Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កម្ពុជា លើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុនបង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើន

បានផុស

នៅ

ខណៈដំណាំស្វាយចន្ទីកំពុងកើនឡើងច្រើន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តឱ្យក្រុមហ៊ុនជប៉ុន បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីកាន់តែច្រើនបន្ថែមទៀត ព្រោះបច្ចុប្បន្នការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ជាប្រទេសដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម ប៉ុន្តែនៅមិនទាន់ប្រើប្រាស់អស់ពីសក្តានុពលក្នុងវិស័យនេះនៅឡើយទេ។ បើនិយាយដោយឡែក ពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី ត្រូវបានលោក វង្សី វិស្សុត បញ្ជាក់ថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ដំណាំស្វាយចន្ទីមានការកើនឡើងច្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែការកែច្នៃស្វាយចន្ទីនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដូចជាការកែច្នៃសំបក ជាដើម។

លោក វង្សី វិស្សុត បានបន្តថា ដំណាំស្វាយចន្ទី គឺជាដំណាំដែលមានសក្តានុពលខ្ពស់ ហើយការកែច្នៃគ្រាប់ស្វាយចន្ទីត្រូវធ្វើឡើងនៅគ្រប់ខ្សែច្រវាក់តម្លៃផលិតកម្ម ដើម្បីបង្កើនតម្លៃបន្ថែម និងភាគលាភជូនប្រជាជន និងសេដ្ឋកិច្ចជាតិ។

ការលើកឡើងខាងលើរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងឱកាសដែលលោកអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុនជប៉ុន MIRARTH green tech និងប្រតិភូ ចូលជួបសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និងផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។

ក្រុមហ៊ុន MIRARTH green tech ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុន ដែលកំពុងវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈនៅខេត្តកំពង់ធំ។ ក្រុមហ៊ុននេះបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារជប៉ុនតាំងពីឆ្នាំ២០២១ តាមរយៈក្រុមហ៊ុន Top Planning Japan ហើយក៏គ្រោងនឹងពង្រីកការនាំចេញរបស់ខ្លួនទៅទីផ្សារផ្សេងទៀតជុំវិញពិភពលោកផងដែរ។

ក្នុងជំនួបកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្ដែងក្ដីរីករាយដែលក្រុមហ៊ុន MIRARTH green tech បានសម្រេចវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលជាខេត្តមួយមានការដាំដុះដំណាំស្វាយចន្ទីច្រើនជាងគេក្នុងប្រទេសកម្ពុជា។ លោក វង្សី វិស្សុត បានណែនាំឱ្យក្រុមហ៊ុន MIRARTH green tech បង្កើនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានកាន់ច្រើន និងលឿនជាងនេះទៀត ជាពិសេសធានាឱ្យបានផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋាន។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានប្រាប់ក្រុមហ៊ុនជប៉ុនពីឆន្ទៈរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈប្រែក្លាយប្រទេសកម្ពុជាជាប្រទេសលេខ១ នៅលើពិភពលោក ក្នុងផលិតកម្មស្វាយចន្ទី ហើយដើម្បីបង្ហាញពីការយកចិត្តទុកដាក់នេះ រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារពិសេសមួយ ដើម្បីរៀបចំផែនការ យុទ្ធសាស្ត្រ សម្រាប់ជំរុញការដាំដុះ ការកែច្នៃ ការនាំចេញ ផលិតផលស្វាយចន្ទី ដែលនឹងសហការជាមួយវិស័យឯកជនក្នុងការជំរុញការលើកកម្ពស់ផលិតកម្ម និងការកែច្នៃគ្រាប់ស្វាយចន្ទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម