ព័ត៌មានជាតិ
កសិករនៅខេត្តសៀមរាប ងាកមកចិញ្ចឹមកង្កែប អាចរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ
ដើម្បីជួយឲ្យជីវភាពរបស់ប្រជាកសិករកាន់តែល្អប្រសើរឡើង និងកាត់បន្ថយចំណាកស្រុក មន្ត្រីជំនាញខេត្តសៀមរាប បានលើកទឹកចិត្តដល់កសិករឲ្យបង្កើនការចិញ្ចឹមកង្កែបបន្ថែមទៀត ព្រោះតម្រូវការទីផ្សារក្នុងស្រុកកំពុងខ្វះកង្កែបសាច់សម្រាប់លក់លើទីផ្សារ។

លោក គង់ គឹមឆាវ ម្ចាស់កសិដ្ឋានចិញ្ចឹមកង្កែបនៅភូមិអង្គ្រង ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានឲ្យដឹងថា លោកមានអាងចិញ្ចឹមកង្កែបចំនួន៤៨អាង អត្រាផលិតកូនពូជបានពី៥ម៉ឺនទៅ១០ម៉ឺនកូនក្នុងមួយខែ។ ម៉្យាងវិញទៀត សហគមន៍កសិកម្មកង្កែបទន្លេសាបក៏មានលទ្ធភាពផលិតកង្កែបសាច់អាចផលិតបាន៥ទៅ៧តោនក្នុង១ខែផងដែរ។ លោកបន្តថា បច្ចុប្បន្នតម្លៃកង្កែបរាងធ្លាក់ចុះបន្តិចដោយពីមុនកង្កែបសាច់អាច់លក់បានក្នុង១គីឡូក្រាម១ម៉ឺនរៀល តែឥឡូវបានត្រឹមតែ៧០០០រៀលតែប៉ុណ្ណោះ ហើយតម្រូវការអ្នកបរិភោគកង្កែបក្នុងខេត្តសៀមរាប មិនគ្រប់គ្រាន់នៅឡើយ ក្នុងនោះក៏មាននាំចូលកង្កែបពីប្រទេសថៃ ថែមទៀតផង។
លោក ហ៊ឹម បូរ៉ា ប្រធានផ្នែកអភិវឌ្ឍន៍វារីវប្បកម្ម នៃខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានឲ្យដឹងថា ជាទូទៅខាងរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប តែងតែជួយបណ្ដុះបណ្ដាលដល់ប្រជាកសិករដែលចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាប ជាញឹកញាប់។ លោកបន្តថា រដ្ឋបាលជលផលតែងតែគិតគូរ និងបានជួយរកទីផ្សារជូនប្រជាកសិករដែលចិញ្ចឹមកង្កែបក្នុងខេត្តសៀមរាបផងដែរ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា បច្ចុប្បន្ននេះ មន្ត្រីជំនាញរបស់មន្ទីរកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ ដោយបានផ្តល់នូវបច្ចេកទេសឲ្យកសិករមានចំណេះជំនាញកាន់តែច្បាស់ក្នុងការចិញ្ចឹមកង្កែបថែមទៀត។

លោកបន្តថា បច្ចុប្បន្ននេះយើងមានបច្ចេកទេសកាន់តែមានភាពងាយស្រួលក្នុងការចិញ្ចឹម ដោយសារពីមុនពិបាកមិនមានដីធំ តែសំរាប់បច្ចេកទេសថ្មីនេះ អាចធ្វើឲ្យកសិករចិញ្ចឹមកង្កែបបាន ទោះមានដីតួចក្តី គឺកសិករប្រើតែតង់ប្លាស្ទិចក្រាលពីក្រោម ហើយអាចដាក់កង្កែបចិញ្ចឹមបានដោយកង្កែបមានលក្ខណៈងាយស្រួលចិញ្ចឹម។ លោកបានបន្ថែមថា កសិដ្ឋានមានដាក់លក់កង្កែប ដែលមាន៣ប្រភេទ គឺកង្កែបសាច់ កង្កែបកូន និងកង្កែបពូជ ខណៈនៅទូទាំងខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមកង្កែបចំនួន៧៦គ្រួសារ និងមានអាងចំនួន៤៦៨។

លោកបញ្ជាក់ថា នៅទូទាំងខេត្តសៀមរាបនេះការចិញ្ចឹមកង្កែប កំពុងតែរកចំណូលបានច្រើនដោយគាត់លក់ជាកង្កែបសាច់ផង ក៏ដូចជាកូនផងសម្រាប់យកទៅបំប៉នបន្ថែម ហើយក៏លក់ជាពូជទៀត គឺគាត់អាចរកចំណូលបានកាន់តែកើនឡើង ហើយទន្ទឹមនោះដែរពេលនេះយើងកំពុងតែលើកទឹកចិត្តក្នុងការចិញ្ចឹមបន្ថែមទៀត៕
អត្ថបទ៖ ជុន កុសល

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់