ព័ត៌មានជាតិ
កម្ពុជា សិង្ហបុរី ឯកភាពក្នុងការជំរុញកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព
កម្ពុជា និងសិង្ហបុរី បានឯកភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព។ ការឯកភាពនេះ កើតឡើង នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញជួបជាមួយលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅប្រទេសសិង្ហបុរី។ លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានគូសរំលេចអំពីទំនាក់ទំនងដ៏យូរអង្វែងរវាងសិង្ហបុរី-កម្ពុជា ដោយនៅឆ្នាំ២០២៥ខាងមុខនេះ គឺជាខួបលើកទី ៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាពេលនេះ ជាចលករ នៃការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និង រឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅពីសំណាក់ លោកនាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលសិង្ហបុរី ព្រមទាំងបានអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីនៃប្រទេសសិង្ហបុរី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ហើយទស្សនកិច្ចផ្លូវការនេះ នឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ក្នុងឱកាសនៃជំនួបទ្វេភាគីនេះ សមភាគីទាំងពីរក៏បានឯកភាពក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរួម ជាមួយនឹងការគាំទ្រ និងចែករំលែកនូវបទពិសោធន៍លើវិស័យសំខាន់ៗ រួមមាន៖ (១) ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។

ទី២) កិច្ចសហប្រតិបត្តិការជំរុញវិស័យពាណិជ្ជកម្ម និងការវិនិយោគ សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំ ក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។ទី៣) ការបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលរួមការកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។
ទី៤) ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរបានអបអរសាទរចំពោះលទ្ធផល នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីរវាងប្រទេសកម្ពុជា-ឡាវ-សិង្ហបុរី ការបង្កើតនូវក្រុមការងារថ្នាក់រដ្ឋមន្រ្តីនៃប្រទេសទាំងបី និងលើកទឹកចិត្តឱ្យមានការចូលរួមពីភាគីពាក់ព័ន្ធបន្ថែមទៀត និង (៥) កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ សមភាគីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្តូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្តុះបណ្តាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ។

ក្រៅពីនេះ សមភាគីទាំងពីរបានបន្តពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល និងបានចូលរួមជាអធិបតីជាមួយ ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។
មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានអញ្ជើញលោកនាយករដ្ឋមន្រ្តីសិង្ហបុរី មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលសមស្របណាមួយ ព្រមទាំងបានជូនពរលោក និងគណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលសិង្ហបុរី ឱ្យទទួលបានជោគជ័យក្នុងការងារដឹកនាំប្រទេសផងដែរ៕




-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?