ព័ត៌មានជាតិ
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែន
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែន។ ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

រដ្ឋមន្ត្រីបន្តថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាស្ពានចម្លង ដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងទម្រង់ជារយៈពេលខ្លី មធ្យម និងវែងទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដែលមានប្រសិទ្ធភាពឆាប់រហ័សឆ្ពោះទៅរកការងារ និងជាផ្លូវដែលអាចឱ្យសិស្សបន្តការសិក្សាបាន និងអាចបំពេញការងារបានក្នុងពេលតែមួយ ដើម្បីស្វែងរកចំណូលចូលរួមចំណែកក្នុងការគាំទ្រសេដ្ឋកិច្ចគ្រួសារ។

លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤ នេះ ជាទិវាលើកទី៧ ហើយ ដែលទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ត្រូវបានប្រារព្វធ្វើឡើងថ្នាក់់ជាតិនៅរាជធានីភ្នំពេញ និងថ្នាក់ក្រោមជាតិនៅគ្រប់ខេត្តទូទាំងប្រទេស។ ទិវានេះក៏មានការដាក់តាំងបង្ហាញនូវពិព័រណ៍មុខជំនាញ សមិទ្ធផល ស្នាដៃ ខ្សែច្រវាក់ផលិតកម្ម និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីជំរុញ និងលើកទឹកចិត្តឱ្យមហាជនចូលរួមអនុវត្ត ក្នុងការវាយតម្លៃទទួលស្គាល់សមត្ថភាព តាមរយៈប្រព័ន្ធវាយតម្លៃទទួលស្គាល់ការសិក្សាដែលមានពីមុន ព្រមទាំងចែករំលែកចំណេះដឹង បទពិសោធន៍ ព័ត៌មានអំពីការសិក្សា និងតម្រូវការទីផ្សារការងារពីសំណាក់វាគ្មិនសំខាន់ៗ បង្ហាញពីសារៈសំខាន់ នៃទំនាក់ទំនងរវាងការអប់រំ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដែលបំពេញគ្នាទៅវិញទៅមកឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ គឺជាព្រឹត្តិការណ៍ និងចលនាជាតិមួយយ៉ាងសំខាន់ក្នុងលើកកម្ពស់រវាងរដ្ឋ និងឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងការលើកទឹកចិត្តដល់យុវជន សិស្ស មាតា បិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំងសាធារណជនទូទៅ ឱ្យចូលរួមកាន់តែច្រើន និងសកម្ម លើការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។

ឧបនាយករដ្ឋមន្រ្តីរំពឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នឹងក្លាយជាកាលានុវត្តន៍ភាពយ៉ាងសំខាន់ថ្មីមួយទៀតក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ ការកាត់បន្ថយភាពក្រីក្រ ជូនដល់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ចេញនូវការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់។ ក្នុងនោះដែរ ការបណ្តុះបណ្តាលជំនាញទៅដល់យុវជននេះត្រូវស្របតាមអភិក្រមរបស់សម្តេចធិបតីគឺ រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ។ ការបណ្តុះបណ្តាលនេះគឺធ្វើយ៉ាងណាឱ្យពលរដ្ឋកម្ពុជា យុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។

គួរបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ នេះ មានការរៀបចំការតាំងបង្ហាញស្នាដៃ ឱកាសសិក្សាជំនាញ ឱកាសការងារ ការធ្វើតេស្តវាយតម្លៃសមត្ថភាព និងមានស្តង់ពិព័រណ៍ចំនួន ១២៥ ដោយមានការចូលរួមពីស្ថាប័នចំនួន ១០៤ ក្នុងនោះមាន ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៣៤ និងក្រុមហ៊ុន គ្រឹះស្ថានឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍន៍ចំនួន ៧០ ព្រមទាំងមានបង្ហាញពីសារៈសំខាន់ នៃការអប់រំ និងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, ផ្សព្វផ្សាយ និងណែនាំអំពីវិស័យ និងមុខជំនាញអាទិភាពដែលទីផ្សារកំពុងមានតម្រូវការខ្ពស់ និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងធ្វើការបណ្តុះបណ្តាល។

សូមជម្រាបជូនថា សាធារណជន អាចចូលរួមទស្សនាស្តង់ពិព័រណ៍ដោយសេរី នៅមជ្ឈមណ្ឌលពិពរណ៍ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:០០ នាទី ដល់ម៉ោង ២០:០០ នាទី៕


-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ