ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តអ្នកមានជំនាញមិនឆ្លងកាត់សាលា ដាក់ពាក្យធ្វើតេស្ត ដើម្បីទទួលបានសញ្ញាបត្រ
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់អ្នកមានជំនាញបច្ចេកទេសកំពុងបម្រើការងារនៅតាមរោងចក្រសហគ្រាស ឬយានដ្ឋាននានា ដែលមិនបានឆ្លងកាត់សាលាបណ្ដុះបណ្ដាល អញ្ជើញមកដាក់ពាក្យធ្វើតេស្តដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព ដើម្បីទទួលបានសញ្ញាបត្រក្លាយជាអ្នកជំនាញពិតប្រាកដសម្រាប់បំពេញការងារ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនេះបានបង្កើតឡើងនៅខែមីនា ឆ្នាំ ២០២៤ ថ្មីៗ នេះ សម្រាប់ធ្វើតេស្តដល់អ្នកមានជំនាញកំពុងធ្វើការនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស ឬយានដ្ឋាននានា ដែលមិនបានឆ្លងកាត់ការបណ្តុះបណ្តាលនៅតាមសាលា តែពួកគាត់មានបទពិសោធជាច្រើនឆ្នាំលើជំនាញវិជ្ជាជីវៈ។
លោកបានបន្តថា មជ្ឈមណ្ឌលនេះមានចំនួន ១០ ទីតាំងរួមមានមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពព្រះកុសៈមៈ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពអង្គរ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពតាកែវ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពបាត់ដំបង មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពក្រចេះ មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពកំពត មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពសៀមរាប មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពស្វាយរៀង មជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាព វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

លោក កត្តា អ៊ន បានបន្តទៀតថា គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានអ្នកមកចុះឈ្មោះធ្វើតេស្តសមត្ថភាពចំនួន ១ ៨៣៧ នាក់ ហើយ នៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដែលនឹងប្រព្រឹត្តិទៅរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៥-១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នឹងមានបេក្ខជន ២៤ រូប នឹងត្រូវធ្វើតេស្តវាយតម្លៃសមត្ថភាព និងទទួលបានសញ្ញាបត្រភ្លាមៗ តែម្តង ក្នុងនោះមានប្រឡងទ្រឹស្ដីរយៈពេល ១ ម៉ោង និងការអនុវត្តផ្ទាល់រយៈពេល ៣ ម៉ោង។
លោក កត្តា អ៊ន បានបញ្ជាក់ថា សញ្ញាបត្រនេះ មានតម្លៃស្មើនឹងសញ្ញាបត្រដែលសាលាបណ្ដុះបណ្ដាលនីមួយៗ ដែរ ហើយបេក្ខជនអាចយកទៅប្រើប្រាស់សម្រាប់បំពេញការងារផ្សេងៗ ទៅតាមតម្រូវការ។

លោកបណ្ឌិត ប៊ុន ភារិន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា បានឱ្យដឹងថា ការវាយតម្លៃសមត្ថភាពសម្រាប់អ្នកមានជំនាញមិនធ្លាប់ឆ្លងកាត់សាលានេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះថាពួកគាត់មិនត្រឹមតែមានការទទួលស្គាល់ត្រឹមត្រូវដោយក្រសួងប៉ុណ្ណោះទេ គាត់អាចរៀនជំនាញនេះបន្ថែមទៀត ដើម្បីទទួលបានកម្រិតបណ្តុះបណ្តាលខ្ពស់ជាងមុន ទទួលបានប្រាក់ខែខ្ពស់ជាងមុនផងដែរ ពិសេសសម្រាប់ក្រុមហ៊ុនអន្តរជាតិតែងតែទាមទារអ្នកជំនាញមានសញ្ញាបត្រច្បាស់លាស់។ ចំណែកក្រុមហ៊ុនខ្មែរ មិនសូវគិតពីសញ្ញាបត្រប៉ុន្មានទេ ឱ្យតែបុគ្គលិកធ្វើកើត គឺយកធ្វើការហើយ៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ