចក្រសង់ថ្មីនេះមានសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីបាន ១ ៥០០ តោនក្នុង ១ឆ្នាំ។ រោងចក្រដែលសាងសង់ថ្មីនេះ គឺជាវឌ្ឍនភាពដ៏ធំមួយបន្ថែមពីលើរោងចក្រដែបានពីជំនួយនៃអង្គការ JICA ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសជប៉ុន របស់ Top planning Japan ដែលបានបង្កើតរោងចក្រដែលមានសមត្ថភាពកែច្នៃ ៥០០តោន រួចមកហើយ។
ជាមួយគ្នានេះ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា ការដាក់សម្ពោធឱ្យប្រើប្រាស់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុននេះ គឺជាសមិទ្ធផលថ្មីស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តោតលើការអនុវត្តការលើកកម្ពស់ឧស្សាហកម្មកែច្នៃតាមរយៈការជំរុញឱ្យមានការវិនិយោគឯកជនលើកសិផលមានសក្តានុពល។ លោក ជឿជាក់ថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនេះ ជាផ្នែកមួយជំរុញឱ្យចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលសម្រេចបានតាមការគ្រោងទុក។ បន្ថែមពីនេះ លោក ញឹក បានខេង ក៏បានអំពាវនាវបន្ថែមដល់ក្រុមហ៊ុនវិនិយោគជប៉ុន មកវិនិយោគបន្ថែមលើវិស័យកសិកម្មផ្សេងៗទៀតក្នុងខេត្តកំពង់ធំ ដូចជា ស្រូវអង្ករ ដំឡូងមី ស្វាយកែវរមៀត និងកៅស៊ូជាដើម។
រីឯ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា គ្រាប់ស្វាយចន្ទីនៅកម្ពុជាមានទំហំធំ រសជាតិឆ្ងាញ់ និងទទូលបានការវាយតម្លៃខ្ពស់ទាំងនៅក្នុងប្រទេសជប៉ុន និងប្រទេសដទៃទៀត។ លោកថា ដោយសារតែកម្ពុជានៅខ្វះកន្លែងសមស្របដើម្បីធ្វើការសម្ងួត រក្សាទុក និងកែច្នៃ ធ្វើឱ្យគ្រាប់ស្វាយចន្ទីដែលប្រមូលបានភាគច្រើន ត្រូវនាំចេញទាំងឆៅ និងក្នុងតម្លៃទាប។ ដូច្នេះ តាមរយៈសំណើរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាប្រមាណ ១៦៩,០០០ ដុល្លារអាមេរិក ដើម្បីចំណាយលើការសាងសង់ទីធ្លារសម្រាប់សម្ងួត ឃ្លាំង និងឧបករណ៍វាស់សំណើមជាដើម។ ជំនួយនេះត្រួវបានផ្តល់ជូនក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ(គូសាណូណិ)។
តាមរយៈគម្រោងនេះ លោកសង្ឃឹមថា គ្រាប់ស្វាយចន្ទី និងមានការសម្ងួត និងរក្សាទុកបានត្រឹមត្រូវ អាចលក់បានក្នុងតម្លៃខ្ពស់ ធ្វើឱ្យចំណូលរបស់កសិករមានការកើនឡើង ហើយក្រុមហ៊ុន MIRARTH GREEN TECH នឹងប្តេជ្ញាក្នុងការធ្វើពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងនាំចេញទៅប្រទេសជប៉ុន។ លោកសង្ឃឹមទៀតថា គម្រោងនៅខេត្តកំពង់ធំនេះ នឹងពង្រីកកិច្ចខំប្រឹងឈានទៅដល់ការបង្កើតសង្វាក់តម្លៃអាហារសម្រាប់មុខដំណាំគ្រាប់ស្វាយចន្ទី ឱ្យទៅជាផ្នែកមួយនៃប្រទេស។
លោក តូច ប៊ុនហូរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងចំណែកនៃវិស័យកសិកម្ម ស្វាយចន្ទី គឺជាដំណាំដ៏មានសក្តានុពលមួយសម្រាប់កម្ពុជា ទាំងការដាំដុះ ការកែច្នៃ និងការនាំចេញ។ ពីឆ្នាំ២០១៨ ដល់ ឆ្នាំ២០២៣ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីកម្ពុជា បានកើនឡើងប្រមាណ ១៣២% ខណៈទិន្នផល និងការនាំចេញ ក៏បានកើនឡើងជាលំដាប់ ដែលធ្វើឱ្យស្វាយចន្ទី ក្លាយជាកសិផលដ៏សំខាន់មួយរបស់កម្ពុជា ហើយកម្ពុជាបានឈរនៅលេខរៀងលំដាប់ទី៣ ក្នុងពិភពលោក លើផ្នែកផលិតកម្មស្វាយចន្ទី បើយោងតាមអង្គការស្បៀង និងកសិកម្ម របស់អង្គការសហប្រជាជាតិ (FAO)។
លោករដ្ឋលេខាធិការ បានឱ្យដឹងថា គិតត្រឹមឆ្នំា២០២៣ កម្ពុជាមានផ្ទៃដីដំាដុះស្វាយចន្ទីប្រមាណជិត ៥២ម៉ឺនហិកតា និងទទួលបានទិន្នផលសរុបចំនួន ៧២ម៉ឺនតោន ចំណែក ឯការនំាចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិបានចំនួនប្រមាណ ៦២ម៉ឺនតោន ទៅកាន់ប្រទេស វៀតណាម ចិន ជប៉ុន បង់ក្លាដែស ឥណ្ណា ថៃ និងសហរដ្ឋអាមេរិក។ ដោយឡែក ក្នុងឆ្នាំ២០២៤ នេះ តម្លៃគ្រាប់ស្វាយចន្ទីស្រស់មានតម្លៃប្រមាណពី ១ ០០០ ទៅ ១ ៣០០ ដុល្លារ ក្នុងមួយតោន។
បន្ថែមពីនេះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងអំពីសក្តានុពលរបស់កម្ពុជា សម្រាប់ការបោះទុនវិនិយោគ ទាំងលើវិស័យដំណាំស្វាយចន្ទី និងលើវិស័យកសិកម្ម ជារួម ដោយផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច លក្ខខណ្ឌអំណោយផលនៃភូមិសាស្ត្រ មូលធនមនុស្សដ៏សម្បូរបែប ការប្តេជ្ញាបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អបរិកាសធុរកិច្ច និងវិនិយោគ និងទីផ្សារដ៏ធំទូលាយ និងមានពិពិធភាព។ ក្នុងន័យ ដើម្បីលើកទឹកចិត្តដល់ធុរជន វិនិយោគិន អ្នកកែច្នៃ ទាំងកម្រិតថ្នាក់ជាតិ និងអន្តរជាតិ រួមគ្នាលើកកម្ពស់ខ្សែច្រវាក់ តម្លៃស្វាយចន្ទី ដោយយកកម្ពុជា ជាគោលដៅសម្រាប់ការកែច្នៃ និងការនាំចេញ៕
ដោយ៖ Ken Malis
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់