ព័ត៌មានជាតិ
សាកលវិទ្យាល័យប៊ែលធី រៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៧ជាមួយសាកលវិទ្យាល័យដៃគូចំនួន៣៣ មកពី ១៨ប្រទេសជុំវិញពិភពលោក
នាថ្ងៃទី៦ និងទី៧ ខែមិថុនា ឆ្នាំ២០២៤ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤-The 7th BICC 2024 ស្តីពី “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស-The Scholarship Opportunities and Preparation for Overseas Study Life” និងវេទិកាស្រាវជ្រាវ លើកទី១ ឆ្នាំ២០២៤-The 1st BELTEI IU Research Forum 2024” ស្តីពី “តួនាទីរបស់គ្រឹះស្ថានឧត្តមសិក្សាក្នុងការលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍សម្រាប់កំណើនសេដ្ឋកិច្ច-Role of Higher Education Institutions in Promoting Research and Innovation for Economic Growth” ក្រោមអធិបតីភាពលោកបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និង ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន ព្រមទាំងមានការធ្វើបទបង្ហាញពីសាកលវិទ្យាល័យដៃគូចំនួន ៣៣ មកពី១៨ប្រទេសជុំវិញពិភពលោក ជូនសិស្ស-និស្សិតប៊ែលធី និងអាណាព្យាបាល ប្រមាណ ១២,០០០នាក់ ចូលរួមផ្ទាល់ និងតាមប្រព័ន្ធ Zoom ។
លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានមានប្រសាសន៍ថា BICC គឺជាសន្និសីទ អន្តរជាតិ ដែលរៀបចំដោយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដៃគូនៅឯក្រៅប្រទេសដែលបានចុះអនុស្សារណៈយោគយល់គ្នា (MoU) ដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជាឱ្យមានការទទួលស្គាល់ជាអន្តរជាតិ ដែលផ្តោតលើ៧ចំណុចសំខាន់ៗ៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
លោកសាកលវិទ្យាធិការ បានបន្ថែមថា ដើម្បីចូលរួមលើកកម្ពស់គុណភាពនៃការសិក្សាស្រាវជ្រាវ ឱ្យកាន់តែមានប្រសិទ្ធភាព និងស្តង់ដាដែលមានការទទួលស្គាល់ជាអន្តរជាតិ សាកលវិទ្យាល័យក៏បានរៀបចំ “វេទិកាស្រាវជ្រាវ លើកទី”១” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញ និងកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងស្នាដៃសិក្សាស្រាវជ្រាវពីវាគ្មិនជាតិ-អន្តរជាតិជាច្រើនរូបផងដែរ។
នៅក្នុងពិធីបិទសន្និសីទនេះ ក៏មានការចែករំលែកបទពិសោធន៍អំពីជីវិតសិក្សានៅក្រៅប្រទេសរបស់អតីតសិស្សនិទ្ទេស-A ជានិស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង គឺលោក កែវ ពិសិដ្ឋ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ San Mateo Colleges of Silicon Valley និងសាកលវិទ្យល័យ California នៃសហរដ្ឋអាម៉េរិក ព្រមទាំងការសម្តែងសិល្បៈ វប្បធម៌ប្រពៃណីជាតិខ្មែរ ផងដែរ។
ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានជម្រាបជូនអង្គសន្និសីទអំពី សន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា រួមទាំងវិស័យអប់រំ និងសេដ្ឋកិច្ច ជាពិសេសភាពលេចធ្លោនៃកិត្តិនាមនៅលើឆាកអន្តរជាតិរបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជាច្រើនរូបទៀតដែលសុទ្ធសឹងជាបណ្ឌិត-បញ្ញវន្ត មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ ដែលនឹងបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅសម្រេចទស្សនវិស័យអភិវឌ្ឍន៍កម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ និង មានចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកបណ្ឌិត ក៏បានថ្លែងអំណរគុណគ្រឹះស្ថានសិក្សាទាំង៣៣ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមសន្និសីទដ៏មានសារៈសំខាន់នេះ និងបានធ្វើបទបង្ហាញចែករំលែកព័ត៌មានសិក្សារបស់សាកលវិទ្យាល័យខ្លួនជូនដល់សិស្ស-និស្សិតកម្ពុជា។ លោកមបណ្ឌិត បានបន្ថែមថា សន្និសីទ BICC នឹងរួមចំណែកយ៉ាងធំធេងក្នុងការបង្កើនធនធានមនុស្សប្រកបដោយសមត្ថភាពនៅកម្ពុជាក្នុងសម័យឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់វិស័យអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
ជាទីបញ្ចប់ លោកបណ្ឌិតក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យដៃគូទាំងអស់ បន្តចូលរួមសន្និសីទ BICC លើកទី៨ និងវេទិកាស្រាវជ្រាវ លើកទី២ ឆ្នាំ២០២៥ ដើម្បីរួមគ្នាពង្រឹងគុណភាពអប់រំទាំងថ្នាក់ជាតិ-អន្តរជាតិ ជាពិសេសបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាឱ្យបានកាន់តែប្រសើរបន្ថែមទៀត៕
អត្ថបទ៖ សុខា
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍១៧ ម៉ោង ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
តារាចម្រៀងម្នាក់ស្លាប់ ក្រោយចូលម៉ាស្សា៣ដងនៅហាងមួយក្នុងប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ