ព័ត៌មានជាតិ
កម្ពុជា-គុយបា បង្ហាញក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ
ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបា បានបង្ហាញនូវក្តីរំពឹងចំពោះការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម និងសុខាភិបាល។ ការបង្ហាញនេះ ធ្វើឡើងនាឱកាសដែល សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតគុយបាទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា បានលើកឡើងពីទំនាក់ទំនង និងមិត្តភាពដ៏ល្អ នៃប្រទេសទាំងពីរ ដែលឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ កម្ពុជា-គុយបា សង្ឃឹមយ៉ាងមុតមាំក្នុងការពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិដែលមានស្រាប់ដូចជា ការអប់រំ កីឡា វប្បធម៌ ការទូត ជាពិសេសវិស័យកសិកម្ម និងសុខាភិបាល។
ជំនួបនេះដែរ សម្តេចប្រធានរដ្ឋសភា បានលើកឡើងអំពីគុណតម្លៃសំខាន់ៗជាច្រើននៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ថាមានសារៈប្រយោជន៍ខ្លាំងណាស់ ក្នុងបរិបទស្ថានការណ៍ពិភពលោកប្រែប្រួលឆាប់រហ័ស និងមានហានិភ័យខ្ពស់ដូចសព្វថ្ងៃនេះ។ សម្តេចបន្ថែមថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា-គុយបាប៉ុណ្ណោះទេ តែបានរួមចំណែកធានាដល់ការរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់ពិភពលោក និងការលើកកម្ពស់យន្តការពហុភាគីនិយម។

បន្ថែមពីនេះសម្តេច បានគូសបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-គុយបា ដែលបានបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំប្រទេសទាំងពីរហើយត្រូវបានបន្តពូនជ្រំតាំងពីសម័យ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ និងអតីតលោកប្រធានាធិបតី ហ្វីដែល កាស្រ្តូ និងត្រូវបានបន្តថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់ជាបន្តបន្ទាប់។ ជាក់ស្តែង ដំណើរទស្សនកិច្ច សម្តេចតេជោ នៅសាធារណរដ្ឋគុយបាជាបន្តបន្ទាប់នៅឆ្នាំ១៩៩៩ ឆ្នាំ២០០០ និងឆ្នាំ២០២២ កន្លងទៅនេះ ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុស្សរណៈជាច្រើន។
ចំពោះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌសភានៃប្រទេសទាំងពីរវិញ បានគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរសភានានា។ ក្រុមមិត្តភាពសភាកម្ពុជា-គុយបា និងក្រុមមិត្តភាពសភាគុយបា-កម្ពុជា បានដើរតួនាទីសំខាន់នៅក្នុងការតភ្ជាប់ទំនាក់ទំនងសភា និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជានឹងគាំទ្របេក្ខភាពសភាគុយបា ជាប្រទេសសង្កេតការណ៍នៅក្នុងវេទិកាអន្តរសភាអាស៊ាន (AIPA) នៅក្នុងមហាសន្និបាតលើកទី៤៥ នៅប្រទេសឡាវ នាពេលខាងមុខនេះ។

ចំណែក លោកស្រី Milena Caridad Zaldivar Piedra បានជម្រាបជូន ពីការលំបាករបស់គុយបា នាពេលបច្ចុប្បន្នដោយមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងការចោទប្រកាន់យ៉ាងអយុត្តិធម៌មកលើប្រទេសគុយបា។ លោកស្រី បានសង្កត់ធ្ងន់ថា អ្វីដែលគុយបាប្រាថ្នាចង់បាន គឺសាមគ្គីភាព និងការធ្វើការរួមគ្នា។ លោកស្រី បានថ្លែងអំណរគុណ ចំពោះកម្ពុជាដែលតែងតែបោះឆ្នោតគាំទ្រ ឱ្យមានការដកទណ្ឌកម្មចេញពីប្រទេសគុយបា និងបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តពូនជ្រំចំណងមិត្តភាពកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសការសម្រេចឱ្យបានជោគជ័យនូវរាល់កិច្ចព្រមព្រៀងនានា ដែលរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
ជាមួយគ្នានោះ គុយបា បានថ្លែងអំណរគុណកម្ពុជា ដែលបានជួយគាំទ្រខ្លួនលើបញ្ហាសន្តិសុខស្បៀងដោយបានផ្តល់ជំនួយជាអង្ករជាច្រើនតោន ជាពិសេសនៅក្នុងដំណាក់កាលនៃជំងឺរាតត្បាតកូវីដ-១៩ ហើយ លោកស្រី ក៏បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាថា គុយបានឹងបន្តផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា។

លើសពីនេះ លោកស្រី ឯកអគ្គរដ្ឋទូតបានពាំនាំនូវការគោរពអញ្ជើញរបស់ប្រធានរដ្ឋសភាគុយបាជូន សម្តេចរដ្ឋសភា ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា នៅពេលវេលាសមស្របណាមួយ ដែលការអញ្ជើញនេះ សម្តេចរដ្ឋសភាធិបតី បានទទួលយក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា