ព័ត៌មានជាតិ
តើកម្ពុជាមានមន្ទីរពិសោធន៍រកវីរុសកូវីដ-១៩ នៅទីណាខ្លះ?
កម្ពុជាកំពុងមមាញឹកធ្វើយុទ្ធនាការប្រឆាំង ជំងឺកូវីដ-១៩ ពិសេសគឺ បញ្ចប់ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” ដែលជាការឆ្លងមេរោគកូវីដ-១៩ ចូលសហគមន៍លើកទី៣ ហើយមានសភាពធ្ងន់ធ្ងរជាងព្រឹត្តិការណ៍មុនៗទៅទៀត។ ក្នុងរង្វង់ជិតមួយសប្ដាហ៍នេះ មានអ្នកឆ្លងកូវីដ-១៩ កើនឡើងយ៉ាងខ្លាំង ស្របពេលមន្ត្រីសមត្ថកិច្ចកំពុងស្វះស្វែងរកអ្នកពាក់ព័ន្ធឯទៀតដើម្បីធ្វើតេស្តរកមេរោគ។
លោកវេជ្ជបណ្ឌិត ដួង វាសនា ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ប្រាប់កម្ពុជាថ្មី នៅថ្ងៃនេះថា បច្ចុប្បន្នមានកម្ពុជាមានមន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ-១៩ ចំនួន២កន្លែងនៅភ្នំពេញ និង២កន្លែងទៀតនៅតាមបណ្ដាខេត្ត ទន្ទឹមពេលក្រសួងសុខាភិបាលកំពុងសាងសង់មន្ទីរពិសោធន៍រកមេរោគកូវីដ-១៩ នេះនៅខេត្តមួយទៀត។

លោក ដួង វាសនា មានប្រសាសន៍ថា៖ មន្ទីរពិសោធន៍រកវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញ មាននៅ វិទ្យាស្ថាន ប៉ាស្ទ័រ និងជាតិសុខភាពសាធារណៈ ចំណែកមន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ១៩ នៅតាមខេត្តគឺនៅ សៀមរាប និងបាត់ដំបង ហើយមន្ទីរពិសោធន៍នៅខេត្តព្រះសីហនុមិនទាន់ដំណើរការទេ ដោយកំពុងសាងសង់អគារជិតរួចរាល់ហើយ”។
លោក ដួង វាសនា បញ្ជាក់បន្ថែមទៀតថា មន្ទីរពិសោធន៍ធ្វើតេស្តកូវីដ-១៩ ទាំងនោះ មានទីតាំងស្ថិតនៅ មន្ទីរពេទ្យបង្អែកខេត្តនីមួយៗ។ ក្រសួងសុខាភិបាលបានតម្រូវឱ្យមន្ទីរពិសោធន៍តាមបណ្ដាខេត្តធ្វើតេស្តលើសំណាករកមេរោគកូវីដ-១៩ផងដែរ ដើម្បីកុំឱ្យចាល់មកភ្នំពេញច្រើនពេក ពិសេសក្នុងករណីប្រញាប់បន្ទាន់។

លោក រឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា មន្ទីរពិសោធន៍ធ្វើតេស្តរកមេរោគកូវីដ១៩នៅ បាត់ដំបង ក៏ដូចជានៅខេត្តសៀមរាប គឺកំពុងសាងសង់មិនទាន់សាងសង់រួចរាល់ទាំងស្រុងដូចគ្នា។
លោក រឿង ប៊ុនរេត មានប្រសាសន៍បន្តថា៖ “នៅខេត្តបាត់ដំបង អាចធ្វើតេស្តរកមេរោគកូវីដ-១៩ បានចំនួនតិចតួច ឬករណីបន្ទាន់។ ក្នុងករណីពិសេស គឺត្រូវផ្ញើសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ”។
លោក ដួង វាសនា មានប្រសាសន៍ឱ្យដឹងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អាចធ្វើតេស្តរកមេរោគកូវីដ-១៩ ក្នុងស្ថានភាពធម្មតា បានជាង ១,០០០ សំណាក ក្នុងមួយថ្ងៃ និងក្នុងករណីផ្ទុះខ្លាំង គឺអាចធ្វើតេស្តរកមេរោគកូវីដ-១៩បានជាង ៣,០០០ សំណាកឯណោះ ក្នុងមួយថ្ងៃ។
ប្រធានផ្នែកវិរុសាស្ដ្រនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រូបនេះ បានឱ្យដឹងថា ចំពោះមន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគកូវីដ-១៩នៅតាមបណ្ដាខេត្ត អាចធ្វើតេស្តរកមេរោគមិនច្រើនដូចនៅភ្នំពេញទេ។
លោក ដួង វាសនា មានប្រសាសន៍បញ្ជាក់ថា៖ “ដោយសារម៉ាស៊ីនធំរបស់គាត់អត់ទាន់មកដល់ ហើយមន្ទីរពិសោធន៍របស់គាត់ក៏មិនទាន់សាងសង់រួចរាល់ដែរ។ គាត់មានតែម៉ាស៊ីនប្រភេទផ្សេង ដែលអាចធ្វើតេស្តរកមេរោគតិចក្នុងមួយថ្ងៃ គឺអាចធ្វើតេស្តបានជាង១០០សំណាក”។
លោក វាសនា មានប្រសាន៍ថា សម្រាប់បច្ចុប្បន្ន នៅកម្ពុជា មានតែនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាមួយកន្លែងទេ ដែលអាចធ្វើតេស្តរក និងកំណត់ អត្តសញ្ញាណមេរោគកូវីដ-១៩បំប្លែងថ្មី។
លោក មានប្រសាសន៍បញ្ជាក់ថា៖ “នៅពេលនេះ កម្ពុជាមិនទាន់រកឃើញវីរុសកូវីដ-១៩បំប្លែងថ្មីបន្ថែមទៀតនោះទេ គឺមានតែ៦ករណីដដែល ដោយ៣ករណីរកឃើញក្នុង “ព្រឹត្តិការណ៍ ២០ កុម្ភៈ”។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានប្រាប់ កម្ពុជាថ្មី ថា ក្នុងចំណោមមេរោគថ្មីហ្នឹង វាមានចំនួន៦ករណី ហើយក្នុងនោះ៣ករណីមកពីព្រះរាជាណាចក្រអង់គ្លេស និង៣ករណីទៀត គឺពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍ “ព្រឹត្តិការណ៍ ២០ កុម្ភៈ” នេះ។

លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍ថា៖ “ទាក់ទងទៅនឹងការពិនិត្យរកមេរោគកូវីដ-១៩ប្រភេទថ្មី គឺក្រុមការងារពិនិត្យរកតែលើសំណាកណាដែលមានវីរុសច្រើន ដើម្បីចង់ដឹងថា តើសំណាកដែលមានមេរោគច្រើននោះ វាជាប្រភេទមេរោគអ្វី”។
លោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល មានប្រសាសន៍បញ្ជាក់ថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មានសមត្ថភាពពិនិត្យរកមើលគ្រប់ប្រភេទវីរុសថ្មីទាំងអស់នៅក្នុងពិភពលោក។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហាញទិន្នន័យនៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា មកដល់ពេលនេះ នាយកដ្ឋានបានធ្វើតេស្តចំនួន ៤៨០,១០៥ ស្មើនឹង ២៨,៥៧៧ ក្នុង១លាននាក់។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ៧៦៦នាក់ ដោយបានព្យាបាលអ្នកជំងឺឱ្យជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល ចំនួន ២៨៧នាក់ និងពុំទាន់មានអ្នកបាត់បង់ជីវិតដោយសារមេរោគកូវីដនេះទេ។ ក្នុងចំណោមអ្នកជំងឺសរុប មានអ្នកជំងឺចំនួន២៥៩នាក់ ពាក់ព័ន្ធការឆ្លងចូលសហគមន៍លើកទី៣ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” ដោយបានរកឃើញ២៦ករណីថ្មីកាលពីម្សិលមិញ៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមអានព័ត៌មានពាក់ព័ន្ធ៖
ហេតុអ្វីការផ្ដល់ចាក់វ៉ាក់សាំងមិនធ្វើនៅថ្ងៃក្រៅម៉ោងធ្វើការផង?
សូមប្រយ័ត្ន! មេរោគកូវីដ-១៩ មិនមែនឆ្លងតាមតែច្រមុះ និងមាត់ទេ!

-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?