ព័ត៌មានជាតិ
សហគមន៍កសិកម្មចំនួន ៣ ទទួលបានការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដាំដុះបន្លែ
ក្រុមប្រជាកសិករផលិតដំណាំកសិកម្មបន្លែនៅសហគមន៍ចំនួន ៣ ក្នុងខេត្តបាត់ដំបង មានសមាជិកចំនួន ៦៣ នាក់ ទទួលបានការបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពបន្ថែមលើបច្ចេកទេសផលិតកម្មដំណាំបន្លែ ពីគ្រូបង្គោលបច្ចេកទេសផលិតកម្មបន្លែសហភាពសហគមន៍កសិកម្មបាត់ដំបង (ស.ស.ក.ប.) ដើម្បីលើកកម្ពស់វិស័យកសិកម្ម។
បើតាមមន្ត្រីជំនាញនៃសហភាពសហគមន៍ខេត្តបាត់ដំបងបានឲ្យដឹងថា ក្រុមផលិតដែលទទួលបានការបណ្តុះបណ្តាលនាពេលនេះ គឺមកពីតាមសហគមន៍ចំនួន ៣ ផ្សេងគ្នាក្នុងនោះមាន ១-សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមនៃកសិករ, ២-សហគមន៍កសិកម្មអាងកំពីងពួយ ,៣-សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ។
បើតាមប្រភពដដែលបានអះអាងថា«សម្រាប់ការបណ្ដុះបណ្ដាលនេះ គ្រូបង្គោលពន្យល់ផ្ដោតទៅលើការដាំដុះដំណាំលក្ខណៈគ្រួសារ មានដូចជា ការថែទាំដំណាំ ការគ្រប់គ្រងសត្វល្អិតបំផ្លាញផលដំណាំ និងទី៣- ការផលិតជីបូកាឈិ សម្រាប់ប្រើប្រាស់ដោយខ្លួនឯង»។
ស្របពេលជាមួយគ្នានេះ ក្រុមកសិករជាអ្នកផលិតដំណាំបន្លែនៅតាមសហគមន៍បានលើកឡើងប្រហាក់ប្រហែលគ្នាថា ការចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលពីគ្រូបង្គោលក្នុងសហភាពសហគមន៍កសិកម្មថ្ងៃនេះ ពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់ពួកគាត់ក្នុងការប្រកបរបរកសិកម្មបន្លែឲ្យកាន់តែមានបរិមាណ និងគុណភាពល្អប្រសើរមួយកម្រិតទៀត ព្រមទាំងបានទទួលផលកើនឡើងតាមការរៀនសូត្របន្ថែមទៅលើការថែទាំដំណាំការគ្រប់គ្រងសត្វល្អិតបំផ្លាញដំណាំ និងការផលិតជីសរីរាង្គ ប្រើប្រាស់ដោយខ្លួនឯង មិនពិបាកចំណាយថវិកាទិញពីទីផ្សារនោះទេ។
ដោយឡែកមន្ត្រីកសិកម្មខេត្តបានឱ្យដឹងដែរថា កសិករផលិតដំណាំកសិកម្មបន្លែតាមសហគមន៍ បើអនុវត្តន៍តាមការណែនាំពីគ្រូបង្កោលដែលបានពន្យល់អំពីការដាំបន្លែតាមបច្ចេកទេសចំនួន ៣ ខាងលើ នោះនឹងបានហុចផលបានតាមការរំពឹងទុក ដោយអាចបង្កើនចំណូលថវិកាយ៉ាងប្រសើរបន្ថែមទៀត។ ខណៈទីផ្សារតម្រូវការបន្លែ ដែលដាំតាមស្តង់ដារ និងបច្ចេកទេសល្អ ដែលកើតចេញពីតាមបណ្ដាសហគមន៍នានាក្នុងខេត្ត មិនមានសារធាតុគីមីណាមួយនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគរួម និងរៀបចំការវេច ខ្ចប់តាមស្តង់ដារ បច្ចេកទេសត្រឹមត្រូវប្រកបដោយអនាម័យល្អផង។
បើតាមមន្ត្រីរដ្ឋបាលសាលាស្រុកបាណន់ កសិករអ្នកផលិតដំណាំកសិកម្មបន្លែក្នុងសហគមន៍កសិកម្មអាងកំពីងពួយ ហាក់មានសន្ទុះលើទីផ្សារតាមបណ្ដាខេត្តនានាក្នុងស្រុកបានល្អប្រសើរ។
លោក សួង ហុក ប្រធានសហគមន៍បានឲ្យដឹងថា សហគមន៍កសិកម្មអាងកំពីងពួយ បានបង្កើតឡើងនៅក្នុងអំឡុងចុងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២៤ នេះ មានសមាជិកចូលរួមចំនួន ២១០នាក់ ក្នុងនោះជាស្ត្រី ៩០នាក់ ហើយបច្ចុប្បន្នមានដំណាំបន្លែចម្រុះ តែក្នុងចំណោមបន្លែនៅក្នុងសហគមន៍របស់លោក មានតែបន្លែត្រសក់ ដំណើរការលើទីផ្សារល្អជាងបន្លែផ្សេងៗ។
លោកថា «បច្ចុប្បន្នបន្លែក្នុងសហគមន៍បានដើរលើទីផ្សារក្នុងស្រុកបានប្រសើរ ក្រៅពីផ្គត់ផ្គង់ទីផ្សារក្នុងខេត្តក៏មានទៅតាមបណ្ដាខេត្តមួយចំនួនទៀតដូចជា ភ្នំពេញ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ជាដើម»។
ជាចុងក្រោយ ប្រធានសហគមន៍រូបនេះក៏បានអំពាវនាវឲ្យប្រជាជនខ្មែរ ចូលរួមលើកកម្ពស់បន្លែក្នុងស្រុក ឲ្យកាន់តែប្រសើរថែមទៀត ជាមួយការដាំដុះប្រកបដោយស្តង់ដារ និងបច្ចេកទេសល្អ មិនប៉ះពាល់សុខភាព តាមរយៈការផលិតជីសរីរាង្គដោយខ្លួនឯង និងគ្មានសារធាតុគីមីនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់