Connect with us

ព័ត៌មានជាតិ

ទិវាបរិស្ថានពិភពលោក ជាវេទិកាដ៏មានឥទ្ធិពលមួយ ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថាន

បានផុស

នៅ

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន បាន​គូស​បញ្ជាក់​ថា ជា​រៀង​រាល់ឆ្នាំ​ទិវាបរិស្ថាន​ពិភព​លោក ៥ មិថុនា គឺ​ជាវេទិកា​ដ៏មានឥទ្ធិពលមួយក្នុងការពន្លឿនពង្រីក និង​ចូលរួមជាមួយប្រជាជនសហគមន៍ និង​រដ្ឋាភិបាល​នៅជុំវិញពិភពលោក ដើម្បីចាត់វិធានការលើបញ្ហាបរិស្ថានសំខាន់ៗ ដែល​កំពុង​ប្រឈម​នឹង​ភព​ផែនដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ប្រារព្ធ​ទិវា​បរិស្ថាន​ជាតិ និង​​បរិស្ថានពិ​ភពលោក ៥ មិថុនា ក្រោម​ប្រធានបទ៖ «ការកែប្រែគុណភាពដី ដីរហោស្ថានកម្ម និងធន់នឹងគ្រោះរាំងស្ងួត» នា​ថ្ងៃ​ទី​​១១ ខែ​មិថុនា នេះ លោក ខ្វៃ អាទិត្យា មាន​ប្រសាសន៍​ថា ដើម្បីចូលរួមក្នុងចលនាពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យក ថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈ អនុក្រឹត្យ លេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជា​មួយ​នឹងការប្រារព្ធ​ទិវាបរិស្ថាន​ពិភពលោក។

លោក​ថា «ចាប់តាំងពីពេលបង្កើតទិវានេះមក យុទ្ធនាការបរិស្ថានជាតិ និងបរិស្ថានពិភពលោក ត្រូវ​បានរៀបចំឡើងនៅ​ទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត នៅតាមទីតាំងផ្សេងៗគ្នាទូទាំងប្រទេស ដោយ​សហការ​ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបញ្រ្ជាប​ចំណេះដឹងបរិស្ថាន និងការអនុវត្ត នៅ​តាមទី​សាធារណៈ តំបន់​សហគមន៍ កន្លែងទេសចរណ៍ក្នុងការជម្រុញភាពស្អាត កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទីក្រុង និងមូលដ្ឋានមានភាពបៃតង មានដើមឈើ មានម្លប់ ខ្យល់អាកាសល្អ។ ជាពិសេស បានចូលរួមជា​មួយរាជរដ្ឋាភិបាល ក្នុង​ការអនុវត្ត​យុទ្ធសាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន ក្នុង​ការ​សម្រេច​គោលដៅ​ប្រទេស​កម្ពុជា ជា​ប្រទេស​អព្យាក្រឹតកាបូន និងមានគម្របព្រៃ ៦០% នៅឆ្នាំ ២០៥០»។

លោក ហែម ឬទ្ធី អភិបាលរង​នៃគណៈអភិបាលខេត្តប៉ៃលិន​បានធ្វើការអំពាវនាវ​ដល់​ប្រជាពលរដ្ឋ បន្ត​ចូលរួមអនុវត្ត​ឱ្យកាន់តែសកម្មនូវគោលការណ៍ណែនាំ របស់ក្រសួងបរិស្ថាន និង​យកចិត្តទុកដាក់​គ្រប់គ្រងលើ​សំណល់ដែលយើងបានបញ្ចេញ និង​ចូលរួមដាំដើមឈើឡើងវិញ និង​ថែរក្សា​ធនធាន​ដែល​មានស្រាប់ឱ្យមាននិរន្តរភាព។

លោកស្រី គង់ កុសល នាយកគ្រប់គ្រងនាយកដ្ឋានពាណិជ្ជកម្ម តំណាងអ្នកឧកញ៉ា សំអាង វឌ្ឍ: អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានបញ្ជាក់ថា ក្នុងនាមវិស័យឯកជន ក្រុមហ៊ុនសូមធ្វើការគាំទ្រ និង​ចូលរួម​គោល​នយោបាយ​វិស័យ​បរិស្ថានរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបរិស្ថានយើងស្អាត និងបៃតង។ នៅថ្ងៃដដែលនោះ គណៈអធិបតី និងអ្នកចូលរួមទាំងអស់ក៏បានចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធនាការ«ថ្ងៃនេះខ្ញុំ មិនប្រើប្លាស្ទិកទេ» និង «កម្ពុជាស្អាត ខ្មែរធ្វើបាន» ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម