ព័ត៌មានជាតិ
ជាង ១០ ឆ្នាំនេះ ដឹងធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុណាខ្លះ លក់ភាគហ៊ុនទៅឲ្យធនាគារបរទេស?
វិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាបានឈានទៅរបត់ថ្មីមួយ ស្របពេលដែលប៉ុន្មានឆ្នាំចុងក្រោយនេះបានក្លាយជាគោលដៅវិនិយោគពីស្ថាប័នហិរញ្ញវត្ថុមកពីក្រៅប្រទេស។
ចរន្តនៃការចូលរួមរបស់ធនាគារបរទេស ក្នុងការចូលទិញភាគហ៊ុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាគឺមានជាបន្តបន្ទាប់រយៈពេលជាង ១០ ឆ្នាំមកនេះ។
ការប្រកាសលក់ភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹតនៅដើមឆ្នាំ ២០២៤ នេះ បង្ហាញពីការបោះជំហានថ្មីមួយទៀតនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា ខណៈវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាត្រូវគេមើលឃើញកំពុងឈានទៅរកកំណើនប្រកដោយភាពរឹងមាំ ភាពធន់ និងនិរន្តរភាព។

ធនាគារ Bank SinoPac ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SinoPac Holdings ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ បានប្រកាសទិញយកភាគហ៊ុនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ១០០ ភាគរយ។
យោងតាមសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន SinoPac Holdings កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត ធ្វើឡើងទៅតាមយុទ្ធសាស្រ្តមួយក្នុងចំណោមយុទ្ធស្រ្តចម្បងទាំង ៤ របស់ក្រុមហ៊ុនដើម្បីបង្កើនប្រាក់ចំណូលនៅបរទេស និងពង្រីកវត្តមានអន្តរជាតិរបស់ក្រុមហ៊ុន។
ការទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជានេះធ្វើឡើងជា ៣ ដំណាក់កាល ដោយដំណាក់កាលទីមួយទិញយក ៨០ ភាគរយក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារអាមេរិក ខណៈដំណាក់កាលទី២ និងទី៣ នឹងទិញយក ១០ ភាគរយដូចគ្នា នៅដំណាច់ឆ្នាំទី១ និងឆ្នាំទី២។
ក្រៅពីអម្រិត នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាមួយចំនួនទៀត បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារបរទេស និងមានគ្រឹះស្ថានហិរញ្ញវត្ថុខ្លះបានរួមបញ្ជូលគ្នាជាមួយធនាគារបរទេស ហើយវិវឌ្ឍន៍ខ្លួនទៅជាធនាគារពាណិជ្ជ។ ជាក់ស្តែង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានលក់ភាគហ៊ុន ១០០% ឱ្យធនាគារកូរ៉េខាងត្បូង គូកមីន។
ធនាគារ KB Kookmin របស់កូរ៉េខាងត្បូងបានទិញភាគហ៊ុន ដែលនៅសល់ទាំងអស់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដើម្បីកាន់កាប់ទាំងស្រុងលើគ្រឹះស្ថានទទួលប្រាក់បញ្ញើមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាមួយនេះ ហើយប្រែក្លាយជាធនាគារពាណិជ្ជ។

បើយោងតាមសារព័ត៌ាមាន The Korea Economic Daily ចុះផ្សាយកាលពីខែមេសា ឆ្នាំ២០២០ ធនាគារ គូកមីន បានទិញភាគហ៊ុនចំនួន ៧០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ និងបានទិញភាគហ៊ុនដែលនៅសល់ទាំងអស់ក្នុងខែតុលា ឆ្នាំ២០២១។
ដោយឡែក ស្ថាបនាដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយទៀតក្នុងប្រទេសកម្ពុជា បង្កើតឡើងដំបូងក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល នៅឆ្នាំ២០១២ បានលក់ភាគហ៊ុនរបស់ខ្លួនទៅឱ្យធនាគារម៉ារ៉ូហាន់ដែលមានម្ចាស់ក្រុមហ៊ុនជាជនជាតិជប៉ុន ហើយក្រោយមកបានបញ្ចូលគ្នាក្លាយជាធនាគារស្ថាបនាភីអិលស៊ី ក្នុងខែមេសា ឆ្នាំ២០១៦ ជាមួយនឹងដើមទុនចុះបញ្ជី ១២០ លានដុល្លារសហរដ្ឋអាមេរិក។

ការរួមបញ្ជូលគ្នារវាងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានេះពុំធ្លាប់មានប្រវត្តិពីមុនមក និងឆ្លងកាត់ការពិគ្រោះយោលបល់ជាច្រើនជាមួយធនាគារជាតិនៃកម្ពុជា និងស្ថាប័នដែលពាក់ព័ន្ធ។
ហត្ថាកសិករគឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយទៀត ដែលបានក្លាយជាធនាគារពាណិជ្ជ ក្រោយពីលក់ភាគហ៊ុនទៅឱ្យធនាគារក្រុងស្រ៊ីរបស់ប្រទេសថៃ និងបានក្លាយទៅជាធនាគារហត្ថានៅក្នុងឆ្នាំ ២០១៦។

ហត្ថាកសិករបានវិវឌ្ឍខ្លួនពីអង្គការឥណទាន និងបានពង្រីកខ្លួនជាបន្តបន្ទាប់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីតនៅឆ្នាំ២០១០ និងជាគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំ។ ឆ្នាំ២០១៦ បានចុះកិច្ចព្រមព្រៀងជាមួយនឹងម្ចាស់ភាគហ៊ុនក្រៅប្រទេសគឺ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារធំជាងគេលំដាប់ទី ៥ នៅប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុធំបំផុតរបស់ប្រទេសជប៉ុន ក្លាយជាធនាគារពាណិជ្ជកម្ម (ធនាគារហត្ថា) នៅឆ្នាំ២០២០។
ចំណែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថក្រេឌីតក៏បានសម្រេចលក់ភាគហ៊ុនឱ្យធនាគារហ្វីលីព និងបានក្លាយជាធនាគារពាណិជ្ជក្រោមស្លាកធនាគារហ្វីលីព ។
ក្រេឌីត បានចាប់ផ្តើមក្នុងនាមជាគម្រោងអង្គការក្រៅរដ្ឋាភិបាលដ៏តូចមួយ ក្រោមជំនួយពីអង្គការ World Relief របស់សហរដ្ឋអាមេរិក ក្នុងឆ្នាំ ១៩៩៣ និងបានផ្លាស់ប្តូរមុខមាត់ក្នុងរយៈពេល ២៧ ឆ្នាំ ទៅជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា ដោយមានបេសកកម្មស្នូលមួយក្នុងការគាំទ្រការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈសេវាហិរញ្ញវត្ថុរបស់ខ្លួន និងកម្មវិធីសង្គមដើម្បីជួយដល់ប្រជាជនដែលងាយរងគ្រោះ។

ការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព (Phillip Bank) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) បង្កើតឲ្យមានបណ្តាញសាខាធនាគារពាណិជ្ជដ៏ធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រកាសព័ត៌មានពីស្ថាប័នទាំងពីរ នៅថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២០។
ជាមួយគ្នានេះ កាលពីឆ្នាំ ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វីសិនហ្វាន់ ក៏ប្រកាសលក់ភាគហ៊ុនទៅឱ្យធនាគារ អ៊ូរី របស់ប្រទេសកូរ៉េខាងត្បូង។ ការប្រកាសលក់ភាគហ៊ុនទាំងស្រុងទៅឲ្យធនាគារ អ៊ូរី ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ក្នុងតម្លៃមួយមិនត្រូវបានបង្ហាញជាសាធារណៈនោះទេ។

វិសិនហ្វាន់ (ខេមបូឌា) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៣ ដែលជាបណ្តាញសកលរបស់អង្គការគ្រឹស្តបរិស័ទមួយឈ្មោះ ទស្សនៈពិភពលោកអន្តរជាតិ (World Vision International) ដែលផ្តោតខ្លាំងលើការផ្តល់កម្ចីខ្នាតតូច ឬកម្ចីសម្រាប់អតិថិជនជាក្រុមដល់ប្រជាជនតាមតំបន់ជនបទ។
នៅឆ្នាំ ២០១៨ ស្ថាប័នមីក្រូហិរញ្ញវត្ថុចំណាស់មួយទៀតដែលកើតតាំងពីទស្សវត្សរ៍ ១៩៩០ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ បានក្លាយជាផ្នែកមួយនៃធនាគារ Shanghai Commercial & Savings Bank ក្រោយសម្រេចលក់ភាគហ៊ុនចំនួន ៨០ ភាគរយ ទៅឲ្យធនាគារ The Shanghai Commercial & Savings Bank, Ltd. (SCSB) ដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិន។ ការទិញលក់នេះ ទទួលបានការយល់ព្រមពីធនាគារជាតិនៃកម្ពុជា (NBC) ខណៈតម្លៃនៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញនោះទេ។

យោងតាមការចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់គ្រឹះស្ថានហិរញ្ញវត្ថុអេអឹមខេ ឆ្នាំ ២០១៧ ទ្រព្យសកម្មរបស់ អេ អឹម ខេ មានតម្លៃ ២៨២,៨ លានដុល្លារ។
ដោយឡែកនៅឆ្នាំ ២០១៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសាមិក ក៏បានលក់ប្រតិបត្តិការទាំងមូលរបស់ខ្លួនឲ្យធនាគារ NongHyup Bank ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង។ បន្ទាប់ពីការទិញភាគហ៊ុន សាមិកត្រូវបានដាក់ឈ្មោះទៅជា NongHup Finance Cambodia។

ជាមួយគ្នានេះដែរ ធនាគារ ANZ Royal ដែលបានឈរជើងជាង ១០ ឆ្នាំ ប្រតិបត្តិការហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា បានសម្រេចលក់ភាគហ៊ុនរបស់ខ្លួន ៥៥% ដែលជាភាគហ៊ុនរបស់ធនាគារ ANZ Group នៅអូស្ត្រាលី ទៅឲ្យធនាគារធំមួយរបស់ជប៉ុន គឺ JTrust។ ការចុះហត្ថលេខាទិញលក់ភាគហ៊ុននេះធ្វើឡើងកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨។
បើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារ JTrust ភាគហ៊ុន ៥៥% ដែលបានទិញពីធនាគារ ANZ Royal នោះ មានតម្លៃជាទឹកប្រាក់សរុបជាង ៨២,៤ លានដុល្លារអាមេរិក។

ធនាគារ JTrust ក៏បានប្រកាសដែរថា បន្ទាប់ពីទទួលបានភាគហ៊ុន ៥៥% របស់ ANZ Royal ឈ្មោះធនាគារ ANZ Royal ក៏នឹងត្រូវធ្វើការផ្លាស់ប្ដូរថ្មីផងដែរ។
ធនាគារ ANZ Royal ត្រូវបានវិនិយោគរួមគ្នាដោយធនាគារ ANZ Group ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ជាមួយនឹងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង ដែលក្នុងនោះភាគហ៊ុនរបស់ធនាគារ ANZ Group មាន ៥៥% និង ក្រុមហ៊ុន Royal Group មាន ៤៥%។ ការលក់ភាគហ៊ុននេះ គឺលក់តែភាគហ៊ុនរបស់ ANZ Group ៥៥% ប៉ុណ្ណោះ ខណៈដែលក្រុមហ៊ុន Royal Group នៅតែមានភាគហ៊ុនរបស់ខ្លួន ៤៥% នៅក្នុងធនាគារ ANZ Royal ដដែល។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានមើលឃើញថា ការទិញភាគហ៊ុនពីស្ថាប័នហិរញ្ញវត្ថបរទេស មិនត្រឹមតែជួយនាំទុនវិនិយោគពីបរទេសមកកាន់កម្ពុជានោះទេ ប៉ុន្តែថែមទាំងនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់អភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត។
ប្រាប់កម្ពុជាថ្មីតាមតេឡេក្រាម លោកកត់សម្គាល់ថា ស្ថាប័នហិរញ្ញវត្ថុមកពីប្រទេសកូរ៉េ និងប្រទេសជប៉ុនឈានមុខគេ ក្នុងការវិនិយោគវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា
កន្លងមកដោយសារប្រទេសកូរ៉េនិងជប៉ុន មានការរីកចម្រើនលើបច្ចេកវិទ្យា ហើយវិស័យហិរញ្ញវត្ថុក៏មានស្ថិរភាពល្អ ទើបធ្វើឲ្យវិនិយោគិនប្រទេសទាំងពីរមើលឃើញឱកាសពង្រីកការវិនិយោគនៅប្រទេសកម្ពុជា។ នេះបើតាមលោក កាំង តុងងី។
លោក កាំង តុងងី បានអះអាងដូច្នេះថា ប្រទេសជឿនលឿនដូចជប៉ុន កូរ៉េ ពលរដ្ឋមានជីវភាពធូធារច្រើន ការប្រើប្រាស់កម្ចីតាមធនាគារមានតិច ហើយអត្រាការប្រាក់បានទាប ទើបធ្វើឲ្យប្រទេសកម្ពុជាមានសក្តានុពលទាក់ទាញវិនិយោគិនពីក្រៅមកវិនិយោគលើវិស័យហិរញ្ញវត្ថុ។
បើតាមន្រ្តីអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុរូបនេះ វត្តមានរបស់ស្ថាប័នហិរញ្ញវត្ថុពីបរទេសកាន់តែច្រើន បាននាំទុនជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ថែមទាំងធ្វើឲ្យវិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានភាពប្រកួតប្រជែងគ្នា។
បើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ២០២៣ ប្រព័ន្ធធនាគារនៅកម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៨, ធនាគារឯកទេស ៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៤, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨៣, គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ ១៦, គ្រឹះស្ថានឥណទានជនបទ ១១៤, អ្នកដំណើរការតតិយភាគី ៦, គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៣ ,ក្រុមហ៊ុនចែករំលែកប្រព័ន្ធព័ត៌មានឥណទាន ១, ការិយាល័យតំណាងធនាគារបរទេស ៥ និងអាជីវកម្មប្តូរប្រាក់ ២ ៩២៨ កន្លែង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍៤ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថាក់ស៊ីនដែលកំពុងឡើងប្រជាប្រិយភាពត្រូវហាមចូលកម្ពុជានិងទៅកាន់វៀតណាម