ព័ត៌មានជាតិ
ចក្រភពអង់គ្លេស គាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅ កម្ពុជា
នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៦ ព្រះវស្សារបស់ព្រះមហាក្សត្រ Charles III ដែលរៀបចំឡើងដោយ ស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកអគ្គរាជទូតអង់គ្លេស Dominic Williams ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ប្រមាណ ៣០០ នាក់។ ប្រធានបទ នៃការប្រារព្ធពិធីនេះ ផ្ដោតលើការអប់រំ ដែលបង្ហាញពីការគាំទ្រ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់យូរអង្វែងរបស់ចក្រភពអង់គ្លេស ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងមានការបង្ហាញពីកម្មវិធីអប់រំជាច្រើន ដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។

ថ្លែងក្នុងឱកាសនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ គឺជាព្រឹត្តិការណ៍ជួបជុំដ៏រីករាយជារៀងរាល់ឆ្នាំ ដែលស្ថានទូតខិតខំប្រឹងប្រែងយ៉ាងពិសេស ដើម្បីអបអរសាទរមិត្តភាពជាមួយកម្ពុជា និងថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសលើគ្រប់វិស័យ។

ទន្ទឹមនេះដែរ ឯកឧត្ដមអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរំលេចឡើងពីមោទកភាពចំពោះភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព តាមរយៈកម្មវិធីផ្ដល់អាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍នានា និងការចូលរួមពាណិជ្ជកម្មលើវិស័យអប់រំ ដែលលើកកម្ពស់ឧត្ដមភាពសេដ្ឋកិច្ចសង្គមជាតិកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងការគោរពជូនពរ ចំពោះព្រះមហាក្សត្រ Charles III ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧៦ ព្រះវស្សា និងលើកឡើងថា ការប្រារព្ធកម្មវិធីនាពេលនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ស្និទ្ធស្នាលយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលជាប្រទេសរាជានិយមដូចគ្នា បានភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ និងបានបង្កើតនូវមិត្តភាពគំរូ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ហើយការផ្លាស់ប្តូរជាញឹកញាប់ នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រជាជាតិទាំងពីរ គឺជាសក្ខីភាព នៃភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជា និងចក្រភពអង់គ្លេស។

ជាថ្មីម្ដងទៀត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណជាពិសេសចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈ កម្មវិធី Chevening ដែលផ្ដល់អាហារូបករណ៍ជាង ២០០ កន្លែង ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ បានបណ្ដុះបណ្ដាលមូលធនមនុស្សដែលពោរពេញដោយទេពកោសល្យជាច្រើនជំនាន់ និងការរួមចំណែករបស់សប្បុរសជនអង់គ្លេសក្នុងប្រតិបត្តិការសាលារៀនជំនាន់ថ្មី (NGS) នៅកម្ពុជាដោយឡើងលើកថា “ការអប់រំជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ជាតិ”។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការទទួលស្គាល់តួនាទីដ៏សកម្ម និងសំខាន់របស់ ឯកអគ្គរាជទូត Dominic Williams ក្នុងការលើកកម្ពស់ និងគាំទ្រវិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈការសម្ពោធសាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា គឺសាកលវិទ្យាល័យ ដឺ ម៉ុនហ្វត (De Montfort University) និងការបង្កើតសាលាមួយចំនួនដែលមានកម្មវិធីសិក្សារបស់អង់គ្លេស ក៏ដូចជាការរួមចំណែករបស់ ឯកអគ្គរាជទូត ក្នុងព្រឹត្តិការណ៍អប់រំ ដូចជា ការប្រកួតជើងឯកការជជែកដេញដោល និងការនិយាយជាសាធារណៈរបស់កម្ពុជា នាពេលថ្មីៗនេះ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?