Connect with us

ព័ត៌មានជាតិ

កសិករដាំត្រប់ស្រួយ ត្អូញត្អែរពីការធ្លាក់ថ្លៃខ្លាំងស្ទើររកទីផ្សារមិនបាន

បានផុស

នៅ

រយៈពេលប្រមាណជាង ១០ ថ្ងៃមកហើយ ដែលតម្លៃត្រប់ស្រួយបានធ្លាក់ដាំក្បាលចុះយ៉ាងខ្លាំង សឹងតែរកទីផ្សារមិនបាន ដែលធ្វើឲ្យប្រជាកសិករមានការត្អូញត្អែរ ដោយសារតម្លៃធ្លាក់មិនដែលជួបទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហម សាវឿត ប្រជាកសិកររស់នៅភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា លោកបានផ្លាស់ប្ដូរមុខរបរក្រោយពីជំងឺកូវីដបានបញ្ចប់ គឺលោកលែងធ្វើចំណាកស្រុកទៀតដោយលោកចាប់យកមុខរបរកសិកម្ម​វិញ។

លោកបានបន្តថា រយៈពេលជាងពីរឆ្នាំកន្លងទៅនេះ លោកបានប្រកបរបរដាំត្រប់ស្រួយ នៅលើផ្ទៃដី ២ កន្លែង បើសរុបមានទំហំប្រមាណកន្លះហិកតា ហើយកន្លងមកគឺតម្លៃបានខ្ពស់គ្រាន់បើដោយក្នុងមួយគីឡូក្រាមអាចផ្ទុះឡើងពី ៣.០០០ ទៅ ៤.០០០ រៀល។ នៅពេលប្រមូលផលម្ដងៗ គឺលោកអាចទទួលផលបានចន្លោះពី ៣០០ ទៅ ៤០០ គីឡូក្រាម នេះគឺសម្រាប់តែអាកាសធាតុត្រជាក់ទើបទទួលបានទិន្នផលខ្ពស់ ហើយអាចក្នុងមួយសប្តាហ៍ប្រមូលផលម្ដង តែបើអាកាសធាតុ​ក្តៅ គឺបានត្រឹមតែ ២០០ ទៅ ៣០០ គីឡូក្រាមប៉ុណ្ណោះ។

លោក ហម សាវឿត បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប្រមាណជិតកន្លះខែចុងក្រោយនេះ ត្រប់ស្រួយរបស់លោកក៏ដូចជារបស់អ្នកភូមិជិតខាង គឺគ្មានទីផ្សារទាល់តែសោះ ដោយក្រុមឈ្មួញដែលចុះទៅទិញផ្ទាល់ដល់ចំការ បានឱ្យតម្លៃត្រឹមតែ ៣០០ រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ហើយកន្លែងខ្លះទៀតតម្លៃ ៣០០ នេះក៏គេមិនទិញថែមទៀតផង ធ្វើឱ្យប្រជាកសិករនៅក្នុងតំបន់ខាងលើ ស្ទើរតែអង្គុយយំ។

លោក ហម សាវឿត ក៏បានសំណូមពរដល់មន្ត្រីជំនាញមេត្តាធ្វើយ៉ាងណាជួយរកទីផ្សារ ទៅលើដំណាំត្រប់ស្រួយនេះ ឱ្យបានសមរម្យផង ព្រោះបើមិនដូច្នេះទេ គឺប្រជាកសិករមិនអាចរកចំណូលទប់ទល់ទៅលើការខ្ចីបុលធនាគារសម្រាប់​យក​មកប្រើប្រាស់បានឡើយ។

កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គេសង្កេតឃើញមានមន្ត្រីនៃមន្ទីរកសិកម្មបានចុះទៅពិនិត្យមើលដល់ចំការត្រប់ក្នុងភូមិសាស្ត្រខាងលើនេះដែរ ប៉ុន្តែចាប់ពីថ្ងៃនោះមកតម្លៃដែលធ្លាក់ចុះគឺនៅតែធ្លាក់ចុះដដែលដោយមិនទាន់មានការប្រែប្រួល ឬងើបឡើងបន្តិចសោះឡើយ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម