ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ លាតត្រដាងមហិច្ឆតាថៃចំពោះប្រាសាទព្រះវិហារកម្ពុជា ក្រោយ ICJ សម្រេចឱ្យកម្ពុជាជាម្ចាស់ប្រាសាទ
ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ គឺជាខួប៦២ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៤) ដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់ បានសម្រេចឱ្យកម្ពុជាឈ្នះក្តីជាមួយប្រទេសថៃក្នុងសំណុំរឿងប្រាសាទព្រះវិហារ ដែលតុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ។ បណ្ឌិត យង់ ពៅ បានលាតត្រដាងរឿងរ៉ាវខ្លះៗ ដែលជាមហិច្ឆតារបស់ថៃចំពោះប្រាសាទព្រះវិហារ ក្រោយការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
ការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពី៦២ឆ្នាំមុន គឺដោយមានព្រះរាជបូជនីយកិច្ចយ៉ាងស្វិតស្វាញបំផុតរបស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ រហូតដល់កម្ពុជាបានចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃ៧ ខែកក្កដា ឆ្នាំ២០០៨។ ក៏ប៉ុន្តែដោយមហិច្ឆតាចង់បានប្រាសាទព្រះវិហាររបស់កម្ពុជា ក្រោយរយៈពេល១សប្ដាហ៍នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ភាគីថៃ បានចូលកាន់កាប់ប្រាសាទព្រះវិហារជាថ្មី ចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ដោយបានបង្ហាញពីភាពមិនអស់ចិត្តពីអ្នកជាតិនិយមជ្រុល បូករួមនឹងវិបត្តិនយោបាយផ្ទៃក្នុងរបស់ប្រទេសថៃ ដែលមិនបានបង្ហាញពីការឯកភាពគ្នាលើការដោះស្រាយជាមួយប្រទេសកម្ពុជា។ ក្រុមអ្នកជាតិនិយមជ្រុលថៃ រួមមាន ក្រុមយោធា បណ្ដាញរាជវាំង និង ចលនា PAD នៅតែគិតថា ព្រះវិហារនៅក្នុងទឹកដីថៃដដែល។
តាមការរៀបរាប់របស់លោកបណ្ឌិត យង់ ពៅ អំពីជ្រុងនៃទស្សនៈស្ដីពីមហិច្ឆតាថៃទៅលើប្រាសាទព្រះវិហារ គឺចាប់ពីថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ២០០៨មក កងទ័ពថៃបានរំលោភឈ្លានពានកាន់កាប់លើបូរណភាពទឹកដីកម្ពុជា នៅតំបន់ប្រាសាទព្រះវិហារ នឹងបង្កើតឱ្យមានស្ថានការណ៍តានតឹង រហូតមកដល់ផ្ទុះសង្គ្រាមក្នុងទ្រង់ទ្រាយធំ នៅក្នុងចន្លោះឆ្នាំ២០០៨ និង ឆ្នាំ២០១១។ បណ្ឌិត យង់ ពៅ ថា ទង្វើប្រទូសរ៉ាយនេះ បានបង្ហាញឱ្យឃើញពីមហិច្ឆតាឈ្លានពានរបស់មជ្ឈដ្ឋាននយោបាយ និងយោធាថៃដូចដែលធ្លាប់បានអនុវត្តពីអតីតកាល។ ក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវជំហរការពារទឹកដីកម្ពុជា ដែលតែងតែលើកឡើងថា «មិនឱ្យបាត់បង់សូម្បីតែមួយមីល្លីម៉ែត្រណាឡើយ»។
បណ្ឌិត យង់ ពៅ បានលើកឡើងថា រដ្ឋាភិបាលថៃ បានប្រកាសដោយគ្មានមូលដ្ឋានត្រឹមត្រូវ ថា ការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាមូលហេតុដែលនាំឱ្យមានការប៉ះទង្គិចដោយអាវុធនៅក្នុង និងជុំវិញប្រាសាទព្រះវិហារក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ប៉ុន្តែអ្វីដែលជាការពិតនោះ គឺសកម្មភាពបង្កហេតុខាងយោធាជាឯកតោភាគីរបសថៃនោះតែម្តង ដែលបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធនិងភាពតានតឹងរហូតមកដល់ពេលនេះ។
លោកបណ្ឌិត បានបន្តរៀបរាប់ថា ចាប់តាំងតែពីថៃបង្កការឈ្លានពានមកលើអធិបតេយ្យបូរណភាពទឹកដីកម្ពុជា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ និងការបង្កសង្គ្រាមជាថ្មីដោយបាញ់បំផ្លាញវត្តអារាម លំនៅដ្ឋាន ជាពិសេសប្រាសាទព្រះវិហារ និងបណ្តាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរងរបួសរាប់សិបនាក់ ហើយឱ្យជនភៀសសឹកខ្មែររស់នៅយ៉ាងលំបាកវេទនា ក្នុងព្រឹត្តិការណ៍ថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១១ រដ្ឋការក្រុងបាងកកដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត ក៏ដូចជាក្រុមជ្រុលនិយមអាវលឿងថៃមួយចំនួន បានព្យាយាមលាក់បាំងការពិតជុំវិញអំពើឈ្លានពានរបស់បក្សពួកខ្លួនជានិច្ច ដែលហេតុការណ៍បែបនេះ ជំរុញឱ្យប្រទេសថៃកាន់តែធ្វើជាមិនយល់នូវសេចក្តីសម្រេច និងសាលដីការបស់ ICJ។
ភាពតានតឹងឈានដល់កម្រិតអត់ធ្មត់លែងបាន ប្រទេសកម្ពុជាសម្រេចចិត្តដាក់បណ្តឹងទៅ ICJ ដើម្បីឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ និងបណ្តឹងស្តីពីការចាត់វិធានការបន្ទាន់។ ចាប់តាំងពី ICJ ចេញសេចក្តីសម្រេចលើវិធានការបន្ទាន់ ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១១ រហូតមកទល់ខែមករា ឆ្នាំ២០១២ ប្រទេសទាំងពីរ មិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។
តែបើទោះជាយ៉ាងណា បណ្ឌិត យង់ ពៅ បានចាត់ទុកថា ការសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ កន្លងទៅនេះ គឺជាសាលដីកាលើកទីពីរ ដែលចេញដោយ សហគមន៍អន្ដរជាតិប្រឆាំងនឹងថៃ ហើយទទួលស្គាល់អធិបតេយ្យភាព និងបូរណភាពទឹកដីខ្មែរ។ សេចក្ដីសម្រេចរបស់ សហគមន៍អន្ដរជាតិនេះ បានបញ្ចប់មហិច្ឆតាវាតទីនិយមរបស់ថៃ។ ដូច្នេះ ថៃត្រូវសហគមនអន្ដរជាតិថ្កោលទោសជាលើកទី២ ហើយ។ ប៉ុន្ដែប្រទេសថៃ នៅតែមិនអស់ចិត្ដ ហើយបាននាំគ្នារំលោភលើគ្រប់សន្ធិសញ្ញា សាលក្រម និងសេចក្ដីសម្រេច គ្រប់បែបយ៉ាង ដើម្បីរកលេសដណ្ដើមយកប្រាសាទព្រះវិហារ និងឈ្លានពានរំលោភទឹកដីខ្មែរ។
ការបំពារបស់ថៃ មកលើអធិបត្យេភាព និងបូរណភាពទឹកដីខ្មែរ កើតឡើងចំពេលដែលថៃកំពុងតែមានវិបត្ដិនយោបាយផ្ទៃក្នុង ដែលគេមើលឃើញតាមរយៈការកើតមានបាតុកម្មឥតឈប់ឈរក្នុងប្រទេស។ បក្សប្រឆាំងថៃ បានប្រើប្រាស់ករណីប្រាសាទព្រះវិហារខ្មែរ ធ្វើជាប្រធានបទឃោសនា ដើម្បីទាក់ទាញក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក សាម៉ាក់ សុនដារ៉ាវេច ដែលកើតចេញពីការបោះឆ្នោតឆ្នាំ២០០៧។ ប៉ុន្ដែក្រោយមកបានឆ្លៀតយកឱកាសនេះ អ្នកដឹកនាំថៃ បានប្រើប្រាស់សំណុំរឿងប្រាសាទព្រះវិហារ ដើម្បីបញ្ជូនកងទ័ពទាហានថៃឱ្យមកឈ្លានពាន បោះទីតាំងនៅតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី និងតំបន់ជួរភ្នំដងរែករបស់ខ្មែរ។
ក្នុងករណីនេះ បណ្ឌិត យង់ ពៅ ថា ថៃប្រើយុទ្ធសាស្ដ្រអូសបន្លាយពេល ដើម្បីមហិច្ឆតាឈ្លានពានរបស់ខ្លួន ការប្រើយុទ្ធសាស្ដ្រអូសបន្លាយពេលរបស់ថៃ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសកម្ពុជា។
បន្ទាប់ពីបានរំលោភបំពានឈ្លានពាន និងឈរជើងលើទឹកដីខ្មែរ ការចរចាអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរក៏ចាប់ផ្ដើមឡើង។ តែបើពិនិត្យមើលឱ្យជិតបន្ដិចទៅកិច្ចចរចានេះ ហាក់ដូចជាផ្ដល់ប្រយោជន៍យ៉ាងច្រើនទៅឱ្យភាគីថៃ ដែលឆ្លៀត កេងប្រវ័ញ្ចយកចំណេញពីភាពទន់ភ្លន់ និងនយោបាយសន្ដិវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា។ ភាគីថៃ បានប្រែក្រឡាស់ពាក្យសម្ដី និងបោះសម្ដីអមិត្ដគ្រប់បែបយ៉ាងទាំងអស់ដើម្បីពន្យារការចរចាទ្វេភាគី។ ជាងនេះទៅទៀតប្រទេសនេះបានព្យាយាមរកហេតុផលផ្សេងៗមកធ្វើជាលេស។
ភាគីថៃបានពន្យារពេលចរចា ដើម្បីចំណេញពេលវេលា។ នេះមិនមែនជាល្បិចថ្មីទេឬ? ថៃធ្លាប់ប្រើប្រាស់ល្បិចនេះរួចមកហើយនៅក្នុងអំឡុងពេលចរចាអំពីសំណុំរឿងប្រាសាទព្រះវិហារ នៅក្នុងទសវត្សរ៍មុនៗ។ ថៃបានប្រើល្បិចកលនេះ អូសបន្លាយពេលតាំងតែពីឆ្នាំ១៩៥៤ រហូតដល់ឆ្នាំ១៩៦២ ដោយថៃ យល់ថា ពេលវេលានឹងជួយឱ្យគេចំណេញច្រើនក្នុងផ្នែកនយោបាយ និងមហិច្ចតាវាតទឹកដី។ នេះជាការទស្សនៈមើលឃើញរបស់បណ្ឌិត យង់ ពៅ។
ចលនាបំផុសគំនិតជាតិនិយមជ្រុលរបស់អ្នកនយោបាយថៃក្នុងរដ្ឋបាលលោក អាភីស៊ីត ដោយយកតំបន់ប្រាសាទព្រះវិហារធើ្វជាលែ្បងនយោបាយ ដែលជាការប៉ុនប៉ងបង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា បានឈានដល់ដំណាក់កាលមួយ ជំរុញអោយប្រទេសកម្ពុជាសម្រេចចិត្តជ្រើសរើសយកដំណោះស្រាយកម្រិតតំបន់ និងអន្តរជាតិ ព្រោះភាគីកកម្ពុជាបានមើលឃើញថា រដ្ឋាភិបាលថៃរបស់លោក អាភីស៊ីត ពុំមានសុឆន្ទៈ និងភាពស្មោះត្រង់ក្នុងការចរចាទ្វេភាគី។ កម្ពុជាបាន យកបញ្ហាថៃឈ្លានពានប្រាសាទព្រះវិហារនេះទៅដោះស្រាយនៅសហគមន៏អាស៊ាន អង្គការសហប្រជាជាតិ ហើយចុងក្រោយកម្ពុជាបានសម្រចចិត្តស្នើសុំទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឱ្យធើ្វការបកស្រាយឡើងវិញសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ១៩៦២ ដែលសម្រេចអោយកម្ពុជាឈ្នះកី្តក្នុងរឿងប្រាសាទព្រះវិហារ។
តុលាការយុត្តិធម៌អន្តរជាតិ បានបើកសាវនាការសុំនុំរឿងនេះកាលពីថ្ងៃទី៣០ និង៣១ ខែឧសភា ឆ្នាំ២០១១ តាមសំណើរបស់កម្ពុជា ដែលនៅក្នុងឱកាសនោះលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានជម្រាបក្រុមប្រឹក្សាចៅក្រមថា រដ្ឋាភិបាលកម្ពុជាស្នើឱ្យ ICJ បញ្ឈប់សកម្មភាពយោធាថៃនៅក្នុងទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ។ ទាក់ទងនឹងសំណើជាលក្ខណៈសរសេរ និងផ្ទាល់មាត់កម្ពុជាបានស្នើសុំឱ្យតុលាការសម្រេចបញ្ជាឱ្យកងទ័ពថៃដកកងកម្លាំងខ្លួនចេញពីទឹកដីកម្ពុជាក្នុងតំបន់ប្រាសាទព្រះវិហារ។ តុលាការត្រូវហាមឃាត់រាល់សកម្មភាពយោធាថៃក្នុងតំបន់ប្រាសាទព្រះវិហារ ហើយជាចុងក្រោយហាមឃាត់ថៃ មិនឱ្យជ្រៀតជ្រែកសិទ្ធិកម្ពុជាលើប្រាសាទព្រះវិហារ និងបង្កជម្លោះព្រំដែនឱ្យធ្ងន់ធ្ងរ។
នៅក្នុងខណៈពេលដែលតុលាការកំពុងធ្វើសេចក្ដីសម្រេចចិត្តនោះ រដ្ឋមន្ត្រីការពារជាតិថៃ លោក ប្រាវីត វង់សូវ៉ាន់ បានប្រកាសជាសាធារណៈថា តុលាការ ICJ «គ្មានអំណាចបង្ខំដើម្បីបញ្ជាឱ្យប្រទេសថៃដកកងទ័ពចេញពីតំបន់មានជម្លោះ នោះទេ»។ ការបញេ្ចញទស្សនៈនយោបាយមិនចុះសម្រុងគ្នារបស់អ្នកនយោបាយ និងយោធាថៃទៅលើបញ្ហាប្រាសាទព្រះវិហាររបស់ខែ្មរ បានឆ្លុះបញ្ចាំងឱ្យឃើញនូវចេតនាមិនគោរពសចក្តីសម្រេចរបស់ ICJ។
ជារួម បណ្ឌិត យង់ ពៅ ថា ប្រទេសថៃ បានយល់យ៉ាងច្បាស់នូវដែនបូរណភាពនៃប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទព្រះវិហារ បានស្ថិតដែនអធិបតេយ្យកម្ពុជា។ ប៉ុន្តែអ្នកយោបាយថៃគ្រាន់តែយកបញ្ហានេះធ្វើជាល្បែងនយោបាយផ្ទេរទំនាស់វិបត្តិផ្ទៃក្នុងរបស់ប្រទេសខ្លួនទៅបញ្ហាជាតិនិយមទឹកដី។ ទង្វើនេះត្រូវបានគេមើលឃើញថា រដ្ឋបាលលោក អាភីស៊ីត បានរៀបចំឆាកល្ខោននយោបាយ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បេក្ខជនប្រកួតកម្មវិធីចម្រៀងរ៉េបម្នាក់ ចេញមុខសុំទោសក្រោយចម្លងប៉ារ៉ូលពីបទម្ចាស់ដើម Zedes (មានវីដេអូ)
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ករណីប្រទះឃើញសពស្ត្រីម្នាក់នៅឃុំចំបក់ សមត្ថកិច្ចសន្និដ្ឋានថាអាចមកពីប្រតិកម្មថ្នាំ ខណៈឃាត់ខ្លួនម្ចាស់គ្លីនិកមួយកន្លែងមកសួរនាំ