ព័ត៌មានជាតិ
មន្ទីរពេទ្យគន្ធាបុប្ផា ជួយជីវិតកុមារ ជាង ១ លានករណី ក្នុង ១ ឆ្នាំ ចំណាយជាង ៤២ លានដុល្លារ
បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា នាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៣ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលការព្យាបាលជំងឺជូនកុមារជាង ១ លានករណី ហើយក្នុងនោះមន្ទីរពេទ្យត្រូវចំណាយថវិកានៅក្នុងរង្វង់ជាង ៤២ លានដុល្លារ នៅក្នុង ១ឆ្នាំ ដើម្បីបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក កុមារ និងស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ។

ការថ្លែងនេះ ធ្វើឡើងនៅក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ ក្នុងសន្និសីទសារព័ត៌មានផ្សព្វផ្សាយពីវឌ្ឍនភាពយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា។

បណ្ឌិត ចន ណារិទ្ធ បានលើកឡើងថា គ្រាន់តែឆ្នាំ២០២៣ ការពិនិត្យព្យាបាលកុមារ ឬ “ការពិនិត្យខាងក្រៅ” ដែលអាចមកពិនិត្យហើយអាចត្រឡប់ទៅសម្រាកនៅផ្ទះវិញ មានប្រមាណជាង ៨៩០ ៩០០ ករណីហើយ នៅក្នុងនោះផងដែរ មានដែលអ្នកបញ្ជូនឱ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៨០ ៤០០ ករណីបន្ថែមទៀត អាចនិយាយបានថាចំនួននេះក៏ស្ថិតនៅក្នុងចំនួនខាងលើផងដែរ។ តួលេខទាំងអស់ហើយយើងបូកសរុបបញ្ចូលគ្នាបានចំនួនសរុបប្រមាណជាង ១ ០០៦ ០០០ ករណី។

នាយកប្រតិបត្តិ នៃមូលនិធិគន្ធបុប្ផាកម្ពុជា រូបនេះបានបន្តថា សម្រាប់មន្ទីរគន្ធបុប្ផានៅខេត្តសៀមរាប គឺមានសេវាផ្នែកសម្ភព (ពិនិត្យផ្ទៃពោះ និងសេវាសម្រាលទារក) ជាសេវាកម្មមួយដែលមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ មិនទាន់មាននៅឡើយ។ ខណៈមន្ទីរពេទ្យគន្ធបុប្ផា ដែលនៅជាប់ព្រះបរមរាជវាំង ក៏មានការទទួលសេវាកម្មព្យាបាលមានលក្ខណៈពិសេសលើសពីកុមារបន្តិច ដោយសារតែអ្នកជំងឺដែលធ្លាប់សម្រាកព្យាបាលមានជំងឺទឹកនោមផ្អែមពីកុមារ និងជំងឺមហារីកឈាម។

បណ្ឌិត ចន ណារិទ្ធ បានបញ្ជាក់ថា៖ សម្រាប់ប្រចាំឆ្នាំនេះ គឺមន្ទីរពេទ្យមានការចំណាយក្នុងរង្វង់ប្រមាណជា ៤២ លានដុល្លារ អាចបូកដកខ្លះអាស្រ័យទៅលើឆ្នាំ ថាតើមានភាពធ្ងន់ធ្ងរ នៃប្រភេទជំងឺណាមួយដែរ ឬទេ តួយ៉ាងដូចជាជំងឺគ្រុនឈាមដែលកើតឡើងចន្លោះពេល ៣ ទៅ ៤ ឆ្នាំម្ដង ដែលមានការកើនឡើងខ្លាំង នាំឱ្យការចំណាយក៏មានការប្រែប្រួលទៅតាមនោះ។

មូលនិធិគន្ធបុប្ផាកម្ពុជា បាន និងបន្តការខិតខំអំពាវនាវ ដើម្បីកៀរគរថវិកាបរិច្ចាគពីសមាជិកបច្ចុប្បន្ន ព្រមទាំងបំផុសការបរិច្ចាគពីសប្បុរសជនទូទៅបន្ថែមទៀត តាមរយៈសកម្មភាពផ្សេងៗ ដូចជាការជំរុញការបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំក្រសួង-ស្ថាប័ន, រដ្ឋបាលរាជធានី-ខេត្ត និងក្រុមហ៊ុនឯកជន ការបង្កើនការផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន និងសង្គម ការធ្វើបទបង្ហាញនៅតាមសមាគមធុរកិច្ច និងបណ្តាគ្រឹះស្ថានឧត្តមសិក្សា នៅតាមបណ្តារាជធានី-ខេត្ត ការដាក់បដារមូលនិធិនៅតាមទីសាធារណៈ និងការបន្តរៀបចំយុទ្ធនាការកៀរគរការបរិច្ចាគនានា ដូចជា ការរៀបចំកម្មវិធីដើរដើម្បីកុមារកម្ពុជា កម្មវិធីប្រកួតកីឡាបាល់ទាត់ កម្មវិធីប្រកួតវាយសី កម្មវិធីជិះកង់ដើម្បីកុមារកម្ពុជា និងកីឡាផ្សេងៗទៀត ការប្រគំតន្រ្តីដើម្បីភាពញញឹមកុមារ និងយុទ្ធនាការជាច្រើនទៀត ដោយមានកិច្ចសហការពីបណ្តាក្រសួងស្ថាប័ន ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន។

គួរបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យកុមារដែលត្រូវបានបង្កើត និងដាក់ឱ្យដំណើរការឡើងវិញ កាលពីឆ្នាំ១៩៩២ ដោយបានព្យាបាលកុមាររាប់លាននាក់ និងចំណាយថវិកាជាមធ្យម ៤០លានដុល្លារអាមេរិក ក្នុង១ឆ្នាំៗ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្គ្រោះជីវិតកុមារនៅកម្ពុជា ដោយឥតគិតថ្លៃប្រកបដោយគុណភាព និងមិនមានការរើសអើង។ ចំពោះ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល ២២ថ្ងៃនេះ ប្រមូលបានថវិកា ២,៧២ លានដុល្លារ ពីសប្បុរសជនចំនួន ១៧ លាននាក់ នៅទូទាំងប្រទេសកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ