ព័ត៌មានជាតិ
លោក សាយ សំអាល់ ជំរុញឲ្យក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត
នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានជំរុញឱ្យក្រុមប្រឹក្សាខេត្តកំពតអាណត្តិទី៤ ត្រូវជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងឱ្យបានល្អ និងសហការជិតស្និទ្ធជាមួយគណៈអភិបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាល សំដៅជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងប្រជាជននៅមូលដ្ឋានឲ្យកាន់តែល្អប្រសើរ។

ថ្លែងក្នុងពីធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី៤ ឆ្នាំ២០២៤ លោក សាយ សំអាល់ បានអបអរសាទរដល់ក្រុមប្រឹក្សាខេត្តកំពតទាំង២៥រូប ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ហើយត្រូវបានប្រកាសចូលកាន់តំណែងនាពេលនេះ។ លើសពីនេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការរៀបចំការបោះឆ្នោត និងគណៈបញ្ជាការឯកភាពខេត្តកំពត ដែលបានជួយសម្របសម្រួលធ្វើឱ្យដំណើរការនៃការរៀបចំកិច្ចការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឱ្យប្រព្រឹត្តបានទៅដោយរលូន។
លោក សាយ សំអាល់ ក៏បានដាក់ចេញនូវគោលការណ៍បីចំណុចសំខាន់ៗសម្រាប់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ និងអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានអនុវត្តន ទី១.កិច្ចការអភិបាលកិច្ចល្អ គឺការធានានូវការប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្មស្ថាប័នឱ្យក្លាយជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ទី២.ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានល្អប្រសើរ និងបង្ខិតសេវាឱ្យនៅជិតប្រជាពលរដ្ឋបំផុត។ ទី៣.ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈល្អ គឺធ្វើយ៉ាងណាត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្តិភាពឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាភាពសុខសាន្តជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដើម្បីសម្រេចនូវចំណុចទាំងបីនេះ តម្រូវឲ្យមានការចូលរួមរក្សាសាមគ្គីឯកភាពផ្ទៃក្នុង និងសហការល្អរវាងក្រុមប្រឹក្សា និងគណៈអភិបាលគ្រប់លំដាប់ថា្នក់។ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានរំលេចដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ទិសដៅឱ្យកម្ពុជាត្រូវខិតខំប្រឹងប្រែងកសាងខ្លួនឯងឱ្យបានរឹងមាំ សំដៅឱ្យកម្ពុជាមានឯករាជ្យភាពផ្នែកនយោបាយ និងសេដ្ឋកិច្ច។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវទស្សនៈវិស័យផ្ដោតលើកិច្ចការងារដែលត្រូវធ្វើចំពោះមុខ គឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ស្គាល់អំពីរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដោយត្រូវរួមកំលាំងគ្នាប្រកួតប្រជែងជាមួយតំបន់របៀងសេដ្ឋកិច្ចដទៃទៀតក្នុងប្រទេសកម្ពុជា។

លោក ម៉ៅ ធនិន បានលើកឡើងថា នាអាណត្តិទី៣កន្លងមក ក្រុមប្រឹក្សាខេត្តបានរួមសហការជាមួយគណៈអភិបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានយ៉ាងល្អប្រសើរ និងជិតស្និតបំផុត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ជាមួយគ្នានេះដែរលោកបានលើកឡើងថា នៅក្នុងអាណត្តិទី៤នេះ រដ្ឋបាលខេត្តនិងបន្តខិតខំប្រឹងប្រែងក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាខេត្តឱ្យកាន់តែល្អប្រសើរ និងស្អិតរមួតបន្តទៀត ក្នុងន័យរួមគ្នាដើម្បីបំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកំពត៕
អត្ថបទ៖ សឹង រ៉ាត់



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?