Connect with us

ព័ត៌មានជាតិ

ស្រុកបន្ទាយស្រី រៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនដល់ប្រជាជន

បានផុស

នៅ

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកបន្ទាយស្រី និងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន នៅសាលាស្រុកបន្ទាយស្រី ដោយមានអ្នកចូលរួមសរុបជាង២០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានចាត់ទុកការផ្សព្វផ្សាយនេះថាជាសារដ៏មានសារៈសំខាន់បំផុតដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសស្រទាប់យុវជនជាសិស្សានុសិស្ស ព្រោះថាបញ្ហាគ្រឿងញៀននៅ តែជាកត្តាប្រឈម និងក្តីកង្វល់របស់គ្រួសារ និងសង្គមជាតិ។

លោកវរសេនីយ៍ទោ ហាក់ សំអឿន នាយករងការិយាល័យប្រឆាំងគ្រឿងញៀនបានពន្យល់និងបកស្រាយថា គ្រឿងញៀន គឺជាកំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី ។ ដរាបណាការចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅតែកើតទ្បើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិ ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗទៀតជាច្រើន។

ចំណែកលោក លឹម ភក្តី ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តមានប្រសាសន៍ថា គ្រឿងញៀន គឺជាអន្ទាក់ដែលមានគ្រោះថ្នាក់ សម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្ដល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍ និងសង្គមជាតិ ។ លោក បញ្ជាក់ថា យើងទាំងអស់គ្នាត្រូវចាំថា គ្រឿងញៀនមិនមែនជាឱសថសម្រាប់ជួយបំបាត់ទុក្ខព្រួយ ឬជួយឱ្យរៀនពូកែ ជួយលើកកម្លាំងអ្វីនោះទេ។ ផ្ទុយទៅវិញការប្រើប្រាស់គ្រឿងញៀននាំឱ្យខូចសុខភាព បង្កបញ្ហាដល់គ្រួសារ ដល់សង្គម និងខុសច្បាប់ហើយនាំឱ្យខូចអនាគតទៀតផង។

លើសពីនេះ លោក លឹម ភក្តី បានសំណូមពរដល់ឪពុកម្ដាយ ឬអាណាព្យាបាល ត្រូវចេះតាមដានសកម្មភាពកូន ទាំងអត្តចរិក ទាំងការសិក្សា ហើយប្រសិនបើមានការសង្ស័យ ឬដឹងថាកូនរបស់ខ្លួន ប្រើប្រាស់គ្រឿងញៀន គួរតែសហការ និងរាយការណ៍ជូនអាជ្ញាធរ ឬសមត្ថកិច្ចមូលដ្ឋាន ដើម្បីមានវិធានការទប់ស្កាត់ ហើយ សិស្សានុសិស្ស ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន ជាពិសេសត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនទៅជាមិត្តល្អ សិស្សិល្អ កូនល្អ និងដើម្បីធ្វើជាទំពាំងដ៏ល្អ ស្នងឫស្សីនាពេលអនាគត៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម