ព័ត៌មានជាតិ
ការវិនិយោគកាន់តែច្រើនរបស់វិនិយោគិនជប៉ុននៅកម្ពុជា បង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែល្អប្រសើររវាងប្រទេសទាំង២
ដំណើរការនយោបាយតែងតែផ្សារភ្ជាប់ជាមួយនឹងដំណើរការសេដ្ឋកិច្ច។ ជាក់ស្តែងណាស់ នាពេលបច្ចុប្បន្ននេះ កម្ពុជា និងជប៉ុន កំពុងមានទំនាក់ទំនងទ្វេភាគីដ៏ល្អដែលទំនាក់ទំនងនេះបានចេញផ្លែផ្កាទាំងផ្នែកនយោបាយ ការទូត និងជាពិសេស គឺផ្នែកសេដ្ឋកិច្ច។ តាមរយៈសន្តិភាព ស្ថេរភាពនយោបាយ និងទំនាក់ទំនងដ៏ល្អ វិនិយោគិនជប៉ុនជាច្រើនបាន និងកំពុងវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា ខណៈវិនិយោគិនជាច្រើនទៀត ក៏កំពុងសម្លឹងឃើញពីសក្កានុពលនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ ពិសេស នៅក្នុងវិស័យកសិកម្ម។
កម្ពុជា និងជប៉ុន មានទំនាក់ទំនងទេ្វភាគីនឹងគ្នាប្រមាណជា៧០ឆ្នាំមកហើយ ពោល គឺកម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតផ្លូវការនៅក្នុងឆ្នាំ១៩៥៣។ អស់រយៈពេល៧០ឆ្នាំមកនេះ កម្ពុជា និងជប៉ុន បានឆ្លងកាត់ប្រវត្តិទំនាក់ទំនងការទូតដ៏យូរ និងមានលក្ខណៈស្មុគស្មាញ។ កម្ពុជា បានធ្លាក់ចូលនៅក្នុងសង្រ្គាមស៊ីវិលជាច្រើនឆ្នាំដែលនាំឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែ ជានាមជាមិត្តភក្តិយូរឆ្នាំនឹងគ្នា ជប៉ុន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកម្ពុជាឱ្យងើបដើរឡើងវិញនៅដើមឆ្នាំ១៩៩០។ មានន័យថា អ្វីដែលកម្ពុជា មាននាពេលបច្ចុប្បនេះ ក៏មានចំណែកចូលរួមពីសំណាក់ប្រទេសជប៉ុនផងដែរ។
មកដល់ឆ្នាំ២០២៣ គឺគម្រប់ខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ប្រទេសទាំង២បានសហការគ្នារៀបចំប្រារព្ធអបអរសាទរខួបអនុស្សាវរីយ៍នេះយ៉ាងអធិកអធម។ ឆ្នាំដ៏ពិសេសនៃទំនាក់ទំនងទ្វេភាគីនេះ ក៏ឆ្នាំដ៏ពិសេសសម្រាប់ប្រទេសកម្ពុជាដែរ នោះ គឺកម្ពុជា មាននាយករដ្ឋមន្រ្តីថ្មីវ័យក្មេង និងពោរពេញដោយថាមពល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ នៅឆ្នាំដដែលនេះ ក្នុងនាមជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា សម្តេចធិបតី បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងបន្ថែមផង និងដើម្បីទាក់ទាញវិនិយោគិនជប៉ុនវិនិយោគបន្ថែមផងនៅក្នុងប្រទេសកម្ពុជា។ និយាយពីបញ្ហាទំនាក់ទំនងទ្វេភាគី ឆ្នាំ២០២៣ គឺជាឆ្នាំដ៏ពិសេសទាំងសម្រាប់ជប៉ុន និងទាំងសម្រាប់កម្ពុជា នោះ គឺទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាកម្រិតល្អប្រសើរបំផុតនៃទំនាក់ទំនងរវាងប្រទេសទាំង២។
ទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ទាំងពេលកន្លងមក ក៏ដូចពេលបច្ចុប្បន្ននេះ បានបើកច្រក និងបានផ្តល់ឱកាសដល់វិនិយោគិនជប៉ុនមកវិនិយោគនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងៗបន្ថែមទៀត។ ត្បិតថា នៅក្នុងឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន បានធ្លាក់ចុះបន្តិចបន្តួចក្តី ប៉ុន្តែ នៅក្នុងឆ្នាំ២០២៤នេះ ការធ្វើពាណិជ្ជកម្ម ក៏ដូចជា ការវិនិយោគរបស់ជប៉ុន ហាក់មានភាពល្អប្រសើរ។ សម្រាប់ប្រទេសកម្ពុជា ជប៉ុន គឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៥ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ប្រទេសវៀតណាម និងប្រទេសថៃ។
បច្ចុប្បន្ន ជប៉ុន មានគម្រោងវិនិយោគសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជា រួមមាន វិស័យបង្គុំរថយន្ដ បរិក្ខារបច្ចេកទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្នុងនោះ វិស័យកែច្នៃគ្រាប់ស្វាយចន្ទីក៏កំពុងទទួលបានការចាប់អារម្មណ៍វិនិយោគខ្លាំងពីសំណាក់ក្រុមហ៊ុនជប៉ុន។ ជាក់ស្តែង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រុមហ៊ុនជប៉ុន MIRARTh Green Tech បានបើកសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំដែលមានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីប្រមាណ១ ៥០០តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុន MIRARTh Green Tech បានប្តេជ្ញាខ្ពស់ក្នុងការជួយលើកស្ទូយវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា និងមានបំណងចង់កែច្នៃគ្រាប់ស្វាយចន្ទីនេះ មិនត្រឹមតែសម្រាប់ជាម្ហូបអាហារប៉ុណ្ណោះទេ តែក៏ចង់បំលែងទៅជាថាមពលជីវម៉ាសនាពេលដ៏ខ្លីខាងមុខនេះថែមទៀតផង។
ការវិយោគរបស់ក្រុមហ៊ុន MIRARTh Green Tech ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតរបស់ជប៉ុននៅកម្ពុជានេះ ជាផ្នែកមួយគាំទ្រដល់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ដែលផ្តោតសំខាន់លើផ្នែកសេដ្ឋកិច្ច និងវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេស។ សម្រាប់កម្ពុជា មិនមែនតែក្រុមហ៊ុនMIRARTh Green Techទេ ក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ក៏រាជរដ្ឋាភិបាល បានលើកទឹកចិត្ត និងចង់ឱ្យមកវិនិយោគឱ្យបានច្រើនៅក្នុងប្រទេសកម្ពុជា។
ការមកវិនិយោគច្រើនៗឡើងរបស់ក្រុមហ៊ុនជប៉ុននៅក្នុងប្រទេសកម្ពុជា គឺបង្ហាញឱ្យឃើញពីភាពជឿជាក់ និងមានជំនឿចិត្តរបស់អ្នកវិនិយោគជប៉ុន ហើយសម្រាប់ប្រទេសទាំង២វិញ គឺបង្ហាញពីភាពកាន់តែស្និតស្នាល និងទំនាក់ទំនងកាន់តែល្អប្រសើរឡើង។ អាចនិយាយបានថា អ្នកវិនិយោគជប៉ុនមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ទំនាក់ទំនងប្រទេសទាំង២ កាន់តែប្រសើរ។ កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាក់បានគូសបញ្ជាក់ឱ្យដឹងហើយថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណតិ្តរបស់សម្តេចចំពោះប្រទេសជប៉ុន គឺត្រូវរក្សាដូចអាណត្តិមុនៗដដែល ពោល គឺបន្តរក្សានិរន្តរភាព និងសង្គតិភាពនូវទំនាក់ទំនងដែលមានស្រាប់ ហើយបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់តែរឹងមាំបន្ថែមទៀត៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៧ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម