Connect with us

ព័ត៌មានជាតិ

ថ្ងៃ ៥ សីហា គ្រឿងចក្រ​ជីកព្រែក «ហ្វូណន-តេជោ» នឹង​​បង្ហាញជា​ផ្លូវការ ​​មន្រ្តី​ស្នើ​មហាជន​កុំចែក​ចាយ​​រូបភាពណាគ្មានប្រភពច្បាស់លាស់

បានផុស

នៅ

រូបភាព​កប៉ាល់​​ដ៏​ធំ​មួយ ដែល​​មហាជន​​អះអាង​ថា​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ត្រូវ​បានអ្នក​ប្រើប្រាស់​​បណ្តាញ​សង្គម​ចែក​រំលែក​ត​គ្នា​យ៉ាងផុលផុស​នៅ​ប៉ុន្មានថ្ងៃនេះ។ តែ​​មន្រ្តីក្រសួង​សាធារណការ​និង​​ដឹកជញ្ជូន​ ស្នើ​ពលរដ្ឋ​កុំ​ចែក​ចាយ​ព័ត៌មានឬ​រូបភាព​ណា​ដែល​​គ្មានប្រភព​ច្បាស់់លាស់ នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​​សាធារណ​មតិ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កប៉ាល់ដែលមហាជនអះអាងថាសម្រាប់ជីកព្រែកហ្វូណនតេជោ

លោក ផន រឹម មន្រ្តី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ការ​បន្ត​ចែក​ចាយ​ព័ត៌មាន​ឬ​រូបភាពណាមួយ​​​​គ្មាន​ប្រភព​ច្បាស់​លាស់​និង​មិន​ផ្លូវ​ការ អាច​នាំ​ឲ្យ​មាន​ការ​​យល់​ច្រឡំ​ក្នុង​ចំណោម​សាធារណមតិ។

ពាក់ព័ន្ធ​​​​ការចែកចាយ​រូបភាព​កប៉ាល់ដ៏​ធំមួយ ​ដែល​មហាជនអះអាង​សម្រាប់​ប្រើប្រាស់ក្នុង​គម្រោង​ព្រែកជីកតម្លៃ​រាប់​ពាន់លានដុល្លារ​នេះ លោន ផន រឹម​​ បាន​បញ្ជាក់​ថា គ្រឿងចក្រ​សម្រាប់​ដំណើរការ​ជីកព្រែក «ហ្វូណន-តេជោ» នឹង​ត្រូវ​តាំង​បង្ហាញ និងប្រកាស​នៅថ្ងៃសម្ពោធបើកការដ្ឋានផ្លូវការនៅថ្ងៃទី ០៥ ខែ​សីហា ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​។

ជុំវិញ​សំនួរ​របស់​កម្ពុជាថ្មី តើ​ការបន្ត​​ចែកចាយ​ព័ត៌មាន​គ្មាន​ប្រភព​ច្បាស់​លាស់​នេះ​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​គម្រោង​ឬ​យ៉ាងណា? លោក​ ផន រឹម មិន​បាន​ឆ្លើយតប​នោះ​ទេ ដោយ​លោក​​គ្រាន់តែ​ស្នើ​មហាជនកុំបន្តចែក​រំលែក​​រូបភាពឬ​ព័ត៌មាន​​ណា​​ដែល​គ្មានប្រភព​ត្រឹមត្រូវ​ ហើយ​លោកស្នើ​ឲ្យមហាជន​​រង់ចាំថ្ងៃ​សម្ពោធ​បើកការដ្ឋានជា​ផ្លូវការ​នៅពេល​ខាងមុខ។

​​ថ្មីៗ​នេះ​មាន​ការ​ចែកចាយ​តៗ​គ្នា​ពីរូបភាព​កប៉ាលដ៏​ធំមួយ ​ដែលមតិ​មហាជន​លើក​ឡើង​​សម្រាប់​​ប្រើប្រាស់ក្នុង​គម្រោង​​ជីកព្រែកហ្វូណនតេជោតម្លៃ​ ១៧០០ លាន​ដុល្លារ។

ឧកញ៉ា​បណ្ឌិត​ សុិន​ ចន្ធី​ អគ្គ​នាយក​ក្រុមហ៊ុន​ឡាញហល​អេចប្រេស​ខេមបូឌា​ ជាអ្នក​ជំនាញ​ក្នុង​វិស័យភស្តភាកម្ម​ និង​ ដឹកជញ្ជូន និង​ជា​ប្រធាន​សមាគម​អ្នក​ដឹកជញ្ជូន​ទំនិញ​កម្ពុជាបាន​មើលឃើញ​ថា កាល​ណា​មានការ​ផ្សព្វផ្សាយ​អ្វី​មួយ​មិន​សមស្រប អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​​ដល់​ការ​អនុវត្ត​គម្រោង​របស់​រដ្ឋាភិបាល។

លោក​បានលើកឡើង​ពាក់ព័ន្ធ​ ថ្មីៗ​នេះមានការ​បង្ហោះរូបភាព​កប៉ាល់ដ៏ធំមួយ ដែល​​មិនមាន​ប្រភពបញ្ជាក់ច្បាស់លាស់​មិន​គួរ​ផ្សព្វផ្សាយនោះ​ទេ។ លោក​ស្នើ​ឲ្យ​​មហាជន​មុន​ចែកចាយ​រូបភាព​ព័ត៌មាន​ណាមួយ ត្រូវ​ស្វែង​រក​ប្រភព​​ឲ្យបាន​​​ច្បាស់លាស់​ ចៀសវាង​ការ​ចែក​ចាយ​តៗ​គ្នា​ខុស​ពីការពិត​នាំ​ឲ្យ​មានការ​យល់​ច្រឡំ និង​​អាច​នាំ​ឲ្យប៉ះពាល់​​ដល់​ដំណើការ​នៃ​គម្រោង។

​ប្រមុខ​រដ្ឋាភិបាល​សម្តេច​ធិបធី ហ៊ុន ម៉ាណែត ប្រកាស​នឹង​បើក​ការដ្ឋាន​សាងសង់ គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នៅ​ថ្ងៃ ០៥ សីហា ​ឆ្នាំ ២០២៤។ ការ​ប្រកាស​​នេះ​ធ្វើឡើង​ នៅក្នុងពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការនូវកំពង់ផែ​ពហុបំណងកំពត នៅថ្ងៃទី៦ ខែ​មិថុនា ឆ្នាំ​២០២៤។

ព្រែកជីក​ហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្ររបស់កម្ពុជា ដែលតភ្ជាប់ផ្លូវទឹកសាប ទៅ​កាន់​ផ្លូវទឹក​សមុទ្រ ខណៈ​គម្រោង​ត្រូវ​បាន​រាជរដ្ឋាភិបាល​អនុម័ត​ឲ្យ​អនុវត្ដ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០២៣ កន្លងទៅ។

តាមការសិក្សាគម្រោង​ព្រែក​ជីក​ប្រវត្តិសាស្រ្ត​នេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពី​ចំណុច​ព្រែកតាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង​នៃទន្លេបាសាក់​ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

​ថ្លែង​នៅ​ក្នុង​ជំនួប​ជាមូយ​សមាគម​ឧកញ៉ា​កាលពី​នៅយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ អតីត​នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ដាច់​អហង្ការ​នឹង​ឲ្យ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​សម្រេច​ឲ្យ​បាន​ ទោះ​បី​ត្រូវ​បង់​តម្លៃ​ណា​ក៏​ដោយ។

​សម្តេច​តេជោ បាន​បញ្ជាក់​ថា គម្រោង​ព្រែកជីក​នេះ​ជា​តម្រូវការ​របស់​កម្ពុជា ព្រោះ​ព្រែកជីក​នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន រួមទាំង​ការ​ដឹកជញ្ជូន ការផលិត​ត្រី ជលផល និង​ជីវភាព​រស់នៅ ហើយ​នឹង​អាច​បញ្ចៀស​ទឹកជំនន់​នៅក្នុង​ខេត្តមួយ​ចំនួន​ផង​ដែរ។

ដោយ​មាន​ជំនឿចិត្ត​ថា កម្ពុជា​ត្រូវតែសាងសង់​ព្រែកជីកហ្វូណន-តេជោឱ្យបាន សម្តេច​បាន​លើក​ឡើង​ថា បើទោះបី​ជាកម្ពុជា មិន​អាចរក​ទុនពី​បរទេស​មក​វិនិយោគក្តី ក៏​កម្ពុជា​ត្រូវរក​ទុនក្នុង​ស្រុក​តាម​រយៈ​អ្នកឧកញ៉ា និង​ឧកញ៉ា ដែល​ជាអ្នកមានធនធាន។

សម្តេចតេជោ ហ៊ុន សែន សង្កត់​ធ្ងន់​ថា សម្តេច​នឹង​ឈរជាប់​ជាមួយរាជរដ្ឋាភិបាល គាំទ្រ​រាជរដ្ឋាភិបាល ក្នុងការកៀរគរទុនមកវិនិយោគឱ្យខានតែបាន ព្រោះ​គម្រោងនេះ​ផ្តល់​ប្រយោជន៍​យ៉ាង​ធំធេង​សម្រាប់ប្រជាជនកម្ពុជា។

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុ​ប្រធាន​ទី​មួយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា គម្រោង​ព្រែកជីក​ហ្វូនណន​តេជោ អាច​ធ្វើ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ទំនិញ​ចេញ​ពី​កម្ពុជា​ចំណេញ​ប្រហែល ២០០ ដុល្លារ ទៅ ៣០០ ដុល្លារ ដោយ​មិន​បាច់​ឆ្លង​កាត់​ប្រទេស​វៀតណាម។

លោក ស៊ុន ចាន់ថុល បាន​អះអាង​ថា ទំនិញ​ចេញ​ពី​កម្ពុជា​ជាង ៣០% បាន​ដឹក​ឆ្លង​កាត់​ប្រទេស​វៀតណាម។ អីចឹង​ទេ​ តាម​រយៈ​គម្រោង​ព្រែកជីក​ហ្វូណន​នឹង​សម្រួល​ថ្លៃ​ដឹកជញ្ជូន ធ្វើ​ឲ្យ​កម្ពុជា​មាន​លទ្ធភាព​ប្រកួតប្រជែង​ថ្លៃ​ដឹកជញ្ជូន​ជាមួយ​​ប្រទេស​ជិត​ខាង។

ទាក់ទង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ ដែល​មាន​ការ​ចោទ​ប្រកាន់​ដោយ​មតិ​ជ្រុល​និយម​ថា​ ដើម្បី​សម្រួល​កងទ័ព​ចិន លោក ស៊ុន ចាន់ថុល បាន​ឆ្លើយតប​ថា ជា​ការ​មូល​បង្កាច់​ទាំង​ស្រុង។

លោក​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​កំណត់​ច្បាស់​ហើយ​ថា មិន​អនុញ្ញាត​ឲ្យ​បរទេស​ដាក់​កងទ័ព​ប្រើប្រាស់​ទឹកដី​កម្ពុជា​នោះ​ទេ។

ជាមួយ​គ្នា​នេះ លោក​ក៏​ឆ្លើយតប​មតិ​លើក​ឡើង​ថា​ គម្រោង​ព្រែកជីក​នេះ​ធ្វើ​ឲ្យ​កម្ពុជា​ខាត​បង់​ និង​ប៉ះពាល់​ដល់​បរិស្ថាន​នោះ ជា​ការ​លើក​ឡើង​ដោយ​គ្មាន​មូលដ្ឋាន។

លោក​ថា គម្រោង​ព្រែកជីក​នេះ បាន​សិក្សា​ទាំង​ផល​ប៉ះពាល់​បរិស្ថាន ការ​សិក្សា​លំហូរ​ទឹក​ចេញចូល ផល​ប៉ះពាល់​ចំពោះ​សង្គម និង​ផ្នែក​ផ្លូវ​ច្បាប់។

តាម​ការ​សិក្សា​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ នឹង​ត្រូវ​ចាយ​ថវិកា​សាងសង់​ប្រមាណ ១៧០០ លាន​ដុល្លារ។ តាម​រយៈ​គម្រោង​នេះ​ នឹង​ផ្តល់​អត្ថប្រយោជន៍​ដ៏​មហាសាល​ដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យ​ដឹក​ជញ្ជូន ដូចជា កាត់បន្ថយ​តម្លៃ​ដឹកជញ្ជូន កាត់បន្ថយពេលវេលា​ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការ​កក​ស្ទះ​ចរាចរណ៍ គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​កាត់បន្ថយ​នីតិវិធី​សម្រាប់នាវា និងបែបបទ​ក្នុង​ការ​ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការ​អភិវឌ្ឍន៍​ផែរណប​ថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយ​រំដោះ​ទឹកជំនន់​ក្នុងរដូវវស្សា ជួយ​បង្កើនផលត្រី​ទឹកសាបនៅ​តាមព្រែក អចលនទ្រព្យ និង​ការ​វិនិយោគ​ផ្សេងៗ​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម១៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ១៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា១៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម