ព័ត៌មានជាតិ
ស្ត្រីម្នាក់ផ្តើមពីទុន ១០ មុឺនរៀល ក្លាយជាម្ចាស់សិប្បកម្ម កែច្នៃគ្រាប់ធញ្ញជាតិដ៏លេចធ្លោ
នៅក្នុងគ្រួសារមួយដែលធ្លាប់ប្រឈមការខ្វះខាតក្នុងជីវភាព ស្ត្រីមួយរូបបានក្លាយជាម្ចាស់សិប្បកម្មកែច្នៃគ្រាប់ធញ្ញជាតិដ៏លេចធ្លោមួយរួបក្នុងខេត្តបាត់ដំបង ដោយផ្តើមឡើងពីដើមទុន ១០ មុឺនរៀល។

លោកស្រី នុត សុភ័ស្ដ អាយុ ៤២ ឆ្នាំ រស់នៅភូមិរំចេក ២ សង្កាត់រតន: ក្រុងបាត់ដំបង ជាម្ចាស់សិប្បកម្មស្រីមុំ កែច្នៃគ្រាប់ធញ្ញជាតិ បានផ្តល់បទសម្ភាសដល់កម្ពុជាថ្មីថា មុខរបរនេះអ្នកស្រីបានបង្កើតឡើងនៅឆ្នាំ២០១៥ ពីដើមទុន ១០ ម៉ឺនរៀល។
អ្នកស្រី សុភ័ស្ត បានរៀបរាប់ពីប្រវត្តិនៃការចាប់ផ្តើមអាជីវកម្មថា ដោយផ្តើមពីការចូលចិត្តបរិភោគពោត មិនថាពោតស្ងោរឬពោតឆាលីង អ្នកស្រីបានសម្លឹងឃើញថា គ្រាប់ពោតក្នុងស្រុកសម្បូរបែបក៏ចាប់ផ្តើមទិញគ្រាប់ពោតតិចតួចមកធ្វើជាពោតលីងសម្រាប់បរិភោគជាលក្ខណៈគ្រួសារ និងចែកដល់អ្នកស្គាល់គ្នាមួយចំនួនបរិភោគផង។
អ្នកស្រីបន្តថា ក្រោយពីអ្នកភូមិផងរបងជាមួយ បានបរិភោគហើយបានសរសើរពីរសជាតិឆ្ងុយឆ្ងាញ់ ស្របពេលស្រុកខ្មែរសម្បូរគ្រាប់ពោត និងតម្លៃក៏ធូរថ្លៃផង អ្នកស្រីក៏ចាប់ផ្ដើមជ្រើសរើសគ្រាប់ពោតមកកែច្នៃទៅជាពោតលីងអប់ ដែលជាអាហារសម្រន់សម្រាប់គ្រប់វ័យច្រកក្នុងកំប៉ុងនិងថង់ចងកៅស៊ូធម្មតា ហើយលក់បានច្រើនគួរសមដែលអាចដោះស្រាយជីវភាពគ្រួសារបានខ្លះៗ។

ដោយមើលឃើញថា របរមួយនេះអាចទ្រទ្រង់ជីវភាព អ្នកស្រី សុភ័ស្ត ក៏ចាប់ផ្តើមពង្រីកទៅជាទំហំធំក្នុងឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្នតែម្តង។
បន្ថែមពីនេះ ដោយមានការគាំទ្រក្រោមគម្រោងរបស់អង្គការ WIPO ពោតលីងអប់របស់អ្នកស្រីបានបង្កើនតម្លៃបន្ថែមដោយសារតែម៉ាក (SEPAKAM SREYMOM) និងសម្បកវេចខ្ចប់ ត្រូវបានកែតម្រូវនិងចុះបញ្ជីការពារតាមច្បាប់ត្រឹមត្រូវ និងមានការគាំទ្រកាន់តែច្រើនឡើងៗរហូតដល់បច្ចុប្បន្ននេះ។
អ្នកស្រីអះអះអាងថា បើទោះបីជួបបញ្ហាប្រឈមមួយចំនួន ផ្នែកហិរញ្ញវត្ថុនិងសម្ភារៈក៏ដោយ អ្នកស្រីតាំងចិត្តនឹងបន្តប្រឹងប្រែង ដើម្បីឈានដល់ភាពជោគជ័យពង្រីកការលក់ក្នុងខេត្ត និងតាមបណ្តាខេត្តនានា។
ក្នុងពេលខាងមុខ អ្នកស្រីប្រាប់ថា នឹងបន្តការស្រាវជ្រាវ និងកែលម្អខ្សែសង្វាក់កែច្នៃតាមបច្ចេកទេសឲ្យបានកាន់តែប្រសើរឡើងថែមទៀត ដើម្បីពង្រីកទីផ្សារឲ្យបានធំនិងធានាឲ្យបាននូវគុណភាពនិងអនាម័យល្អជូនអតិថិជន។
ទីផ្សារផលិតផលនំសិប្បកម្មស្រីមុំ បច្ចុប្បន្នមានលក់ដូចជា ក្នុងខេត្តបាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,កំពង់ធំ, កំពង់ឆ្នាំង និងពោធិសាត់ ជាដើម។ ចំណែកទីតាំងសាខាលក់នៅក្នុងខេត្តបាត់ដំបង មានដូចជា ផ្សារទំនើប ផេងឆៃលី, ឡូរីបាណន់,ផ្ទះជាងនាង, ម៉ាករានបូ, ហាងកាហ្វេម៉ារ៉ាឌីមុខបូរីរំចេក, ហាងគាធូចរិយាផ្លូវជាតិលេខ ៥, ម៉ាតសូរិយាបាត់ដំបង, ហាងបាយប៉ែនចេង, រីសតវត្តគរ,ផ្សាររាត្រីភ្នំសំពៅ, ឬមកដល់ទីតាំងផ្ទាល់ក៏បាន គឺស្ថិតក្នុងភូមិរំចេក២ សង្កាត់រតន: ក្រុងបាត់ដំបង។
មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងទទួលស្គាល់ថា ពោតលីអប់របស់ “សិប្បកម្មស្រីមុំ” ពិតជាមានរសជាតិឆ្ងុយឆ្ងាញ់ និងកោតសរសើនូវភាពវៃឆ្លាត ក្នុងការកែច្នៃគ្រាប់ធញ្ញជាតិក្នុងស្រុក ជាអាហារសម្រន់ដ៏មានរសជាតិឆ្ងុយឆ្ងាញ់។
គួរបញ្ជាក់ថា ក្រៅពីកែច្នៃគ្រាប់ពោត សិប្បកម្មស្រីមុំ ក៏មានកែច្នៃគ្រាប់ធញ្ញាតិផ្សេងទៀតជាអាហារសម្រន់មានដូចជាគ្រាប់ផ្លែល្ពៅជាដើម៕

អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?