ព័ត៌មានជាតិ
ក្រុមហ៊ុនអភិវឌ្ឍព្រលានតេជោតាខ្មៅ បានត្រៀមបម្រុងដី សាងសង់ផ្លូវរថភ្លើងមករាជធានីភ្នំពេញ
មន្រ្តីជាន់ខ្ពស់ក្រុមហ៊ុនអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅបានគូសបញ្ជាក់ថា ក្រុមហ៊ុនបានត្រៀមបម្រុងដីសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តហោះតេជោតាខ្មៅមករាជធានីភ្នំពេញ។

លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment (CAIC)
ឆ្លើយតបសំណួរបស់កម្ពុជាថ្មីក្នុងដំណើរទស្សនកិច្ចពីតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាសជាង ១៥០ នាក់ ដើម្បីសិក្សាស្វែងយល់ពីដំណើរការវិវឌ្ឍការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅនៅព្រឹកមិញនេះ លោក ឆារស៍ វ៉ាន់ អភិបាលក្រុមហ៊ុន Cambodia Airport Investment (CAIC) និងជាអភិបាលក្រុមហ៊ុនកាណាឌីយ៉ាគ្រុបបានឲ្យដឹងថា ខណៈដែលដំណើរការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅសម្រេចបានជាង ៧០ ភាគរយ ក្រុមហ៊ុនបានដាក់ផែនការជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះតេជោតាខ្មៅ។ ក្នុងនោះក្រុមហ៊ុនបានបម្រុងដីសម្រាប់គម្រោងសាងសង់ផ្លូវរថភ្លើង តភ្ជាប់ពីព្រលានយន្តហោះតេជោតាខ្មៅមករាជធានីភ្នំពេញ។
លោក ឆារស៍ វ៉ាន់ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ដែលក្រុមហ៊ុនកំពុងសាងសង់ចេញពីព្រលាន យើងបានត្រៀមបម្រុងទីតាំងដីសម្រាប់អភិវឌ្ឍជាផ្លូវរថភ្លើងនៅថ្ងៃអនាគត»។
លោក ឆារស៍ វ៉ាន់ បន្ថែមថា «ដោយសារគម្រោងស្ថិតនៅក្នុងការសិក្សាជាផែនការនៅថ្ងៃអនាគត ហើយដំណើរការនឹងចាប់ផ្តើមនៅពេលណាអាស្រ័យលើរដ្ឋាភិបាល»។
យ៉ាងណាមិញ បើតាមលោក ឆារស៍ វ៉ាន់ ដំណើរការសាងសង់អាចចាប់ផ្តើម ក្រោយពេលដែលព្រលានយន្តហោះតេជោតាខ្មៅបានបញ្ចប់ និងដាក់ឲ្យដំណើរការពេញលេញ។


កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនជំនាញផ្លូវដែករបស់ចិនចំនួនពីរ បានទទួលភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជាក្នុងការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោតាខ្មៅ។
បន្ទាប់ពីទទួលបានភ្លើងខៀវពីរាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុនឆាយណាមេត្រូ និងហ្គ័ងចូវមេត្រូ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា និងបានជួបពិភាក្សាការងារជាមួយមន្រ្តីរដ្ឋាភិបាលដើម្បីសិក្សាគម្រោងនេះ។
ក្នុងនោះគណៈប្រតិភូក្រុមហ៊ុនអភិវឌ្ឍផ្លូវដែករបស់ចិន បានចូលរួមកិច្ចប្រជុំជាមួយមន្រ្តីកម្ពុជា ក្រោមការដឹកនាំពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

លោក ស៊ុន ចាន់ថុល បានគូសរំលេចថា ការរៀបចំប្រព័ន្ធដឹកជញ្ជូនក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ គឺជាកិច្ចការដ៏សំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលតភ្ជាប់រវាងរាជធានីភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់សម្រួលការធ្វើដំណើរគ្រាដែលការចរាចរណ៍ក្នុងរាជធានីភ្នំពេញកាន់តែកកស្ទះ។
បើតាមលោក ស៊ុន ចាន់ថុល ការធ្វើផ្លូវរថភ្លើងក្រោមដីក្នុងរាជធានីភ្នំពេញ និងរថភ្លើងធុនស្រាលភ្ជាប់រវាងភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិតេជោ បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងផ្នែកបរិស្ថានថែមទៀតផង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំក្រុមហ៊ុនអភិវឌ្ឍផ្លូវដែករបស់ចិនពន្លឿនការសិក្សាឱ្យបានលឿន ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច។


គួរបញ្ជាក់ថា នៅព្រឹកមិញនេះ មានដំណើរទស្សនកិច្ចពីតំណាងក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាគាំទ្រការដឹកជញ្ជូនតាមផ្លូវអាកាសជាង ១៥០ នាក់ ដើម្បីសិក្សាស្វែងយល់ពីដំណើរការវិវឌ្ឍជុំវិញការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ។ គិតត្រឹមថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២៤ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) សម្រេចការសាងសង់បានជាង ៧៥% និងចំណាយថវិកាអស់ជាង ១ ១០០ លានដុល្លារអាមេរិក៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?