ព័ត៌មានជាតិ
អ្នកវិភាគ ថា ការតែងតាំងលោក Wang Wenbin ជារដ្ឋទូតចិនថ្មីនៅកម្ពុជា ជាការលើកតម្លៃការទូតរបស់ចិនជាមួយកម្ពុជា
ចិន នឹងបញ្ជូនមន្ត្រីការទូតដ៏សំខាន់របស់ខ្លួន គឺលោក Wang Wenbin ឱ្យមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ជំនួសលោក វ៉ាង វិនធាន ដែលចប់អាណត្តិ។ ការបញ្ជូនអតីតអ្នកនាំពាក្យក្រសួងការបរទេសចិនមកបំពេញការងារនៅកម្ពុជាពេលនេះ ត្រូវបានអ្នកវិភាគ មើលឃើញថា ជាការលើកកម្ពស់តម្លៃការទូតរបស់ចិនជាមួយកម្ពុជា ដែលទំនាក់ទំនងប្រទេសទាំងពីរបាននិងកំពុងមានលក្ខណៈពិសេសជាមួយគ្នា។

លោក Wang Wenbin គឺជាមន្ត្រីការទូតដែលមានប្រជាប្រិយភាពមួយរូបក្នុងកិច្ចការនយោបាយការបរទេសរបស់ចិន ។ អ្នកការទូតវ័យ ៥៣ឆ្នាំរូបនេះ ធ្លាប់កាន់ការងារជាឯកអគ្គរដ្ឋទូតចិននៅប្រទេសទុយនេស៊ី ធ្លាប់បំពេញការងារជាមន្ត្រីការទូតប្រចាំប្រទេសម៉ូរីស និងសេណេហ្គាល់ និងមុនក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាពេលនេះ លោកកាន់ការជាអ្នកនាំពាក្យក្រសួងការបរទេសចិន។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា លើកឡើងថា ការតែង តាំងលោក Wang Wenbin ដែលជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ឱ្យបំពេញតួនាទីជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាសម្រាប់អាណត្តិថ្មីនេះ ពិតជាមានសារៈសំខាន់ខ្លាំង ដែលបញ្ជាក់ឱ្យឃើញថា ចិនបានយកចិត្តទុកដាក់ និងផ្ដល់អាទិភាពដល់ទំនាក់ទំនងជាមួយកម្ពុជា ដែលជាទំនាក់ទំនងទ្វេភាគីមានលក្ខណៈពិសេសក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប មានក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយជាប្រទេសដែលកំពុងកសាងសហគមន៍ជោគវាសនារួមគ្នា។

ដោយលោក Wang Wenbin ជាអ្នកការទូតចិនម្នាក់ដែលនិយាយមិនសំចៃមាត់ទៅលើកិច្ចការអន្តរជាតិ ជាពិសេសជុំវិញបញ្ហានានាពាក់ព័ន្ធនឹងការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយរវាងមហាអំណាចចិន និងសហរដ្ឋអាមេរិក នោះ លោកបណ្ឌិត គិន ភា បញ្ជាក់ថា ក៏អាចជាការត្រៀមខ្លួនយ៉ាងយកចិត្តទុកដាក់របស់ចិន ក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយមហាអំណាចសហរដ្ឋអាមេរិក។ បណ្ឌិត គិន ភា សង្កត់ធ្ងន់ថា នេះជាការផ្ដល់តម្លៃរបស់ចិនចំពោះកម្ពុជា ហើយក៏ជាការត្រៀមខ្លួនក្នុងសង្គ្រាមការទូតណាមួយជុំវិញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន ឬការឆ្លើយតបបានគ្រប់សភាពការណ៍ក្នុងកម្រិតការទូតណាមួយជាមួយមហាអំណាចអាមេរិកតែម្ដង។
លើកឡើងដូចគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញផ្នែកភូមិ សាស្ត្រនយោបាយ លើកឡើងថា តាមរយៈការបញ្ជូនអ្នកការទូតដែលចាត់ទុកជាមនុស្សសំខាន់របស់ប្រទេសចិនឱ្យមកបំពេញបេសកកម្មនៅកម្ពុជា គឺចិនចង់បញ្ជាក់ពីការលើកកម្ពស់តម្លៃការទូតរបស់ខ្លួនជាមួយកម្ពុជា ដែលត្រូវបានយកចិត្តទុកដាក់ខ្លាំង។ បណ្ឌិត យង់ ពៅ ថា ឯកអគ្គរដ្ឋទូតចិនថ្មីរូបនេះ នឹងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងពង្រីក លើកកម្ពស់ និងជំរុញនូវទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងកម្ពុជា-ចិន ដែលមានស្រាប់ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ការផ្លាស់ប្ដូរមនុស្សសំខាន់រវាងប្រទេសទាំងពីរ មិនមែនទើបតែមានឥលូវទេ តែមានជាយូរមកហើយ ដែលមានលក្ខខណ្ឌពិសេស ពោលគឺកម្ពុជា ក៏បានតែងតាំងឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ឱ្យទៅបំពេញការងារការទូតនៅចិនផងដែរ គឺរដ្ឋលេខាធិការក្រសួងការបរទេស លោកស្រី សឿង រដ្ឋចាវី។ ក្នុងន័យនេះ បណ្ឌិត យង់ ពៅ ចង់បង្ហាញថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន តែងតែផ្ដល់តម្លៃឱ្យគ្នាទៅវិញទៅមក ពោលគឺទំនាក់ទំនងសំខាន់ ចាត់តាំងមនុស្សសំខាន់។
ប៉ុន្តែបណ្ឌិតផ្នែកភូមិសាស្ត្រនយោបាយរូបនេះ ក៏បានលើកឡើងពីការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយពីមហាអំណាចម្ខាងទៀតផងដែរ គឺសហរដ្ឋអាមេរិក។ លោកបណ្ឌិត ថា ស្ថិតក្នុងលក្ខខណ្ឌទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិនបែបនេះ អាមេរិកតែងមើលមកកម្ពុជា ថា លំអៀងទៅលើចិន។ យ៉ាងណាក៏ដោយ ថ្មីៗនេះ អាមេរិកខិតខំសម្រួលស្ថានការណ៍ ក៏ដូចជាការសម្រួលឥរិយាបទក្នុងការស្វែងរកឱកាសស្ដារឡើងវិញនូវទំនាក់ទំនងជាមួយកម្ពុជា។ ជាក់ស្ដែង ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក មកកម្ពុជា បានចូលជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងបានចេញសារនយោបាយ ដែលបញ្ជាក់ពីបំណងចង់ស្ដារទំនាក់ទំនងឡើងវិញជាមួយកម្ពុជា៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា