ព័ត៌មានជាតិ
ក្រសួងការងារ បញ្ចូលជំនាញថ្មី ៧ បន្ថែមទៀត ក្នុងកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៤ មិថុនា នេះថា ក្រសួងបានដាក់បញ្ចូលជំនាញថ្មីចំនួន ៧ បន្ថែមទៀត ទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។

លោក កត្តា អ៊ន បានបន្តថា ជំនាញថ្មី ទាំង ៧ រួមមាន ១.ការដំឡើងដំបូល ,២.ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៣.ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ៤.ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ, ៥.ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ៦.ការងារការិយាល័យជួរមុខ និង.សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ខណៈពេលបើកដំណើរការកម្មវិធីដំបូងមាន ៣៨ ជំនាញ បែងចែកតាមវិស័យចំនួន ១០ រួមមាន សំណង់ អគ្គិសនី និងថាមពល , អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ , ទេសចរណ៍ , និងកសិកម្ម និងកសិ-ឧស្សាហកម្ម។
លោកបានបន្តទៀតថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលលើកទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតមកដល់ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ នេះ មានអ្នកចុះឈ្មោះសិក្សាជំនាញនៅតាមបណ្តាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៤០ ៨៥៣ នាក់ ស្រីជាង ១៤ ០០០ នាក់ ក្នុងនោះមានសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១៥ ៤១៧ នាក់។ ក្នុងនោះទទួលបានធ្វើតេស្តវាយតម្លៃសមត្ថភាពជាង ៣ ពាន់នាក់ ប្រឡងជាប់ជាង ២ ពាន់នាក់ និងអ្នកមានការងារធ្វើចំនួន ៩៥៦ នាក់ មានប្រាក់ខែចាប់ពី ១៥០ ដល់ ៣០០ ដុល្លារ សិក្សារយៈពេល ៤ ខែ។

លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ