ព័ត៌មានជាតិ
ខេត្តព្រៃវែង ដាក់ចេញវិធានការក្តៅបង្ក្រាបក្មេងទំនើង ក្រោយបង្កបាតុភាពនៅទីសាធារណៈ
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង បានដាក់ចេញវិធានការក្តៅ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានណែនាំដល់ម្ចាស់អាជីវកម្មនានា ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរដែនដី ក្នុងករណីឃើញក្រុមក្មេងទំនើងបង្កបាតុភាពប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ការដាក់ចេញវិធានការនេះ បន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពអសកម្មរបស់សិស្សានុសិស្ស និងយុវជនមួយចំនួនតូច បានគេចសាលាទៅប្រមូលផ្តុំគ្នានៅតាមម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ កន្លែងហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានាដើម្បីប្រព្រឹត្តអំពើមិនគប្បីដូចជា លេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិច បង្កជម្លោះ បង្កបក្សពួកក្មេងទំនើង និងឈានទៅលួចប្រើប្រាស់គ្រឿងញៀនខុសច្បាប់ថែមទៀតផង។

សេចក្តីណែនាំចុះហត្ថលេខាដោយ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន នៅថ្ងៃទី ១១ មិថុនា បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់បាតុភាពអសកម្មទាំងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមណែនាំដល់គណៈបញ្ជា ការឯកភាពរដ្ឋបាល ក្រុង-ស្រុក មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលឃុំ-សង្កាត់ និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន អនុវត្តវិធានការចាំបាច់មួយចំនួន។
១. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយដល់ម្ចាស់អាជីវកម្មម៉ាត កន្លែងលក់កាហ្វេ-ភេសជ្ជៈ ក្លិបហាត់ប្រាណ ក្លិបបាល់ទះ ក្លិបបាល់ទាត់ អាហារដ្ឋាន និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់ និងមិនអនុញ្ញាតឱ្យសិស្សានុសិស្ស យុវជន ប្រមូលផ្តុំគ្នាលេងទូរស័ព្ទ លេងហ្គេមតាមអ៊ីនធឺណិត ជក់បារី បារីអេឡិចត្រូនិចជាដើម នៅគ្រប់ទីតាំងអាជីវកម្មរបស់ខ្លួន និងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ចំពោះម្ចាស់អាជីវកម្មណា ដែលមិនសហការ ឬបន្តលាក់បាំង ឬបង្កលក្ខណៈឱ្យបន្តការប្រព្រឹត្ត សកម្មភាពអសកម្មរបស់សិស្សានុសិស្សនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។
២. គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវចុះផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ជូនដល់សិស្សានុសិស្សគ្រប់សាលារៀន ម្ចាស់អាជីវកម្ម និងកន្លែងកម្សាន្តនានា ដើម្បីទប់ស្កាត់បាតុភាពអសកម្មរបស់សិស្សានុសិស្សនៅតាមទីតាំងអាជីវកម្មនានា, លុបបំបាត់ក្មេងទំនើង, ល្បែងស៊ីសងខុសច្បាប់ គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។
៣. ត្រូវរៀបចំផែនការជាក់លាក់ ដើម្បីលុបបំបាត់សកម្មភាពក្មេងទំនើងនៅក្នុងមូលដ្ឋាន។ ចំពោះមុខនេះ ត្រូវ រៀបចំបញ្ជីមុខសញ្ញាក្មេងទំនើងនៅតាមមូលដ្ឋាននីមួយៗ ដើម្បីមានវិធានការអប់រំ និងគ្រប់គ្រងឱ្យបានច្បាស់លាស់។
៤. គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តធ្វើការងារជាមួយអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលសិស្ស និង សហគមន៍ ក្នុងការចូលរួមទប់ស្កាត់អវត្តមានសិស្សក្នុងម៉ោងសិក្សា និងត្រូវបន្តពង្រឹងវត្តមានរបស់សិស្ស សំដៅចូលរួមលុបបំបាត់សកម្មភាពអសកម្មរបស់សិស្ស។
សេចក្តីណែនាំបានសង្កត់ធ្ងន់ថា៖«ទន្ទឹមនឹងការអនុវត្តវិធានការអប់រំ និងវិធានការរដ្ឋបាល ត្រូវយកចិត្តទុកដាក់ក្នុងការបង្ការ ទប់ស្កាត់ និងចាត់វិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង»។
បើតាមលោកអភិបាលខេត្ត ការដាក់ចេញវិធានការនេះ ក្នុងគោលបំណងជួយតម្រង់ទិស ការពារអាយុជីវិត និងទ្រព្យសម្បត្តិទាំងអ្នកបង្ក និងអ្នករងគ្រោះ ការពារឪពុកម្តាយ ក្រុមគ្រួសារ ជួយសង្គម និងប្រជាជនឱ្យរស់នៅកុំឱ្យមានភាពភ័យខ្លាច។
គួរជម្រាបថា ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ សមត្ថកិច្ចចំណុះឱ្យក្រសួងមហាផ្ទៃ បានបង្ក្រាបក្មេងទំនើង ៦៨ ករណី ក្នុងនោះឃាត់ខ្លួនជាង ៣០០នាក់ នៅក្នុងរាជធានី-ខេត្ត ចំនួន ១៨៕
អត្ថបទ៖ ឡាយ សាមាន

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម២ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ៧ ម៉ោង ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត