ព័ត៌មានជាតិ
ស្ពានអាកាសភ្លោះទី១ ក្នុងអាណត្តិសម្ដេចធិបតី ត្រូវបានបើកការដ្ឋានសាងសង់ ដែលចាយថវិកាជាង១៦លានដុល្លារ
នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ ស្ពានអាកាសភ្លោះ ដែលបានបើកការដ្ឋានសាងសង់ពេលនេះ ជាស្ពានអាកាសភ្លោះទី១ ក្នុងអាណត្តិដឹកនាំរបស់សម្ដេចធិបតី ដោយចំណាយថវិកាជាង១៦លានដុល្លារ។

តាមរបាយការណ៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នេះ សាងសង់ឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកនៅពេលដែលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។ លោក ឃួង ស្រេង បានលើកឡើងថា មហាវិថីសម្តេចតេជោ ហ៊ុន សែន ត្រូវបានសង់តភ្ជាប់ទៅដល់ព្រលានយន្តហោះថ្មីនេះ ដូច្នេះច្បាស់ណាស់នៅពេលព្រលានយន្តហោះដាក់ឱ្យដំណើរការ ចរាចរណ៍កាន់តែមមាញឹក ហើយនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ អាចនឹងប្រឈមការកកស្ទះ ប្រសិនបើមិនមានស្ពានអាកាសភ្លោះសម្រាប់ឆ្លងកាត់លើផ្លូវជាតិលេខ២ទេនោះ។
ដោយប្រមើលមើលឃើញពីបញ្ហាប្រឈមនេះហើយ ទើបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចឱ្យសាងសង់ស្ពានអាកាសភ្លោះនេះឡើង។

លោកអភិបាលរាជធានីភ្នំពេញ ថា ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
ស្ពានអាកាសភ្លោះនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយគ្រោងប្រើរយៈពេល សាងសង់ចំនួន១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ ដែលជាកញ្ចប់ថវិកាបានមកពីការបង្វែរកញ្ចប់ថវិកាពីគម្រោងសាងសង់ស្ពានអាកាស គង់ សំអុល និងមូលនិធិអភិវឌ្ឍកោះនរា។ ស្ពាននេះ នឹងក្លាយជាស្ពានអាកាស ទី៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ដ៏ម៉ឹងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ «ការយកទីក្រុងចិញ្ចឹមទីក្រុង ឬយកស្លឹកត្នោតខ្ចប់ស្ករត្នោត»។

បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសរង្វង់មូលចោមចៅ និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥។
ក្រៅពីស្ពានអាកាសដែលដាក់ឱ្យប្រើប្រាស់ដូចរៀបរាប់ខាងលើ ក៏នៅមានស្ពានអាកាសមួយទៀតកំពុងសាងសង់ផងដែរ នោះ គឺស្ពានអាកាស «មរតកតេជោ» ដែលជាស្ពានស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ជាមួយមហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ហៅ ផ្លូវ២៧១។ ចំពោះស្ពានអាកាសភ្លោះ នៅចំណុចប្រសព្វ មហាវិថីសម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២នេះ ត្រូវបានលោក ឃួង ស្រេង ស្នើប្រសិទ្ធនាមថា «ស្ពានអាកាសសម្ដេចធិបតី»៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?