Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ហៅក្រុម MMO ទៅអប់រំ ករណីផលិតវីដេអូប៉ះពាល់សីលធម៌សង្គម

បានផុស

នៅ

នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ក្រុមអ្នកផលិតវីដេអូ (MMO) នៅក្នុងខេត្តសៀមរាបមួយក្រុម ត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងមន្ត្រីជំនាញនៃខេត្តសៀមរាប ហៅមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សីលធម៌ សេចក្តីថ្លៃថ្នូររបស់សង្គមខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកោះហៅនេះ បានធ្វើឡើងបន្ទាប់ពីក្រុម MMO ខាងលើបានថតវីដេអូជាច្រើនឃ្លីប ដែលបង្កប់ន័យអាសអាភាស ប្រើពាក្យសម្តីអសុរោះ រួចបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប បានឱ្យដឹងថា ការកោះហៅក្រុម ដែលជាអ្នកផលិតវីដេអូមកអប់រំនេះ មិនមែនជាការចាប់ទោសអ្វីនោះទេ បើទោះបីជាវីដេអូដែលបានបង្ហោះនោះបានបង្ហាញនូវរូបភាព និងខ្លឹមសារខុសឆ្គងអសុរោះ និងខ្វះសីលធម៌ក្តី។ ប៉ុន្តែការហៅមកនេះជាការកែតម្រូវដើម្បីឱ្យការផលិតវីដេអូក្រោយៗកាន់តែមានភាពល្អប្រសើរ និងអាចជួយផ្សព្វផ្សាយនូវអ្វីដែលល្អៗរបស់សង្គមខ្មែរ។

លោកប្រធានមន្ទីរ លើកឡើងថា ប្រទេសជាតិមានមរតកវប្បធម៌ដ៏សំបូរបែប ប្រជាពលរដ្ឋមានប្រពៃណីល្អផូរផង់ មានសីលធម៌ល្អក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គម ទាំងអស់នេះសុទ្ធតែជាចំណុចល្អៗដែលគួរខិតខំផ្សព្វផ្សាយ។ លោកថា «យើងអាចរកចំណូលបានមួយផ្នែក តែយើងក៏បានផ្តល់ការផ្សព្វផ្សាយនូវអ្វីៗដែលល្អទាំងអស់នោះផងដែរ»។

រីឯ តំណាងក្រុមអ្នកផលិតវីដេអូ បានអរគុណចំពោះថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធដែលបានផ្តល់ឱកាសឱ្យពួកខ្លួនបានកែប្រែនូវចំណុចឆ្គាំឆ្គងនានា។ លោកថា ការពិតវីដេអូរបស់ក្រុមខ្លួន គ្មានបំណងណាមួយញុះញង់ បង្ហាញភាពអាសអាភាស បង្ហាញភាពអសីលធម៌អ្វីទេ ពោលគឺក្រុមខ្លួនផលិតវីដេអូបែបអប់រំជារឿងភាគ ប៉ុន្តែដោយសារសាច់រឿងត្រូវបានកាត់ខ្លីៗទើបបង្កឱ្យមានការខុសឆ្គងបែបនេះ។

តំណាងក្រុមអ្នកផលិតវីដេអូ បានធ្វើការសុំទោសចំពោះប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំនូវរាល់កំហុសឆ្គងកន្លងមក និងសន្យាកែប្រែនូវចំណុចខុសឆ្គងទាំងអស់ទាំងខ្លឹមសារពាក្យពេចន៍ និងរូបភាព ផងដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ២១ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ២២ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣៣ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម