Connect with us

ព័ត៌មានជាតិ

ស្ពានខ្ពស់ជាងគេនៅស្រុក​ខ្មែរ នឹងបើក​ឲ្យ​ប្រើប្រាស់នៅ​ចុងខែមីនា​ឆ្នាំ ២០២៥

បានផុស

នៅ

បើតាម​ប្រភព​ពី​មន្រ្តីក្រសួង​សាធារណការ​និងដឹកជញ្ជូន ស្ពាន​ដែល​ខ្ពស់​ជាង​គេ​កម្ពស់ជាង ៧០ ម៉ែត្រ​ នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ ១០ គ្រោង​ដាក់​ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ផន រឹម មន្រ្តីអ្នកនាំពាក្យ​ក្រសួងសាធារណការ​និងដឹកជញ្ជូនបាន​ឲ្យ​ដឹង​ថា ការងារសាងសង់​ស្ពាន​កម្ពស់ ៧៥ ម៉ែត្រ ឆ្លង​កាត់ស្ទឹងឫស្សីជ្រុំ ដែលមាន​ប្រវែង ៥៣០ ម៉ែត្រ សម្រេចបាន ៤១,៥០% ហើយ​គ្រោងដាក់ឱ្យប្រើប្រាស់សាកល្បង​នៅចុងខែមីនា ឆ្នាំ​២០២៥​ ខាងមុខ។

បន្ថែមពីនេះ លោក​ ផន រឹម ក៏​បានបង្ហាញ​វឌ្ឍនភាព​គម្រោងស្ថាបនាផ្លូវជាតិលេខ ១០ តភ្ជាប់ពីខេត្តចំនួន ៣ រួមមាន ខេត្តបាត់ដំបង-ពោធិ៍សាត់ និងខេត្តកោះកុង (សំឡូត-វាលវែង-កោះកុង) ដែល​មានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ គិតត្រឹមបំណាចខែឧសភា ឆ្នាំ២០២៤ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល។

ទាក់ទងការធ្វើ​ដំណើរ​លើ​កំណាត់ផ្លូវនេះ ​លោក ផន រឹម​ បានប្រាប់​កម្ពុជា​ថ្មីថា នៅរដូវវស្សាប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយរលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។

ផ្លូវជាតិលេខ ១០ ស្ថាបនា​ឡើង​ជាប្រភេទផ្លូវកម្រិត​ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវសរុប ១៩៨,៥១៨ ​គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម