Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ស្នើ មន្ត្រី បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត លើការងារចុះបញ្ជិកាឱសថ និងឧបករណ៍បរិក្ខារពេទ្យ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ស្នើ ថ្នាក់ដឹកនាំ ក៏ដូចជា​មន្ត្រី នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង​ទាំងអស់ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុងការ​ពិនិត្យ និង​អនុវត្ត​លើ​កិច្ចការងារ​ចុះ​បញ្ជិកា​ឱសថ ឧបករណ៍​បរិក្ខារ​ពេទ្យ និង​ការចុះ​ប្រវេទន៍​គ្រឿងសម្អាង​ និង​ជំរុញ​ការឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស និង​ទាន់ពេលវេលា ព្រមទាំង​ពង្រឹង​ការងារ​និយ័តកម្ម​ឱ្យបាន​ល្អប្រសើរ​ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ ​លោករដ្ឋមន្ត្រី​ ក៏បាន​ស្នើឱ្យ​ត្រួតពិនិត្យ​បន្ថែម​លើ​ការផ្តល់​អាជ្ញាប័ណ្ណ បន្ត​សុពលភាព​អាជ្ញា​ប័ណ្ណ​គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ឱសថ គ្រឹះស្ថាន​អាហរ័ណ នីហរ័ណ​ផលិតផល គ្រឿង​សម្អាង មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស និង​ការចុះ​ត្រួតពិនិត្យ​ផ្ទាល់​នៅតាម​ភោជនីយដ្ឋាន និង​អាហារដ្ឋាន ដើម្បី​វាយតម្លៃ​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ។

នៅក្នុង​ជំនួប​សំណេះសំណាល ពិនិត្យ​វឌ្ឍនភាព និង​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង ​កាលពី​រសៀល​ថ្ងៃទី​ ១៤​ មិថុនា លោក​រដ្ឋមន្ត្រី​ បានផ្តល់​អនុសាសន៍ ជា​គន្លឹះ​សំខាន់ៗ ជូន​ថ្នាក់ដឹកនាំ​ នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង ដើម្បី​ពង្រឹង​ការអនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព ស្របតាម​គោលនយោបាយ​របស់​ក្រសួងសុខាភិបាល សំដៅ​ចូលរួមចំណែក​ក្នុង​ការ​ធ្វើកំណែទម្រង់​វិស័យ​សុខាភិបាល ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី ៧ នៃ​រដ្ឋសភា​។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី ស្នើឱ្យ​នាយកដ្ឋាន ​យកចិត្តទុកដាក់​ក្នុងការ​តាមដាន និង​ធ្វើ​បច្ចុប្បន្នភាព នៃ​បញ្ជី​ឱសថ​សារវន្ត ក្នុង​ករណី​ចាំបាច់ ក៏ដូចជា​ពង្រឹង​ការងារ​គ្រប់គ្រង​ឱសថ នៅតាម​គ្រប់​បណ្តា​សេវា​សុខាភិបាល​សាធារណៈ ដើម្បី​ពង្រឹង និង​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម