រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា គិតមកដល់ពេលនេះ គណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានបង្ក្រាបបទល្មើសកម្មសិទ្ធិបញ្ញាបានចំនួន ២៨ករណី និងគិតជាទឹកប្រាក់ប្រមាណ ៥១២,៨០០ដុល្លារអាមេរិក ដែលទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្កើងជីវភាពប្រជាជនកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសបន្ថែម។។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លើកទី១០នៅទីស្តីការក្រសួងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានស្នើសុំ និងលើកទឹកចិត្តឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តសហការនិងចូលរួមឲ្យបានសកម្មបន្ថែមទៀត ក្នុងការពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ជាងនេះទៅទៀត លោករដ្ឋមន្ត្រីបានបន្តទៀតថា ពិសេសតាមរយៈការរៀបចំ និងអនុវត្តឲ្យមានប្រសិទ្ធភាពនូវផែនការការងារកម្មសិទ្ធិបញ្ញា៣ឆ្នាំ (២០២១-២០២៣) និងផែនការយុទ្ធសាស្ត្រជាតិកម្មសិទ្ធិបញ្ញាឆ្នាំ២០២១-២០២៦ផងដែរ សំដៅអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាជាតិឲ្យកាន់តែរឹងមាំ និងស្របតាមស្តង់ដារកម្មសិទ្ធិបញ្ញាអន្តរជាតិ ដើម្បីកម្ពុជាអាចធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅបន្ថែមទៀតទៅក្នុងប្រព័ន្ធពាណិជ្ជកម្មនិងសេដ្ឋកិច្ចសកល សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៩និង២០២០នេះគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្រេចបាននូវលទ្ធផលសំខាន់ៗយ៉ាងច្រើន រួមមាន ១-ការចុះបញ្ជីកម្មសិទ្ធិបញ្ញា ជាពិសេសការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនិងម៉ាកសមូហភាពទាំងនៅកម្ពុជានិងបណ្តាប្រទេសសំខាន់ៗ ២-ការចូលជាសមាជិកនៃកិច្ចព្រមព្រៀង អនុសញ្ញា និងសន្ធិសញ្ញាអន្តរជាតិ ៣-ការងារកសាងច្បាប់និងបទប្បញ្ញត្តិ ៤-កិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គភាពកម្មសិទ្ធិបញ្ញាធំៗ ៥-ការងារអនុវត្តគម្រោងក្រោមជាមួយដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិ ៦-ការងារលើកកម្ពស់ចំណេះដឹងសាធារណៈនិងការផ្សព្វផ្សាយច្បាប់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ មូលហេតុ នាំឲ្យរងការលិចលង់លំនៅឋានពលរដ្ឋ៤ភូមិ នៅសង្កាត់ចាក់អង្រែក្រោម